30 C
Phnom Penh

អ្នកជំនាញ​ថា​ចិន​បរាជ័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​ព្រមាន​ថា​អាច​ស្លាប់​ជាង​២​លាន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ពិភពលោក​កំពុង​ឈាន​ទៅ​រក​ការ​បិទ​បញ្ចប់​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ជាមួយ​នឹង​ការ​ប្រើ​វ៉ាក់សាំង​មាន​គុណភាព មាន​ប្រសិទ្ធភាព ដូចជា​វ៉ាក់សាំង​របស់​អាមេរិក Johnson & Johnson Pfizer និង Moderna វ៉ាក់សាំង​អង់គ្លេស AstraZeneca វ៉ាក់សាំង​អាល្លឺម៉ង់ BioNTech រួម​នឹង​វ៉ាក់សាំង​ឥណ្ឌា Covishield និង Covaxin។ ចំណែក​នៅ​ប្រទេស​ចិន មាន​ការ​ហក់​ឡើង​ខ្លាំង​នូវ​ការ​ឆ្លង​ជំងឺ​ប្រភេទ​នេះ​កាន់តែ​រាលដាល។

ការ​ពិត ចិន​ជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ​នេះ​ដំបូង​គេ​ដែល​វា​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំ​២០១៩ ដោយ​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​វូហាន ហើយ​ចិន​ជា​ប្រទេស​ដែល​បាន​រក​ឃើញ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​មុនគេ​ផង​ដែរ។

វ៉ាក់សាំង​របស់​ចិន មាន ២​ប្រភេទ គឺ Sinovac និង Sinopharm។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​អ្នកជំនាញ​នៅ​អាមេរិក និង​អឺរ៉ុប ចាត់ទុក​ថា​មាន​ប្រសិទ្ធភាព​ទាប​បំផុត ហើយ​ងាយ​នឹង​ចុះ​ខ្សោយ។

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​អាមេរិក និង​អឺរ៉ុប កំពុង​សម្រុក​ចាក់​វ៉ាក់សាំង គឺ​ប្រទេស​ចិន ប្រកាស​ថា​ប្រជាជន​របស់​ខ្លួន​ដែល​មាន​ជាង ១៤០០​លាន​នាក់ បាន​ចាក់​សឹង​គ្រប់​គ្នា​អស់​ទៅ​ហើយ ក្នុង​នោះ ម្នាក់ៗ​បាន​ចាក់ ៣​ដង​ទៅ ៤​ដង​ទៀត​ផង។

ចិន​ជា​ប្រទេស​ដែល​ហាម​ក្រុមហ៊ុន​ឱសថ​របស់​ខ្លួន​នាំចូល​វ៉ាក់សាំង​ពី​ខាងក្រៅ​ចូល​មក​ក្នុង​ប្រទេស​នេះ។ មិន​តែប៉ុណ្ណោះ ប្រទេស​ធំ​នេះ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ផ្ដល់​ជំនួយ និង​ចែកចាយ​វ៉ាក់សាំង​លក់​ទៅ​កាន់​ប្រទេស​ក្រីក្រ​ទៀត​ផង ប៉ុន្តែ​ចិន មិន​អនុញ្ញាត​ឱ្យ​នាំចូល​វ៉ាក់សាំង​ពី​អឺរ៉ុប និង​អាមេរិក​នោះ​ទេ។

ឥឡូវ​នេះ​នៅ​ប្រទេស​ចិន នៅ​បន្ត​ផ្ទុះ​ជំងឺ​នេះ​ជា​ខ្លាំង ចំណែក​នៅ​ទីក្រុង​ប៉េកាំង​វិញ ដែល​ជា​តំបន់​ប្រមូលផ្ដុំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ចិន គឺ​ទីក្រុង​នេះ​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​ជា​ខ្លាំង។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC តួលេខ​ផ្លូវការ​នៃ​សញ្ញា​ឆ្លង​រាលដាល​កូវីដ-១៩ បាន​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង ជាពិសេស​នៅ​ទីក្រុង​ប៉េកាំង។ ជាង​នេះ​ទៀត ប្រជាជន​ភាគច្រើន​ដែល​ធ្វើ​តេស្ដ​ខ្លួនឯង គឺ​ពួកគេ​ត្រូវ​ផ្ដល់​សិទ្ធិ​មិន​ចាំបាច់​បញ្ជូន​លទ្ធផល​ប្រាប់​អាជ្ញាធរ​ទៀត​នោះ​ទេ។

បើ​ដូចនេះ គេ​គិត​ថា​ចំនួន​ករណី​វិជ្ជមាន​កូវីដ-១៩ អាច​មាន​ច្រើន​ជាង​តួលេខ​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ចិន ដែល​ប្រកាស​រាល់​ថ្ងៃ។

ទោះបីជា​មាន​ការ​រីក​រាលដាល​ក៏ដោយ ក៏​រដ្ឋាភិបាល​ចិន សម្រេច​លុបចោល​គោល​នយោបាយ​កូវីដ​សូន្យ​ដែល​អនុវត្ត​បាន ៣​ឆ្នាំ​មក​នេះ។ ការ​ទម្លាក់​ចោល​វិធានការ​នេះ បន្ទាប់ពី​ប្រជាជន​ផ្ទុះ​បាតុកម្ម​ជាច្រើន​ខេត្ត​ក្រុង​ប្រឆាំង​នឹង​វិធានការ​នេះ ខណៈ​មនុស្ស​ស្លាប់ ១០​នាក់​ដោយសារ​អគ្គិភ័យ ព្រោះ​តែ​អាជ្ញាធរ​ចាក់​សោ​របង និង​ចាក់​សោ​ផ្ទះ​មិន​ឱ្យ​ពួកគេ​ចាកចេញ​ពី​ផ្ទះ។ ហេតុការណ៍​នេះ​កើត​នៅ​ខេត្ត​ស៊ីនជាំង កាលពី​ប៉ុន្មាន​សប្ដាហ៍​កន្លងមក​នេះ។

ក្រោយ​ការ​ចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​ទាំងនេះ អ្នកជំនាញ​សុខាភិបាល​ជាច្រើន​បារម្ភ​ថា ករណី​ឆ្លង​កូវីដ​នៅ​ចិន ប្រាកដជា​ហក់​ឡើង​ទប់​មិន​ជាប់ ហើយ​អាច​ធ្វើ​ឲ្យ​មាន​អ្នកជំងឺ​ឈឺ​ធ្ងន់​ដែល​នាំ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​ចិន គ្មាន​លទ្ធភាព​ទប់ទល់​នោះ​ទេ។

ក្រុម​អ្នកជំនាញ​នៃ​ការិយាល័យ​វិភាគ​ទិន្នន័យ​សុខាភិបាល Airfinity នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ព្យាករ​ថា ក្នុង​រវាង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ចិន​អាច​នឹង​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ-១៩​ជាង ២​លាន​នាក់។

ការិយាល័យ​វិភាគ​ទិន្នន័យ​នេះ​អះអាង​ថា ប្រជាជន​ចិន​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ទន់ខ្សោយ​ណាស់ ព្រោះ​ភាគច្រើន​លើសលប់​នៃ​ប្រជាជន​ចិន មិន​ធ្លាប់​ឆ្លង​កូវីដ ហើយ​ក៏​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​ទៀត ដែល​ពួកគេ​ភាគច្រើន​អាច​មិន​ទុកចិត្ត​ចំពោះ​វ៉ាក់សាំង​របស់​ចិន។ ពួកគេ​កំពុង​រង់ចាំ​ការ​ចាក់​វ៉ាក់សាំង​របស់​អាមេរិក និង​បស្ចិម​ប្រទេស នៅ​ពេល​ណា​រដ្ឋាភិបាល​ចិន​បើក​ឱ្យ​ក្រុម​ឱសថ​នាំចូល​មក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន។

អ្នកជំនាញ​របស់​អង់គ្លេស ព្រមាន​ថា ករណី​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​ចិន អាច​ហក់​ឡើង​ខ្ពស់​ចំពោះ​មនុស្ស​ដែល​គ្មាន​ប្រព័ន្ធ​ការពារ​សុខភាព​ខ្លាំងក្លា ហើយ​ម្យ៉ាង​ពួកគេ​មិន​បាន​ចាក់​វ៉ាក់សាំង​សូម្បី​តែ​មួយ​ដង។

កត្តា​សំខាន់ គឺ​ពួកគេ​មិន​ទុកចិត្ត​វ៉ាក់សាំង​របស់​ចិន ហើយ​មិន​ទុកចិត្ត​វ៉ាក់សាំង​របស់​ប្រទេស​ផ្សេង​ទៀត។ អ្នកជំនាញ​ទទួលស្គាល់​ថា វ៉ាក់សាំង​របស់​ចិន ប្រសិនបើ​ចាក់​ឲ្យ​បាន​គ្រប់​ចាប់ពី ៣​ដូស​ឡើង​ទៅ គឺ​អាច​ទប់ទល់​មិន​ឲ្យ​អ្នកជំងឺ​ឈឺ​ធ្ងន់​បាន។

តែ​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Yale រក​ឃើញ​ថា វ៉ាក់សាំង​ចិន ៣​ដូស​ឡើង​ទៅ​អាច​កាត់បន្ថយ​ករណី​ស្លាប់​មិន​ឲ្យ​មាន​ច្រើន តែ​ចិន​ត្រូវតែ​បើក​ឱ្យ​ប្រជាជន​ខ្លួនឯង​ចាក់​វ៉ាក់សាំង​របស់​ក្រុម​បស្ចិម​ប្រទេស​នៃ​ប្រភេទ​វ៉ាក់សាំង ARN ដើម្បី​ឲ្យ​ប្រជាជន​ខ្លួន​មាន​ប្រព័ន្ធ​ការពារ​សុខភាព​រឹងមាំ និង​យូរ​អង្វែង​អាច​ទប់ទល់​កូវីដ-១៩​បាន។

តែ​យ៉ាងណា រដ្ឋាភិបាល​ចិន​បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​សុខាភិបាល​គ្រប់​ជាន់​ថ្នាក់​នៅ​តាម​ខេត្ត​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស ត្រូវតែ​ផ្សព្វផ្សាយ​ណែនាំ​ប្រជាជន​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្នា។ ជាង​នេះ​ទៀត ចំណុច​ខ្សោយ​មួយ​របស់​ចិន​នោះ គឺ​កម្រិត​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ របស់​ខ្លួន​ដែល​មាន​កម្រិត​គុណភាព​ប្រសិទ្ធភាព​ទាប​បំផុត អាច​នាំ​ទៅ​រក​ការ​ឆ្លង​យ៉ាង​ងាយ ហើយ​មនុស្ស​ដែល​សុខភាព​ខ្សោយ​ងាយ​នឹង​គ្រោះថ្នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស