30 C
Phnom Penh

តើ​របប​លោក ពូទីន អាច​ត្រូវ​ដាក់​ជា​របប​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អ៊ុយក្រែន​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ១០​ខែ​ទៅ​ហើយ។ វិនាសកម្ម​ដ៏​ខ្លោចផ្សា​បំផុត​កើត​មាន​ពាសពេញ​ទឹកដី​អ៊ុយក្រែន។ ប្រជាជន​អ៊ុយក្រែន​ស្លាប់​បាត់បង់​ជីវិត និង​ស្លាប់​ដោយសារ​ជំងឺ​តម្កាត់​ផ្សេងៗ ដោយសារតែ​សហគមន៍​របស់​ពួកគេ​រស់នៅ​ដោយ​រង​ការ​បំផ្លាញ​ពី​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។

មន្ទីរពេទ្យ សាលារៀន មជ្ឈមណ្ឌល​កម្សាន្ត​របស់​កុមារ សុទ្ធតែ​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។ បន្ថែម​ពី​នេះ នៅ​ពេល​រដូវ​ត្រជាក់​កំពុងតែ​មក​ដល់ រុស្ស៊ី​បាន​បាញ់​មីស៊ីល​ស្រោច​ចូល​ទៅ​ទឹកដី​អ៊ុយក្រែន បំផ្លាញ​ប្រព័ន្ធ​ចរន្ត​អគ្គិសនី និង​ប្រព័ន្ធ​កម្ដៅ​ទឹក​ក្ដៅ​របស់​ប្រទេស​នេះ ដែល​ជួយ​ផ្តល់​កម្ដៅ​នៅ​ពេល​រដូវ​ត្រជាក់​មក​ដល់។

ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​អនុម័ត​ដាក់​របប​រុស្ស៊ី​ជា​របប​ភេរវកម្ម និង​ប្រល័យ​ពូជសាសន៍។

គេ​ពុំ​ទាន់​ដឹង​ថា ប្រជាជន​អ៊ុយក្រែន​មក​ដល់​ពេលនេះ​ស្លាប់​ពិតប្រាកដ​ចំនួន​ប៉ុន្មាន​ម៉ឺន​នាក់​នោះ​ទេ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រជាជន​អ៊ុយក្រែន​ស្លាប់​ដោយសារតែ​គ្រាប់​មីស៊ីល​របស់​ប្រទេស​រុស្ស៊ី និង​ស្លាប់​ដោយសារតែ​ធ្លាក់​ខ្លួន​ឈឺ ហើយ​មិន​អាច​រក​មន្ទីរពេទ្យ​ព្យាបាល​ទាន់​ពេលវេលា​នោះ​មាន​ចំនួន​កើនឡើង​ជាង ២​ម៉ឺន​នាក់។

សាកសព​ខ្លះ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កប់​សព​ដែល​កងទ័ព​រុស្ស៊ី​វាយ​យក​បាន​ពី​អ៊ុយក្រែន ដូចជា​នៅ​ទីក្រុង​ម៉ារីយ៉ូប៉ុល នៅ​ភាគ​ខាងជើង​ទីក្រុង​គៀវ នៅ​តំបន់​ខាគៀវ និង​តំបន់​ឃឺសុន ជាដើម ដែល​មាន​រណ្ដៅ​កប់​សព​រាប់​រយ​រណ្ដៅ​ត្រូវ​បាន​អាជ្ញាធរ​អ៊ុយក្រែន​គាស់​រក​ឃើញ សុទ្ធតែ​សាកសព​របស់​ជន​ស៊ីវិល។

សាកសព​ទាំងនោះ​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់ ហើយ​ក្នុង​នោះ​ក៏​មាន​កុមារ​ផង​ដែរ។ រដ្ឋអាជ្ញា​ប្រទេស​អ៊ុយក្រែន បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា នៅ​ពេលនេះ​កងទ័ព​រុស្ស៊ី​បាន​ក្លាយ​ទៅ​ជា​ជនឧក្រិដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​សម្លាប់​ជាតិ​សាសន៍​អ៊ុយក្រែន គឺ​មាន​ផែនការ​ចង់​បំបាត់​ជាតិ​សាសន៍​មួយ​នេះ។

ក្រុម​រដ្ឋអាជ្ញា​អ៊ុយក្រែន ដែល​សហការ​ជាមួយ​រដ្ឋអាជ្ញា​នៃ​តុលាការ អាយស៊ីស៊ី (ICC) ក៏​បាន​រក​ឃើញ​ស្ត្រី​ខ្លះ​ត្រូវ​បាន​រំលោភ​មុន​ពេល​ពួក​ទាហាន​រុស្ស៊ី​បាញ់​សម្លាប់ គឺ​ដូច​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​គៀវ។

ឥឡូវ​នេះ រដ្ឋអាជ្ញា​របស់​អ៊ុយក្រែន​បាន​កំពុង​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី ដើម្បី​បញ្ជូន​ទៅ​កាន់​អង្គការ​សហប្រជាជាតិ ឲ្យ​បើក​មហាសន្និបាត​ករណី​ការ​សម្លាប់​រង្គាល និង​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ចរន្ត​អគ្គិសនី​របស់​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ប្រជាជន​រាប់​លាន​នាក់​រស់នៅ​ពឹង​ចរន្ត​អគ្គិសនី ដើម្បី​ជួយ​បន្ថយ​ភាព​ត្រជាក់​ក្នុង​រដូវ​ត្រជាក់​នេះ។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា ប្រជាជន​អ៊ុយក្រែន​សឹងតែ​ពាក់កណ្ដាល​ប្រទេស​បាន​បាត់បង់​ចរន្ត​អគ្គិសនី​នៅពេល​នេះ ហើយ​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារតែ​ភាព​ត្រជាក់​ខ្លាំង​ពេក​ធ្លាក់​មក​ដល់​ជាមួយ​នឹង​ការ​មិន​មាន​ឡ​កម្ដៅ​ក្នុង​ផ្ទះ។

លោក​ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ដំណោះស្រាយ​មួយ គឺ​ដាក់​របប​នៃ​ទីក្រុង​មូស្គូ នៅ​ពេល​បច្ចុប្បន្ន​នេះ​ឱ្យ​ទៅ​ជា​របប​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។

បើ​តាម​ដំណឹង​មក​ថា សហភាព​អឺរ៉ុប និង​សមាជិក​ប្រទេស​ផ្សេងៗ​ទៀត​នៃ​សហភាព​អឺរ៉ុប បាន​អនុម័ត​ហើយ​តាមរយៈ​សភា​របស់​ពួកគេ ដោយ​ដាក់​រុស្ស៊ី​បច្ចុប្បន្ន​នេះ​ជា​រដ្ឋ​ភេរវកម្ម និង​ប្រល័យ​ពូជសាសន៍។

ចំណែក​សហរដ្ឋ​អាមេរិក​វិញ គឺ​រដ្ឋការ​របស់​លោក បៃដិន (Joe Biden) បាន​ហៅ​របប​លោក ពូទីន (Vladimir Putin) គឺជា​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ជា​ភេរវកម្ម​រួច​ទៅ​ហើយ។

គេ​រំពឹង​ថា តំណាង​អ្នក​ការទូត​បស្ចិម​ប្រទេស​នៅ​អង្គការ​សហប្រជាជាតិ នឹង​រុញ​ឲ្យ​មាន​មហាសន្និបាត​ថ្មី​មួយ​ទៀត​ស្តីអំពី​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ឈាន​ទៅ​ដល់​ការ​ប្រើ​ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​រុស្ស៊ី និង​របប​លោក ពូទីន។

កន្លងមក មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​ថ្កោលទោស​របប​លោក ពូទីន ដែល​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន និង​ថ្កោលទោស​របប​លោក ពូទីន បាញ់​គ្រាប់​មីស៊ីល​ស្រោច​ទៅ​លើ​ទឹកដី​អ៊ុយក្រែន ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ ដែល​បណ្ដាល​ឲ្យ​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​រង​ទុក្ខ​វេទនា​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

បន្ថែម​លើ​នេះ មហាសន្និបាត​បាន​ហៅ​ការ​វាយប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​សហគមន៍​ជន​ស៊ីវិល​អ៊ុយក្រែន ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដ៏​អាក្រក់​បំផុត។

ដូច្នេះ មាន​សំណួរ​ចោទ​សួរ​ថា តើ​របប​លោក ពូទីន បច្ចុប្បន្ន​នេះ​អាច​ត្រូវ​មហាសន្និបាត​អនុម័ត​ដាក់​ជា​របប​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិ​សាសន៍​អ៊ុយក្រែន​ដែរ​ឬ​ទេ?

យ៉ាងណា អ្នកជំនាញ​ផ្នែក​ច្បាប់​មើល​ឃើញ​ថា គេ​អាច​យក​របប​លោក ពូទីន ទៅ​ប្រឈមមុខ​នៅ​តុលាការ អាយស៊ីស៊ី (ICC) ឬ អាយស៊ីជេ (ICJ) គឺ​អាស្រ័យ​ទៅ​លើ​រុស្ស៊ី​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស