ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា អាស៊ានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពេញមួយឆ្នាំ២០២២ នេះ ស្ទើរតែធ្វើឱ្យអាស៊ានទាំងមូលមានការបែកបាក់សាមគ្គីអស់ទៅហើយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ការទៅចូលរួមកិច្ចប្រជុំរបស់ក្រុមមេដឹកនាំអាស៊ាននៅកម្ពុជា កាលពីពេលកន្លងទៅនេះ មិនមែនដើម្បីអបអរសាទរដោយសារលោក ហ៊ុន សែន ដឹកនាំអាស៊ាននោះទេ។
ប្រតិកម្មរបស់អ្នកវិភាគរូបនេះ ធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានសរសើរ និងបានអះអាងអំពីភាពជោគជ័យរបស់លោក ហ៊ុន សែន បានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី ការប្រជែងសមាហរណកម្ម និងពហុប៉ូល» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះថា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ នេះ លោក ហ៊ុន សែន បានដឹកនាំអាស៊ានទទួលបានជោគជ័យយ៉ាងធំធេង។
បណ្ឌិត សុខ ទូច បន្តថា កម្ពុជាអាចហៅប្រទេសមហាអំណាចឱ្យមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅកម្ពុជាបាន គឺជារឿងមិនធម្មតា ខណៈកន្លងមក មហាអំណាចទាំងនោះត្រឹមតែបញ្ជូនជំនួយការ ឬទីប្រឹក្សាឱ្យមកចូលរួមប្រជុំតែប៉ុណ្ណោះ។ ជាងនេះទៀត ពិតមែនតែកម្ពុជាជាប្រទេសតូច ប៉ុន្តែអាចរក្សាបាននូវសន្តិសុខបានល្អ គ្មានបញ្ហាចៃដន្យកើតឡើង បើទោះបីជាជំងឺកូវីដ-១៩ វាយលុកក៏ដោយ ក៏កម្ពុជានៅតែអាចដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះបានជោគជ័យដដែល។
បណ្ឌិត សុខ ទូច បញ្ជាក់ថា នៅពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៅទ្វីបអឺរ៉ុប ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវបានស្វាគមន៍យ៉ាងពេញមុខពេញមាត់ពីសំណាក់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីផលប្រយោជន៍របស់អាស៊ានទៅថ្ងៃមុខ។
ប៉ុន្តែលោក គឹម សុខ អះអាងថា លោក ហ៊ុន សែន បរាជ័យក្នុងការដឹកនាំអាស៊ាន ពីព្រោះលោកមិនអាចដោះស្រាយវិបត្តិនៅភូមាបានតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចដែលអាស៊ានបានសម្រេចកាលពីចុងឆ្នាំ២០២១។
លោកអះអាងថា លោក ហ៊ុន សែន មិនអាចធ្វើឱ្យបានសូម្បីតែមួយចំណុច ខណៈការផ្តល់ជំនួយមនុស្សធម៌ដែលលោក ប្រាក់ សុខុន បានលើកឡើងកន្លងមកថាជាជោគជ័យនោះ គឺបានអនុវត្តប្រាសចាកពីគោលការណ៍រួមរបស់អាស៊ានទាំងស្រុង។
អ្នកវិភាគរូបនេះបញ្ជាក់ថា ចំណែកករណីប្រធានាធិបតីបារាំងទទួលជួបលោក ហ៊ុន សែន ក៏គ្រាន់តែជាពិធីការធម្មតាដែរ ត្បិតលោក ហ៊ុន សែន គឺជាភ្ញៀវ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរំឭកអំពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅចំពោះមុខលោក ហ៊ុន សែន នៅក្នុងជំនួបនោះតែម្តង ស្របពេលរងការរិះគន់ជុំទិសថាលោក ហ៊ុន សែន បានដឹកនាំប្រទេសរបស់ខ្លួនឲ្យឃ្លាតឆ្ងាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិមួយនេះអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ។
រយៈពេល ១ឆ្នាំដែលកម្ពុជាដឹកនាំអាស៊ានក្នុងឆ្នាំ២០២២ នេះ ត្រូវគេមើលឃើញថា លោក ហ៊ុន សែន បានធ្វើឱ្យបរាជ័យធ្ងន់ធ្ងរក្នុងតួនាទីរបស់ខ្លួន ដូចជាបរាជ័យក្នុងការដោះស្រាយវិបត្តិនៅប្រទេសភូមា បរាជ័យក្នុងការប្រកាសចេញនូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) និងធ្វើឱ្យអាស៊ានបែកបាក់ផ្ទៃក្នុង ដោយសារតែលោក ហ៊ុន សែន មិនអនុវត្តទៅតាមកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានជុំវិញការដោះស្រាយវិបត្តិនៅភូមា ជាដើម។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ ធ្លាប់បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលកន្លងទៅថា ការខិតខំរបស់លោក ហ៊ុន សែន ក្នុងការជួយរបបសឹកភូមាឱ្យក្លាយជារបបស្របច្បាប់ក្នុងសមាគមអាស៊ាន នៅពេលដែលគាត់ចាប់ផ្តើមដឹកនាំអាស៊ានក្នុងឆ្នាំ២០២២ នេះ បានធ្វើឱ្យបែកបាក់សាមគ្គីភាពរបស់អាស៊ានយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាបរាជ័យដ៏ធំរបស់កម្ពុជាដែរ៕