28 C
Phnom Penh

លោក ផៃ ស៊ីផាន៖ បារាំង​នឹង​មិន​និយាយ​ឱ្យ​កម្ពុជា​ធ្វើ​តាម​ការ​ចង់​បាន​ឡើយ​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​បារាំង​អាច​នឹង​និយាយ​ថា ខ្លួន​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឱ្យ​កម្ពុជា តែ​នឹង​មិន​និយាយ​បង្ខិតបង្ខំ​កម្ពុជា​ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ឡើយ ព្រោះ​ថា​វា​ផ្ទុយ​ពី​អធិបតេយ្យភាព​របស់​ប្រទេស​មួយ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​វីអូឌី នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ នេះ​ថា លោក​មិន​បាន​ដឹង​ទេ​ថា តើ​ប្រធានាធិបតី​បារាំង​ពិត​ជា​បាន​សួរនាំ​រឿង​នេះ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មែន​ឬ​យ៉ាង​ណា​នោះ។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា បារាំង​អាច​នឹង​និយាយ​ថា ខ្លួន​បាន​ដើរតួ​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព​ឱ្យ​កម្ពុជា តែ​មេដឹកនាំ​ប្រទេស​នេះ​នឹង​មិន​និយាយ​បង្ខិតបង្ខំ​កម្ពុជា​ឱ្យ​ធ្វើ​តាម​ការ​ចង់​បាន​ឡើយ ព្រោះ​ថា​វា​ផ្ទុយ​ពី​អធិបតេយ្យភាព​របស់​ប្រទេស​មួយ។

លោក​ចាត់ទុក​ការ​ដែល​លើកឡើង​ថា មាន​ការ​រម្លឹក​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ជំនួប​នោះ គឺជា​រឿង​មិន​សម ព្រោះ​មិន​អាច​ប្រទេស​ណា​មួយ​មក​បង្គាប់​ឱ្យ​ប្រទេស​មួយ​ទៀត​ធ្វើ​អ្វី​តាម​ខ្លួន​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ក្រោយ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​រម្លឹក​ឡើងវិញ​អំពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​សន្តិភាព​នៅ​កម្ពុជា ក្នុង​អំឡុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​បារាំង កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ មុន​ចូលរួម​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​លើក​ទី​៤៥​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក។

ចំណែក​លេខា​ទី​១ នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា លោកស្រី Noémie PINTA ប្រាប់​សារព័ត៌មាន​វីអូឌី នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ នេះ​ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិត​ជា​បាន​និយាយ​សំដៅ​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយសារតែ​កិច្ចព្រមព្រៀង​នោះ​គឺជា​មូលដ្ឋានគ្រឹះ​សំខាន់​មួយ​ដើម្បី​នាំ​កម្ពុជា​វិល​ទៅ​កាន់​មាគ៌ា​សន្តិភាព។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុកាល​ជាង ៣១​ឆ្នាំ​ហើយ​គិត​មក​ទល់​ពេលនេះ។

ទោះជា​យ៉ាងណាក៏ដោយ មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​គោរព​ពេញលេញ​នូវ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នៅឡើយ ជាពិសេស​ទាក់ទង​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស