33 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​សមាគម​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍ គឺ​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​មាន​អព្យាក្រឹតភាព។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមី​ខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ។

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​បន្ថែម​បញ្ហា​ឱ្យ​កាន់តែ​ច្រើន​ឡើង​សម្រាប់​កម្ពុជា​ទៅវិញ ព្រោះ​ថា​វិវាទ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅ​ពេលនេះ បាន​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ​ទៅ​ហើយ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ក្រោយ​ពេល​សង្កេត​ឃើញ​ថា តុលាការ​បាន​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​កូដករ និង​មេដឹកនាំ​សហជីព ជាជាង​ការ​ធានា​ឱ្យ​បាន​នូវ​អព្យាក្រឹតភាព​របស់​ខ្លួន ស្រប​ពេល​ដែល​មតិ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​អនុវត្ត​របស់​តុលាការ​បាន​លម្អៀង​ទៅ​រក​និន្នាការ​នយោបាយ​របស់​បក្ស​កាន់​អំណាច និង​ភាគី​ខាង​ក្រុមហ៊ុន​រហូត​មក។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អំពាវនាវ​ឱ្យ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​លើ​កញ្ញា ឈឹម ស៊ីថ ដើម្បី​ឱ្យ​កញ្ញា​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ និង​ឈាន​ទៅ​រក​ការ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​វិវាទ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែល​ជាប់​គាំង​គ្មាន​ដំណោះស្រាយ​កន្លង​មក​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំឡុង​ពេល​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៣​សប្តាហ៍ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ​អះអាង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ នៅ​ពេល​ដែល​កញ្ញា​មិន​ដែល​ទទួល​បាន​ការ​ជូនដំណឹង​ពី​អាជ្ញាធរ​តុលាការ​អំពី​លក្ខខណ្ឌ​ទាំងនោះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ គឺ​ដោយសារតែ​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បាន​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ អតីត​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរៀ លោក ហុង លីម និង​សមាជិក​សភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរៀ លោក តាក ម៉េងហ៊ាង បាន​លើកឡើង​ក្នុង​ព្រឹត្តិការណ៍​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​រឿង​មិន​សម​ហេតុផល ព្រោះ​គេ​នៅ​មិន​ទាន់​ឃើញ​ស្នាម​ផ្ដិត​មេដៃ​របស់​កញ្ញា ឈឹម ស៊ីថរ លើ​លិខិត​ដែល​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។ ដូច្នេះ ការ​ចោទ​ថា​កញ្ញា​បាន​បំពាន​បម្រាម​តុលាការ គ្រាន់តែ​ជា​ការ​លើកឡើង​របស់​ភាគី​ម្ខាង​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស