30.7 C
Phnom Penh

ក្រសួង​វប្បធម៌​នឹង​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​នៃ​ការ​បំផ្លាញ​កុដិ​បុរាណ​បី​ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​បើក​ការ​ស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បំផ្លិចបំផ្លាញ​កុដិ​បុរាណ​ចំនួន​៣ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ និង​រក្សា​ទុក​កុដិ​ដែល​បាន​វាយកម្ទេច​ទាំងនោះ​មិន​ឱ្យ​មាន​ការ​សាងសង់​សំណង់​ថ្មី​រហូត​មាន​ដំណោះស្រាយ​សមស្រប។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ករណី​នៃ​ការ​វាយកម្ទេច​កុដិ​បុរាណ​ចំនួន​៣ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ក្រសួង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​នៃ​ការ​វាយកម្ទេច​កុដិ​បុរាណ​ទាំងនេះ ដើម្បី​ដោះស្រាយ​តាម​វិធានការ​ច្បាប់​ជា​ធរមាន។

ការ​ចេញ​សេចក្តី​ជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​កុដិ​បុរាណ​ចំនួន​៣ ដែល​បាន​សាងសង់​ឡើង​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៣០ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម ត្រូវ​បាន​វាយកម្ទេច​ទាំងស្រុង​ដោយ​មិន​ដឹង​មូលហេតុ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស បាន​បញ្ជា​ឱ្យ​គេ​វាយកម្ទេច​កុដិ​បុរាណ​ចំនួន ៣​ខ្នង រួម​មាន​កុដិ​លេខ​៤៣ លេខ​៤៤ និង​៤៥ ដែល​មាន​ទីតាំង​នៅ​ប៉ែក​ខាងកើត​វត្ត​ឧណ្ណាលោម ដែល​ត្រូវ​បាន​កសាង​ឡើង​តាំងពី​ឆ្នាំ​១៩៣០ រាប​ដល់​ដី ដើម្បី​យក​ទីធ្លា​កសាង​ចេតិយ​ថ្មី​ជំនួស​វិញ។ កុដិ​បុរាណ​ទាំង​បី​នេះ ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​ត្រូវ​ការពារ និង​អភិរក្ស​កាលពី​ឆ្នាំ​២០១៧ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហើយ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ​ថា ក្រោយ​ទទួល​ដំណឹង​ពី​ករណី​នៃ​ការ​វាយកម្ទេច​កុដិ​បុរាណ​ទាំង​៣ នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ធ្វើ​លិខិត​ទៅ​កាន់​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ឱ្យ​បញ្ឈប់​ការ​វាយកម្ទេច​អគារ​បុរាណ​ទាំងនោះ​ភ្លាមៗ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់​ថា សកម្មភាព​នៃ​ការ​វាយកម្ទេច​កុដិ​ចាស់​ដោយ​ពុំ​បាន​សិក្សា​ពិគ្រោះ និង​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នេះ គឺជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់​ទាំងស្រុង។

លិខិត​ដដែល​បញ្ជាក់​ថា រាល់​ការ​ជួសជុល​ព្រះវិហារ ឬ​សំណង់​អគារ​បេតិកភណ្ឌ​នានា ត្រូវ​ស្នើសុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ជា​ក្រសួង​ជំនាញ​ជាដាច់ខាត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​តុលា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ស្ដីពី​ការ​ទប់ស្កាត់​ការ​វាយកម្ទេច និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ និង​កំណត់​ឱ្យ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មុន​នឹង​កែប្រែ ជួសជុល ឬ​វាយកម្ទេច​ចោល​នូវ​អគារ​ណា​មួយ​នោះ។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥១០ ចែង​ថា អំពើ​ដែល​ធ្វើឡើង​ដោយ​ចេតនា​ក្នុង​ការ​បំផ្លាញ​បណ្ដាល​ឱ្យ​ទ្រុឌទ្រោម និង​ខូចខាត​ដល់​បូជនីយដ្ឋាន​បូជា​ចំពោះ​ព្រះពុទ្ធសាសនា ឬ​បូជនីយវត្ថុ​ក្នុង​សាសនា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ដល់ ១០​លាន​រៀល។

ចំណែក​មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ ចែង​ថា ជន​ណា​ដែល​ប្ដូរ​ទីតាំង បំផ្លាញ​ចោល ឬ​ជួសជុល​ដោយ​គ្មាន​ការ​អនុញ្ញាត​នូវ​សម្បត្តិ​វប្បធម៌ ដែល​បាន​ស្នើ​ឱ្យ​ចាត់​ថ្នាក់ ឬ​ចាត់​ថ្នាក់​រួច​ហើយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​តាម​តម្លៃ​ជាក់ស្តែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស