បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (MACLELOGISTICCAMBODIA Co.,Ltd) ហៅក្រុមហ៊ុន ៩៧ កំពុងកាប់បំផ្លាញឈើក្នុងតំបន់ការពារព្រៃឡង់ ដោយជួលកម្មករឲ្យកាប់ឈើនៅក្នុងតំបន់ព្រៃឡង់យកទៅលក់ឲ្យពួកគេក្នុងមួយថ្ងៃពី ៥០ ទៅ ៦០គោយន្ត។
ប្រជាសហគមន៍បានធ្វើការសម្ភាសន៍ជាមួយកម្មកររបស់ក្រុមហ៊ុន ដោយក្រុមកម្មករទាំងនោះអះអាងថា ពួកគេត្រូវបានមេការក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ទូរស័ព្ទហៅឲ្យមកកាប់ឈើនៅក្នុងតំបន់ព្រៃឡង់យកទៅលក់ឲ្យពួកគេ ដោយគិតតម្លៃសេវាក្នុងមួយម៉ែត្រគីប ៤០ម៉ឺនរៀល។
ប្រជាសហគមន៍ ឲ្យដឹងទៀតថា ក្រុមកម្មករទាំងនោះបានលើកឡើងថា ពួកគេមិនភ័យខ្លាចជាមួយមន្ត្រីរបស់ក្រសួងបរិស្ថាននោះឡើយ ដោយពួកគេសំអាងថា មេការរបស់ក្រុមហ៊ុនបានបង់ប្រាក់ប្រចាំខែទៅឲ្យមន្ត្រីជំនាញទាំងនោះអស់រួចទៅហើយ។
ប្រធានសម្របសម្រួលខេត្តព្រះវិហារ លោក ស្រី ថី បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ក្រុមរបស់លោកនៅតែបន្តចូលល្បាតព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដដែល ដោយលោកសំអាងថា ព្រៃឈើទាំងនេះជាទ្រព្យសម្បត្តិសល់ពីដូនតារបស់លោក។
លោកបានបន្តទៀតថា រូបលោកបន្តប្រមូលពលរដ្ឋដែលរស់នៅជាប់តំបន់ព្រៃឡង់ខេត្តព្រះវិហារ ចូលរួមល្បាតព្រៃមួយនេះ ទោះបីជារូបលោករងនូវការគំរាមកំហែងពីមន្ត្រីជំនាញរបស់ក្រសួងបរិស្ថានយ៉ាងណាក៏ដោយ។
លោកអំពាវនាវដល់យុវជន និងពលរដ្ឋទាំងអស់ ឲ្យចូលរួមការពារព្រៃឈើនៅតំបន់ព្រៃឡង់ទាំងអស់គ្នា។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថា រដ្ឋាភិបាលនៅតែគ្មានឆន្ទៈក្នុងការការពារព្រៃឈើនៅកម្ពុជា ដោយលោកមើលឃើញថា មន្ត្រីរបស់រដ្ឋាភិបាលជាអ្នកនៅពីខាងក្រោយនៃការកាប់ឈើខុសច្បាប់ទាំងអស់នេះ។ លោកថា អ្នកទាំងនោះសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្រុមរកស៊ីឈើទាំងអស់នោះ។
លោកបានបន្តថា លោកគ្មានជំនឿទៅលើមន្ត្រីរបស់រដ្ឋាភិបាលទៀតនោះទេ ហើយលោកអំពាវនាវឲ្យពលរដ្ឋ យុវជនទាំងអស់សហការគ្នាធ្វើយ៉ាងណារួមគ្នាការពារព្រៃឈើសម្បត្តិជាតិតទៅទៀត។
ជុំវិញករណីកាប់ឈើទាំងនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនទាន់អាចសុំការបកស្រាយពីលោក សុង ចាន់សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងតំណាងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។
យោងតាមលិខិតលេខ ៥៥-៥៥ កសក. ចុះថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមមូឌា) បង់ថ្លៃសួយសារអាករជូនរដ្ឋ និងកាប់ប្រមូលឈើក្នុងអនុតំបន់១ អនុតំបន់២ និងអនុតំបន់៤ នៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអិនធី ខូអិលធីឌី ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
កន្លងមក បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន ២១នាក់ បានចុះស៊ើបអង្កេត ឃ្លាំមើលពីស្ថានភាពបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ក្នុងពេលចុះល្បាតនោះ ពួកគេបានជួបប្រទះជនល្មើសជាកម្មករ និងមេការរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ហៅក្រុមហ៊ុន ៩៧ សរុបចំនួន ២០នាក់ និងគោយន្តចំនួន ១០គ្រឿង បន្តចូលទៅអារ និងដឹកជញ្ជូនឈើក្នុងតំបន់ដែនអភិរក្សព្រៃឡង់នៅចំណុចប្រសព្វគ្នាបីខេត្ត មានខេត្តកំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ដោយសេរី ហើយមិនញញើតមន្ត្រីបរិស្ថាននោះឡើយ៕