26 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​ថ្មីៗ​បន្លំ​ភ្នែក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថា​ក្រុម​ឧក្រិដ្ឋជន​បង្កើត​វិធី​ជួញដូរ​មនុស្ស​តាម​របៀប​ថ្មីៗ ដោយ​ប្រើប្រាស់​អាជីវកម្ម​បន្លំ​ភ្នែក​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើង​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ នេះ ស្ថានភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ ដោយ​អត្រា​នៃ​បទល្មើស​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២១ បើ​ទោះបីជា​ឧក្រិដ្ឋជន​បាន​ធ្វើ​សកម្មភាព​ថ្មីៗ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្រៅពី​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ក៏ដោយ។

រដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «រួម​គ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព» នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាលពី​ថ្ងៃ​ចន្ទ ទី​១២ ធ្នូ។

ក្នុង​ពិធី​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឱ្យ​មន្ត្រី​រាជការ អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ខិតខំ​តាមដាន​បាតុភាព និង​បទល្មើស​ផ្សេងៗ ដើម្បី​ទប់ស្កាត់​មូលហេតុ​រួម​ផ្សំ​ដែល​នាំ​ឲ្យ​មាន​អំពើ​ជួញដូរ​មនុស្ស និង​ការ​រំលោភ​បំពាន​ផ្សេងៗ និង​ត្រូវ​រួម​គ្នា​លុបបំបាត់​ការ​ធ្វើ​អន្តោប្រវេសន៍​ដែល​គ្មាន​សុវត្ថិភាព ខុស​ច្បាប់ និង​ការងារ​ខុស​ច្បាប់ ជាដើម។

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​មេខ្លោង​ជួញដូរ​មនុស្ស និង​គ្រឿងញៀន រួម​ទាំង​ស៊ើប​អង្កេត​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជុំវិញ​ការ​លាង​លុយកខ្វក់ ជាដើម ដើម្បី​ទាញ​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ។ លោក​សង្កត់​ធ្ងន់​ថា ការ​បង្ក្រាប​បទល្មើស​មួយ​បាន​ជោគជ័យ លុះត្រាតែ​វែក​រក​មុខ​មេខ្លោង ហើយ​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា ដើម្បី​ឱ្យ​កម្ពុជា​ចេញ​ផុត​ពី​បញ្ជី​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រកប​ដោយ​តម្លាភាព ចៀសវាង​នូវ​ការ​អនុវត្ត​តែ​ទៅ​លើ​ឈ្មួញ​ដែល​ជា​ជនរងគ្រោះ ខណៈ​ឧក្រិដ្ឋជន​ដែល​ជា​ម្ចាស់​នៃ​បទល្មើស​នេះ នៅតែ​រួច​ផុត​ពី​ទោស​ទណ្ឌ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សេរី​ក្រៅ​ច្បាប់​ដដែល។

លោក សេក សុជាតិ លើកឡើង​ថា ការ​សង្ស័យ​អំពី​ការ​ឃុបឃិត​រវាង​ឈ្មួញ​ធំៗ​ដែល​គ្រប់គ្រង​លើ​បណ្ដាញ​នៃ​ការ​ជួញដូរ​មនុស្ស​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ ខណៈ​ជនល្មើស​ទាំងនោះ​បាន​ប្រើ​មន្ត្រី​ដែល​ឃុបឃិត​ជាមួយ​ខ្លួន​ធ្វើ​ជា​ខ្នងបង្អែក​សម្រាប់​ការពារ​ខ្លួន​ពួកគេ​ពី​ផ្លូវ​ច្បាប់​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ដោយ​ចាត់​កម្ពុជា​ចូល​ទៅ​ក្នុង​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​ក្នុង​កម្រិត​៣ (Tier 3 Watch List) នៃ​ការ​ជួញដូរ​មនុស្ស។ របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជធានី-ខេត្ត​ទាំង ២៥ របស់​ប្រទេស​កម្ពុជា គឺជា​ប្រភព​នៃ​ការ​ជួញដូរ​មនុស្ស​ទាំងអស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស