ក្រុមអ្នកឃ្លាំមើលសង្គមរស់នៅក្រៅស្រុក រិះគន់ថា ការអនុញ្ញាតឱ្យយុវជនសង្គមធ្វើបាតុកម្មប្រឆាំងតវ៉ានឹងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមរបស់សាលារាជធានីភ្នំពេញ គឺទំនងជាលោក ហ៊ុន សែន បានរងនូវសម្ពាធធ្ងន់ធ្ងរពីសហគមន៍អឺរ៉ុប កាលពីពេលថ្មីៗ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ធ្នូ នេះថា ការចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ត្រូវបានមេដឹកនាំនៃសហគមន៍អឺរ៉ុបដាស់តឿន និងក្រើនរំលឹកដោយចំៗអំពីបញ្ហាសិទ្ធិមនុស្ស ដូចជាប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានលើកឡើងអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្ដីពីសន្តិភាពនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងអន្តរជាតិមួយនេះត្រូវគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានទុកចោលមិនអនុវត្តអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា បន្ទាប់ពីទទួលរងនូវសម្ពាធនានាពីមេដឹកនាំនៃបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបបែបនេះហើយ ទើបលោក ហ៊ុន សែន ប្រើវិធីសាស្ត្របន្ធូរស្ថានការណ៍ដើម្បីឆ្លើយតបទៅនឹងការជំរុញរបស់មេដឹកនាំទាំងនោះ ប៉ុន្តែបាតុកម្មនេះគឺត្រូវស្ថិតក្នុងការតាមដាន និងឃ្លាំមើលរបស់អាជ្ញាធរកម្ពុជាគ្រប់ពេលវេលាទាំងអស់ ដូច្នេះការបើកឱ្យធ្វើបាតុកម្មនេះ គ្រាន់តែជាវិធីបង្គ្រប់កិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឱ្យសហគមន៍អឺរ៉ុបមើលរូបភាពពីខាងក្រៅប៉ុណ្ណោះ។
លោក គឹម សុខ អំពាវនាវឱ្យយុវជនខ្មែរនាំគ្នាចូលរួមធ្វើបាតុកម្មនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងការផ្តល់ប័ណ្ណស្នាក់នៅដល់ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅដោយខុសច្បាប់នៅកម្ពុជា និងបញ្ឈប់ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅពេលនេះ។
កាលពីចុងសប្តាហ៍កន្លងទៅ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានអះអាងថា សាលារាជធានីភ្នំពេញបានយល់ព្រមអនុញ្ញាតឱ្យក្រុមយុវជនសង្គមដែលបានស្នើសុំធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប្រឆាំងតវ៉ានឹងការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម តាមការស្នើសុំរួចរាល់ហើយ។
លោក ម៉េត មាសភក្ដី អះអាងថា បើទោះបីជាសាលារាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមយុវជនធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅចុងខែធ្នូនេះក៏ដោយ ក៏ពួកគេត្រូវកំណត់ចំនួនអ្នកចូលរួមឱ្យបានជាក់លាក់ផងដែរ ក្នុងចំនួនអ្នកចូលរួមមិនត្រូវឱ្យលើស ២០០នាក់ឡើយ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ យុវជនជាអ្នកចូលរួមដឹកនាំបាតុកម្ម ឈ្មោះ អ៊ំ ឈុម ដែលបានដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញដោយផ្ទាល់ ត្រូវបានសារព័ត៌មានក្នុងស្រុក វីអូឌី ដកស្រង់សម្ដីចុះផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យក្រុមខ្លួនធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប្រឆាំងនឹងការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះហើយ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា រដ្ឋាភិបាលគួរតែដោះលែងលោក ថែល ធីឡែន សកម្មជនសង្គម រួមទាំងក្រុមសកម្មជននយោបាយផ្សេងទៀត ដើម្បីស្វែងរកការផ្សះផ្សាជាតិឡើងវិញឆ្ពោះទៅរកការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីស្របតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ។
មាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕