41.3 C
Phnom Penh

លោក កឹម សុខា៖ ប្រទេស​ណា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺ​ប្រទេស​នោះ​គ្មាន​សន្តិភាព​ពិតប្រាកដ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា បើ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺចាប់ បង្ហាញ​ថា​ប្រទេស​នោះ​គ្មាន​សន្តិភាព​ពិត។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព លោក កឹម សុខា បាន​លើកឡើង​ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា គុណ​តម្លៃ​នៃ​សិទ្ធិមនុស្ស គឺ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ ហើយ​វា​ក៏​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​មាន​តាំង​ពី​កំណើត​ដែល​មនុស្ស​គ្រប់​រូប​ត្រូវការ​ជា​ចាំបាច់។

លោក​អះអាង​ថា ការ​ផ្ទុះ​សង្គ្រាម​លើ​ពិភពលោក​កន្លងមក គឺជា​ទង្វើ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​សកល ដែល​នាំ​ឲ្យ​មនុស្ស​មាន​ការ​ឈឺចាប់ ដូច្នេះ​ការ​លើកឡើង​ពី​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ខ្លះ​ដែល​មាន​កា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពី​សំណាក់​អង្គការ​សហប្រជាជាតិ មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ លើក​ទី​៧៤ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ក្រោម​ប្រធានបទ «រួម​គ្នា​អនុវត្ត​សិទ្ធិ​យើង ដើម្បី​ចូលរួម​ការ​អភិវឌ្ឍ»។

អង្គការ​សមាគម​ទាំងនោះ​អះអាង​ថា នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​នៅតែ​មាន​ការ​រឹតត្បិត គាប​សង្កត់ សម្លុត គំរាមកំហែង បំភិតបំភ័យ​លើ​សេរីភាព​របស់​ពលរដ្ឋ​នៅឡើយ។ ជាក់ស្តែង ដូចជា​ការ​រំខាន​លើ​សហគមន៍​នៅ​ពេល​ពួកគេ​ទៅ​ចូលរួម​សកម្មភាព​ផ្សេងៗ​ជាមួយ​អង្គការ​សមាគម និង​សហជីព​នានា។ ជាង​នេះ​ទៀត ការ​ជួប​ប្រជុំ​របស់​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទួល​រង​នូវ​ការ​រឹតត្បិត និង​រារាំង​ពី​សំណាក់​រដ្ឋអំណាច​មូលដ្ឋាន​មួយ​ចំនួន​ជា​ប្រចាំ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​រំលោភ​ច្បាប់​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ខួប ១១​ឆ្នាំ​នៃ​ក្រុមហ៊ុន មីនីបៀ ថា សិទ្ធិ​នានា​ដូចជា​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​អប់រំ សិទ្ធិ​នយោបាយ រហូត​ដល់​ការ​អនុវត្ត​ប្រជាធិបតេយ្យ ជាដើម គឺ​មិន​អាច​អនុវត្ត​ក្រោម​គ្រាប់កាំភ្លើង​បាន​ទេ ដូច្នេះ​ការ​ថែរក្សា​សន្តិភាព​សម្រាប់​កម្ពុជា គឺជា​កត្តា​សំខាន់ និង​ចម្បង​លើ​សិទ្ធិ​អ្វីៗ​ទាំងអស់។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ដែល​មាន​ពលរដ្ឋ​ចូលរួម​ជាង ១​ពាន់​នាក់ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy ជំរុញ​ឱ្យ​កម្ពុជា​ធានា​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​រួម​មាន​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ សិទ្ធិ​សេរីភាព​សមាគម សហជីព សេរីភាព សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​សិទ្ធិ​ធ្វើ​នយោបាយ ជាដើម។

លោក Patrick Murphy លើកឡើង​ថា អ្នក​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិមនុស្ស​គួរតែ​ត្រូវ​បាន​គោរព និង​លើក​ទឹកចិត្ត ខណៈ​ជន​ទាំងឡាយ​ណា​ដែល​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស គួរតែ​ត្រូវ​បាន​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់។

លោក​បន្ថែម​ថា សិទ្ធិ​សេរីភាព​ទាំងនេះ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រមទាំង​ដើម្បី​ឱ្យ​កម្ពុជា​មាន​ស្ថិរភាព និង​ការ​រីក​ចម្រើន​ជា​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ជុំវិញ​ការ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ក្នុង​ឆ្នាំ​២០២២ នេះ បើ​ទោះបីជា​នៅ​ខេត្ត​មួយ​ចំនួន​មាន​ការ​ជួយ​សម្រួល​ពី​អាជ្ញាធរ​ក៏ដោយ ប៉ុន្តែ​ខេត្ត​ខ្លះ អាជ្ញាធរ​នៅតែ​បន្ត​រឹតត្បិត និង​បង្ក​សកម្មភាព​គំរាមកំហែង​ដល់​អ្នក​ចូលរួម​ដដែល ដូចជា​ការ​តាម​ថតរូប​នៅ​ពេល​ប្រារព្ធ​ពិធី ជាដើម។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា បើក​ទូលាយ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស