40.9 C
Phnom Penh

កម្ពុជា​គ្រោង​សង់​រូបសំណាក​រំលឹក​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង​និង​ខ្មែរ​ធ្លាប់​រួម​គ្នា​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​រូបសំណាក​ដ៏​ធំ​ដែល​បង្ហាញ​ពី​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង និង​កម្ពុជា ដែល​ធ្លាប់​រួម​គ្នា​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ដែល​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩២៥ ឡើងវិញ​បន្ទាប់ពី​ខ្មែរក្រហម​បាន​វ៉ៃ​កម្ទេច​ចោល​ក្នុង​ឆ្នាំ​១៩៧៧។

លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅ​ក្នុង​ទីក្រុង​ប៉ារីស នៅ​ក្នុង​ជំនួប​ទ្វេភាគី​នៅ​ក្នុង​វិមាន​រដ្ឋាភិបាល​បារាំង អេលីហ្សេ កាលពី​យប់​ថ្ងៃទី​១៣ ខែ​ធ្នូ ថា លោក​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​រូបសំណាក​មិត្តភាព​នេះ​ឡើងវិញ​ហើយ។ លោក​ថា រូបសំណាក​ដែល​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​រវាង​បារាំង និង​កម្ពុជា នឹង​ដាក់​បញ្ឈរ​នៅ​ទល់​មុខ​ស្ថានទូត​បារាំង​តែម្ដង។

លោក​ថា រូបសំណាក​នេះ​គឺជា​រូបសំណាក​តំណាង​ឱ្យ​មិត្តភាព​កម្ពុជា-បារាំង ដែល​បង្ហាញ​ពី​សាមគ្គីភាព​រវាង​យុទ្ធជន​បារាំង និង​កម្ពុជា ដែល​ធ្លាប់​រួម​គ្នា​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១។ រូបសំណាក​នេះ​ត្រូវ​បាន​កសាង​នៅ​ក្នុង​ឆ្នាំ​១៩២៥ ដើម្បី​ឧទ្ទិស​ដល់​យុទ្ធជន​ពលី​នៅ​ក្នុង​សង្គ្រាម ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ហៅ​រូបសំណាក​នេះ​ថា​ជា​រូបសំណាក «រូប​ពីរ»។

លោក ហ៊ុន សែន អះអាង​ថា ៣​ថ្ងៃ​មុន​លោក​មក​ដល់​ទីនេះ កម្ពុជា​បាន​រក​ឃើញ​រូបសំណាក​មួយ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ​១៩២៥ ហើយ​ត្រូវ​បាន​ខ្មែរក្រហម​វ៉ៃ​កម្ទេច​ចោល​ក្នុង​ឆ្នាំ​១៩៧៧។ លោក​ថា លោក​បាន​យល់ព្រម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម​រួច​ហើយ​ថា​នឹង​កសាង​រូបសំណាក​នេះ​ឡើងវិញ ដែល​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​រវាង​បារាំង និង​កម្ពុជា ហើយ​ដាក់​នៅ​ទល់​មុខ​ស្ថានទូត​បារាំង​តែម្ដង។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​កសាង​ស្តូប​រូប​ពីរ​ឡើងវិញ គឺ​បង្ហាញ​ពី​តម្លៃ​សាមគ្គីភាព តម្លៃ​កតញ្ញូ​ជាតិ​ខ្មែរ​តាមរយៈ​កម្ពុជា​ឱ្យ​តម្លៃ​បារាំង ហើយ​បារាំង​ឱ្យ​តម្លៃ​កម្ពុជា ព្រោះ​កម្ពុជា និង​បារាំង​មាន​អនុស្សាវរីយ៍ ក៏ដូចជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ជាមួយ​គ្នា​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​ក្នុង​ពេល​តឹកតាង​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​បាត់បង់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គួរ​ឱ្យ​សោកស្ដាយ។

លោក​ថា ទោះ​បារាំង​ធ្លាប់​មាន​បញ្ហា​ខ្លះៗ​ជាមួយ​នឹង​កម្ពុជា ប៉ុន្តែ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​ការ​ជួយ​ដោយ​បារាំង​ដែរ ក្នុង​នោះ​បារាំង​បាន​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អប់រំ វិស័យ​វប្បធម៌ និង​វិស័យ​ផ្សេងៗ​មួយ​ចំនួន​ទៀត។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ស្តូប​ដែល​នឹង​គ្រោង​កសាង​ឡើងវិញ​នេះ​ជា​ស្តូប​រូប​ពីរ ដែល​មាន​ក្បាលដំរី​ព័ទ្ធ​ជុំវិញ មាន​រូប​មនុស្ស​ពីរ​នាក់​ឈរ​ពី​លើ ដែល​ម្នាក់​មាន​រាង​ធំ​ខ្ពស់​តំណាង​ជា​ទាហាន​បារាំង និង​ម្នាក់​តូច​ជាង​តំណាង​ជា​ទាហាន​ខ្មែរ ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ និង​សង្គ្រាម​លោក​លើក​ទី​២។

យ៉ាងណា​ចំពោះ​គម្រោង​កសាង​ស្តូប​រូប​ពីរ​នេះ លោក​បញ្ជាក់​ថា មិន​អាច​វាយតម្លៃ​ថា​នឹង​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន និង​ត្រូវ​រៀបចំ​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ណា​នៅឡើយ​ទេ ព្រោះ​គម្រោង​នេះ​រដ្ឋាភិបាល​ទើប​តែ​លើក​សំណើ​ឡើង។

រូបសំណាក «រូប​ពីរ» ជា​ស្តូប​មួយ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩២៥ ដែល​មាន​ទីតាំង​ជិត​ស្ថានទូត​បារាំង នៅ​ភ្នំពេញ ដើម្បី​រំលឹក​ដល់​យុទ្ធជន​ខ្មែរ​ជាច្រើន​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ប្រទេស​បារាំង។ វា​ត្រូវ​បាន​គេ​ហៅ​ជា​ទូទៅ​ថា “រូប​ពីរ” ឬ​ជា​ភាសា​បារាំង​ថា “Monument aux Morts”។

ជា​អកុសល រូបសំណាក​នេះ​ត្រូវ​បាន​ខូចខាត​ដោយសារ​ការ​ដាក់​គ្រាប់​បំផ្ទុះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​សម័យ​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៧៧ ហើយ​បំណែក​មួយ​ចំនួន​ដែល​នៅ​សេសសល់ ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​សារមន្ទីរ​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស