28 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ថា​ជប៉ុន​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ដែល​គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា អះអាង​ថា ជំនួប​រវាង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami បង្ហាញ​ថា រដ្ឋាភិបាល​ជប៉ុន​នៅតែ​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​ប្រឆាំង​ដែល​គ្មាន​ទោស​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ជំនួប​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ជាមួយ​បណ្តា​អង្គទូត​នៃ​ប្រទេស​នានា​រហូត​មក​មាន​បំណង​តែ​មួយ​គត់ គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​សេរីភាព​ឱ្យ​លោក កឹម សុខា ឡើងវិញ ដើម្បី​ឱ្យ​គាត់​អាច​ចូលរួម​សកម្មភាព​នយោបាយ ជាពិសេស​គឺ​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា មូលហេតុ​ដែល​បណ្តា​អង្គទូត​នៃ​ប្រទេស​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​នៅតែ​បន្ត​ឱ្យ​តម្លៃ​លើ​លោក កឹម សុខា គឺ​ដោយសារតែ​គេ​ដឹង​យ៉ាង​ច្បាស់​ថា សំណុំរឿង​ដែល​រដ្ឋាភិបាល​បាន​ចោទ​គាត់​អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ គឺជា​រឿង​នយោបាយ មិន​មែន​ជា​រឿង​ស្វែងរក​យុត្តិធម៌ និង​ជា​ផែនការ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

លោក​បន្ត​ថា ការ​អូស​បន្លាយ​សវនាការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ល្មម​គ្រប់គ្រាន់​ជា​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ចេតនា​នយោបាយ​របស់​អ្នក​ចោទ​ប្រកាន់ ខណៈ​តុលាការ​កម្ពុជា​ត្រូវ​គេ​រិះគន់​ថា​ជា​ស្ថាប័ន​ដែល​លម្អៀង និង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច​រហូត​មក។

នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​មួយ​ចំនួន​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami និង​ពិភាក្សា​អំពី​គោលជំហរ​នយោបាយ​របស់​លោក​ទៅ​ថ្ងៃ​មុខ។

លោក កឹម សុខា លើកឡើង​ថា ទាំង​មេដឹកនាំ​រដ្ឋ​បរទេស និង​មេដឹកនាំ​ខ្មែរ ប្រាកដជា​យល់ និង​ស្គាល់​នូវ​ចេតនា អាកប្បកិរិយា និង​សកម្មភាព​របស់​លោក​ដែល​ប្រកាន់​នូវ​គោលការណ៍​អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​ប្រទូសរ៉ាយ​ដល់​សង្គម​ជាតិ ឬ​មនុស្ស​ជាតិ ជាពិសេស​មិន​បង្ក​ការ​ឈឺចាប់​ដល់​ពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា សូម្បីតែ​ការ​បង្ក​ជម្លោះ​បុគ្គល និង​គ្រួសារ​ក៏​លោក​មិន​ដែល​ធ្វើ​ដែរ។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​នេះ តុលាការ​មិន​បាន​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ តុលាការ​បាន​បិទ​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​ទាំងអស់​កាលពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ទុក​ឱកាស​ឱ្យ​មេធាវី​ការពារ​ក្តី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ជុំវិញ​សំណុំរឿង​របស់​លោក ដែល​នឹង​ត្រូវ​បើក​សវនាការ​ម្តង​ទៀត​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស