31 C
Phnom Penh

ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ខេត្ត​សៀមរាប​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាឃុំ​ឃុនរាម​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រាប់​រយ​នាក់​ក្នុង​ខេត្ត​សៀមរាប ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ​ឃុនរាម ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ តាម​ការ​ដែល​អាជ្ញាធរ​ទាំងនោះ​ធ្លាប់​បាន​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២។

ប្រជាពលរដ្ឋ​ជាង ២០០​នាក់​ដែល​រស់នៅ​ជាច្រើន​ភូមិ​ក្នុង​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែល​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលា​ឃុំ​ឃុនរាម ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់ ដែល​កំពុង​រង​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន​ឯកជន សុខគា ហ្គាដិន តាំងពី​ឆ្នាំ​២០២១ មក ខណៈ​ដី​ទាំងនេះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​សម័យ ប៉ុល ពត មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​សន្យា​ថា​នឹង​ចុះ​វាស់វែង ព្រមទាំង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់ ប្រសិនបើ​បេក្ខភាព​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត​ជា​មេឃុំ-សង្កាត់​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ ប៉ុន្តែ​ក្រោយ​ជាប់​ឆ្នោត​ជា​មេឃុំ ពួកគេ​មិន​បាន​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​តាម​ការ​សន្យា​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់ បន្ទាប់ពី​ដីធ្លី​ដែល​ពួកគាត់​បាន​អាស្រ័យ​ផល​អស់​រាប់​សិប​ឆ្នាំ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​បរិស្ថាន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន សុខគា ហ្គាដិន រៀបចំ​បង្កើត​គម្រោង «កសិដ្ឋាន​សួគ៌ា​មហេន្ទ្របព៌ត» លើ​ផ្ទៃដី ៥០០​ហិកតារ​ពី​បរិវេណ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន នៃ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ស្ថិត​ក្នុង​ខេត្ត​សៀមរាប តាម​ការ​ស្នើសុំ​របស់​អគ្គនាយក​ក្រុមហ៊ុន​នេះ កាលពី​ខែ​ឧសភា ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​ការ​ផ្តល់​សិទ្ធិ​កាន់កាប់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ​ដល់​ទៅ​រាប់​រយ​គ្រួសារ​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​មេឃុំ​ឃុនរាម លោក កាយ កុច ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស