38 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​និង​ខ្មែរ​១០​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ចិន និង​ខ្មែរ​ចំនួន ១០​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត ១​តោន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២១ ធ្នូ នេះ ដើម្បី​បន្ត​នីតិវិធី​បន្ទាប់ពី​សមត្ថកិច្ច​បាន​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​ករណី​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជិត ៩០០​គីឡូក្រាម​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ឃ្លាំង​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ។

ជនជាតិ​ចិន​ចំនួន ៦​នាក់ តៃវ៉ាន់​ម្នាក់ និង​ខ្មែរ ៣​នាក់ ក្នុង​នោះ​មាន​ឈ្មោះ ZHOU JING BIN ឈ្មោះ CAI JIAN FONG ឈ្មោះ YE LICHI ឈ្មោះ WANG JIAN ឈ្មោះ LI PENG FEI ឈ្មោះ LIU YANG និង​ឈ្មោះ ZHAO BING FEI។ ចំណែក​ជនជាតិ​ខ្មែរ​មាន​ឈ្មោះ ចាន់ រតនា ឈ្មោះ ព្រឹម រាជ និង​ឈ្មោះ ពោធិ បញ្ញា ហៅ​ចៅ។

ពួកគេ​ទាំង ១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ រួម​ជាមួយ​នឹង​វត្ថុ​តាង​សារធាតុ​ញៀន សារធាតុ​គីមី និង​សារធាតុ​គីមី​ផ្សំ ព្រមទាំង​ម្សៅ​ក្រាម​ស​ថ្លា ហើយ​ម្សៅ​គ្រាប់​ពណ៌​ទឹកក្រូច (មេតំហ្វេតាមីន) ម្សៅ​ពណ៌​ស្វាយ ម៉ូតូ​ចំនួន ២​គ្រឿង និង​រថយន្ត​ចំនួន ០៨​គ្រឿង​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះ កាលពី​ឆ្នាំ​២០១៧ សមត្ថកិច្ច​កម្ពុជា​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់ ប៉ុន្តែ​ក្រោយពី​ប្រយុទ្ធ​ប្រឆាំង​ច្រើន​ឆ្នាំ​មក​នេះ មិន​ទទួល​បាន​ជោគជ័យ។ នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋាភិបាល​បាន​ដាក់​ចេញ​បទបញ្ជា​ម៉ឺងម៉ាត់​ជា​ថ្មី​ទៀត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ប្រសិទ្ធភាព​ទប់ស្កាត់​បទឧក្រិដ្ឋ​នេះ​បន្ត​ទៀត។

ទន្ទឹម​នឹង​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​គោលដៅ​ចម្បង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និង​ចែកចាយ​បន្ត ដែល​ថា​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស