32 C
Phnom Penh

តំណាង​អយ្យការ​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ឡើង​វិញ​ខណៈ​មេធាវី​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជអាជ្ញា​រង​ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ខណៈ​មេធាវី​ខាង​រដ្ឋាភិបាល​ត្រៀម​ដាក់​បណ្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេង​ទៀត ដើម្បី​ប្តឹង​ទាមទារ​សំណង​ថ្លៃ​ខូចខាត រួម​ទាំង​ការ​ចំណាយ​កម្លាំង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ។

ថ្លែង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ លោក ប្លង់ សុផល ដែល​ជា​តំណាង​ម្នាក់​របស់​អយ្យការ ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ចេញ​ដីកា​ឃាត់​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ។ លោក​ក៏​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដាក់​ទោស​បន្ថែម​លើ​លោក កឹម សុខា ផង​ដែរ។

ចំណែកឯ​លោក គី តិច មេធាវី​របស់​រដ្ឋាភិបាល​លើកឡើង​ថា ក្រុម​មេធាវី​រដ្ឋាភិបាល​នឹង​ធ្វើ​បណ្ដឹង​ដាច់ដោយឡែក​ទាមទារ​សំណង​ពី​លោក កឹម សុខា ក្រោយពី​មាន​សេចក្តី​សម្រេច​ស្ថាពរ​ពី​តុលាការ។ លោក​ថា ការ​រៀបចំ​បណ្ដឹង​ទាមទារ​សំណង​ពី​លោក កឹម សុខា គឺ​អនុលោម​ទៅ​តាម​ក្រម​នីតិវិធី​ក្រមព្រហ្មទណ្ឌ។

តុលាការ​ភ្នំពេញ​បាន​បើក​អង្គ​សវនាការ​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​សំណុំរឿង​របស់​លោក កឹម សុខា។ មេធាវី​របស់​ភាគី​រដ្ឋាភិបាល​សរសេរ​សេចក្តី​សន្និដ្ឋាន​ដល់​ទៅ​ជាង ៨០​ទំព័រ​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ចំណែក​មេធាវី​របស់​លោក កឹម សុខា សរសេរ​សេចក្តី​សន្និដ្ឋាន​ត្រឹមតែ ២​ទំព័រ​ប៉ុណ្ណោះ។

កាលពី​ខែ​តុលា ឆ្នាំ​២០២២ តុលាការ​បាន​សម្រេច​បិទ​បញ្ចប់​នីតិវិធី​នៃ​ការ​សួរ​ដេញដោល​លើ​សំណុំរឿង​របស់​លោក កឹម សុខា។ សវនាការ​លើ​សំណុំរឿង​នេះ ត្រូវ​អូស​បន្លាយ​ពេល​អស់​ជាង ៥​ឆ្នាំ ហើយ​បាន​ឆ្លងកាត់​ការ​បើក​សវនាការ​អស់​ជាង ៦០​លើក។

បើ​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន តុលាការ​នឹង​ប្រកាស​សាលក្រម​ដែល​បញ្ជាក់​ថា ជន​ជាប់ចោទ​មាន​ទោស ឬ​គ្មាន​ទោស។ ចំពោះ​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ គេ​មិន​ទាន់​ទទួល​ព័ត៌មាន​នោះ​ទេ​ថា​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​នេះ ឬ​នឹង​ត្រូវ​បន្ត​ទៅ​ថ្ងៃ​ក្រោយ​ទៀត​នោះ។

សហ​មេធាវី​របស់​លោក កឹម សុខា នៅ​មិន​ទាន់​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ ដោយសារ​សវនាការ​របស់​លោក កឹម សុខា មិន​ទាន់​បញ្ចប់​រហូត​មក​ទល់​ម៉ោង​ផ្សាយ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ដោយ​គ្មាន​ដីកា​តុលាការ កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​ក្បត់​ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ តាម​ប្រសាសន៍​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

ចាប់តាំងពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ មក សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ចំនួន ២៦​លើក ប៉ុន្តែ​នៅ​ខែ​មីនា ឆ្នាំ​២០២០ តុលាការ​កម្ពុជា​បាន​ផ្អាក​ដំណើរការ​សវនាការ​នេះ ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ រហូត​ដល់​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២២ ទើប​តុលាការ​សម្រេច​ដំណើរការ​សវនាការ​របស់​លោក​សាជាថ្មី​ឡើងវិញ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស