28.4 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ថា​មិន​មាន​មន្ត្រី​ជាន់ខ្ពស់ CPP ណា​ម្នាក់​ហ៊ាន​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា​អ្នក​ដែល​ចង់​ជីក​រំលើង​ឫសគល់​ត្រកូល ហ៊ុន ទាល់តែ​ពួកគេ​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន​សិន ខណៈ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ជីក​រំលើង​ឫសគល់​ត្រកូល ហ៊ុន ដែរ។

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា អ្នក​ដែល​ដាក់​ផែនការ​កម្ទេច​ត្រកូល ហ៊ុន គឺជា​កំហុស​ផ្នែក​យុទ្ធសាស្ត្រ​នយោបាយ​មួយ​យ៉ាង​ធំ​សម្រាប់​ពួកគេ ព្រោះ​ថា​ត្រកូល ហ៊ុន បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​បើ​ពួកគេ​ចង់​ផ្តួល​ត្រកូល ហ៊ុន ទាល់តែ​ពួកគេ​យក​ឈ្នះ​បក្ស​កាន់​អំណាច​ជា​មុន​សិន។

មេដឹកនាំ​នយោបាយ​ប្រជាភិថុតិ​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គិត​ខ្លី​រហូត​ដល់​ថ្នាក់​ចង់​កម្ទេច​ជីវិត​នយោបាយ​ខ្លួនឯង ដោយ​ការ​ដាក់​ផែនការ​កម្ទេច​ត្រកូល ហ៊ុន នោះ​ឡើយ សូម្បី​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ក៏​មិន​មាន​បំណង​ដណ្តើម​អំណាច​ពី​ត្រកូល ហ៊ុន ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​គំរាម​សម្លាប់​ពលរដ្ឋ​ខ្មែរ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ត្រកូល ហ៊ុន ជា​អ្នក​ដឹកនាំ ខ្លួន​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​នឹង​ផល​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ឡើយ ព្រោះ​ថា​កម្ពុជា​គឺជា​រដ្ឋ​ឯករាជ្យ​មិន​ត្រូវការ​ការ​ត្រួត​ណា​មួយ​ពី​បរទេស​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​ការ​ព្រមាន​មេដឹកនាំ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​អ្នក​ដែល​អាច​ប្រជែង​អំណាច​ជាមួយ​ត្រកូល ហ៊ុន ពិតប្រាកដ គឺ​មាន​តែ​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ខ្លួនឯង​ទេ។

លោក​បន្ថែម​ថា ក្រុម​ប្រឆាំង ឬ​អ្នកវិភាគ​គ្មាន​កម្លាំង​ច្រើន​នៅ​ក្នុង​ស្រុក​ដូច​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ ដែល​កំពុង​សម្ងំ​នៅ​ផ្ទៃក្នុង​បក្ស​របស់​ពួកគេ​នោះ​ឡើយ។

លោក ម៉ែន ណាត លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហគមន៍​អឺរ៉ុប នៅ​ពេល​នេះ គ្មាន​ផល​ចំណេញ​សម្រាប់​ជាតិ​ទេ គឺ​មាន​តែ​បំផ្លាញ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​បដិសេធ​ទទួល​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដោយ​ប្រើ​លេស​ថា​ដើម្បី​ការពារ​អធិបតេយ្យភាព​កម្ពុជា គ្រាន់តែ​ជា​ការ​បិទ​បាំង​ដើម្បី​ការពារ​អំណាច​របស់​គាត់​សម្រាប់​បន្ត​ក្នុង​វង្ស​ត្រកូល​ខ្លួនឯង​តែប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បន្ត​ផែនការ​ផ្ទេរ​អំណាច​ឱ្យ​បាន​សម្រេច លោក ហ៊ុន សែន គ្មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រើ​អំណាច​គំរាម​អ្នក​ដែល​ប្រឆាំង​នឹង​គាត់​ឡើយ ហើយ​ទង្វើ​បែប​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​ចង់​បាន​របស់​សហគមន៍​អឺរ៉ុប ដែល​គេ​តែង​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ ប៉ុន្តែ​បើ​ធ្វើ​តាម​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប ផែនការ​ផ្ទេរ​អំណាច​របស់​ត្រកូល ហ៊ុន នឹង​ត្រូវ​បរាជ័យ ដូច្នេះ​គាត់​មាន​តែ​លះបង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បក្ស​កាន់​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​បាន​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជាក់ស្តែង​នៃ​ស្ថាប័ន​ទាំងនេះ​យ៉ាង​ណែន ដើម្បី​បង្កើត​របប​យោធា​ត​ត្រកូល​របស់​ខ្លួន ជាជាង​បង្កើត​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​ក្លាយ​ឲ្យ​ទៅ​ជា​របប​យោធា​ត​វង្ស​ត្រកូល​មិន​អាច​ប្រកែក​បាន ក្រោយ​ពេល​លោក ហ៊ុន សែន សម្រេច​តែងតាំង​កូន​ខ្លួនឯង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នង​អំណាច​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស