31 C
Phnom Penh

លោក ហ្សេឡេនស្គី ទៅ​អាមេរិក​ជួប​លោក បៃដិន ខណៈ​រុស្ស៊ី​មាន​ផែនការ​វាយ​រុល​ចូល​រដ្ឋធានី​គៀវ​ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​ថា​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតុន ហើយ​នឹង​ជួប​លោក បៃដិន នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​ទៅ​ក្រៅ​ប្រទេស​របស់​លោក ហ្សេឡេនស្គី ក្នុង​អំឡុង​ប្រទេស​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លុកលុយ​ពី​មហាអំណាច​រុស្ស៊ី ៣០០​ថ្ងៃ​មក​នេះ។

កាលពី​ពេល​កន្លងមក​នេះ មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន ដូចជា​នាយករដ្ឋមន្ត្រី​អង់គ្លេស រីស៊ី ស៊ូណាក់ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន ប្រមុខ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្កូតេរ៉េស ប្រធានាធិបតី​ប៉ូឡូញ ប្រធានាធិបតី​ប៊ុលហ្គារី ប្រធានាធិបតី​រូម៉ានី នាយករដ្ឋមន្ត្រី​កាណាដា ប្រធានាធិបតី​អ៊ីតាលី ប្រធានាធិបតី​បារាំង អធិការបតី​អាល្លឺម៉ង់ ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ភរិយា​លោក បៃដិន បាន​ទៅ​ជួប​លោក ហ្សេឡេនស្គី នៅ​រដ្ឋធានី​គៀវ។ ជំនួប​សុទ្ធតែ​ធ្វើឡើង​ដោយ​ផ្ទាល់​អំឡុង​ពេល​រុស្ស៊ី បាញ់​គ្រាប់​មីស៊ីល​ស្រោច​លើ​តំបន់​ភាគ​ខាងត្បូង និង​ខាងកើត ហើយ​ក៏​ទៅ​ដល់​រដ្ឋធានី​គៀវ ទៀត​ផង។

មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​បាន​នាំ​នូវ​ជំនួយ​ទាំង​ជំនួយ​មនុស្សធម៌ និង​ទាំង​ជំនួយ​សម្រាប់​វិស័យ​ការពារ​ជាតិ​ដល់​អ៊ុយក្រែន ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ម្ចាស់​ជំនួយ​អាវុធ និង​ហិរញ្ញវត្ថុ​ធំ​បំផុត​ដល់​អ៊ុយក្រែន ដើម្បី​តតាំង​នឹង​រុស្ស៊ី​ឈ្លានពាន។

លោក ហ្សេឡេនស្គី តែង​អរគុណ​ម្ចាស់​ជំនួយ​ទាំងអស់ និង​ជាពិសេស​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ផ្ដល់​ការ​គាំទ្រ និង​ជំនួយ​សព្វ​បែប​យ៉ាង ដែល​ភាគច្រើន​គឺ​តាម​តម្រូវការ​របស់​អ៊ុយក្រែន កំពុង​ស្ថិត​ក្នុង​សង្គ្រាម និង​តាម​របៀប​ដែល​អាមេរិក​ដោះដូរ​សព្វាវុធ​ជាមួយ​នឹង​សម្ពន្ធមិត្ត ដើម្បី​យក​សព្វាវុធ​សម្ពន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​ដែល​ប្រទេស​ខ្លះ​នៅ​ប្រើ​អាវុធ​សហភាព​សូវៀត គឺ​ជួយ​ផ្ទេរ​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​ក្នុង​សង្គ្រាម។

គោល​បំណង​របស់​លោក​ទៅ​កាន់​អាមេរិក​ដែល​លោក​សរសេរ​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីតធឺ គណនី​របស់​លោក​មាន​ការ​ចុះ​ការ​រៀបរាប់​ថា ការ​ទៅ​អាមេរិក​ក្នុង​បំណង​ទៅ​ពង្រឹង​មិត្តភាព​ជាមួយ​អាមេរិក និង​សមត្ថភាព​ជួយ​ការ​ការពារ​អ៊ុយក្រែន​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី។

លោក ហ្សេឡេនស្គី ក៏​ធ្លាប់​រៀបរាប់​ដែរ​ថា រូបលោក​បាន​ទាក់ទង​គ្នា​ជាមួយ​លោក បៃដិន តាម​ទូរស័ព្ទ​ជា​ញឹកញាប់ គឺ​សឹងតែ​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ក៏​មាន។

នៅ​ពេល​មក​ដល់​ទឹកដី​វ៉ាស៊ីនតុន លោក ហ្សេឡេនស្គី នឹង​ត្រូវ​ជួប​លោក​ប្រធានាធិបតី បៃដិន នៅ​ឯ​សេតវិមាន ដែល​គេ​រំពឹង​ថា លោក​នឹង​ទទួល​បាន​ជំនួយ​ទឹកប្រាក់​ចំនួន ២​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​លើ​ផ្នែក​សន្តិសុខ ជាមួយ​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​តាម​ដែល​លោក​ចង់​បាន។

ប្រព័ន្ធ​មីស៊ីល​ដែល​លោក ហ្សេឡេនស្គី ចង់​បាន​ពី​អាមេរិក គឺ​ប្រព័ន្ធ​មីស៊ីល ATACMS ដែល​មាន​មុខងារ​បាញ់​គោលដៅ​លើ​ដី ហើយ​គ្រាប់​វា​អាច​រត់​បាន​ពី ៥០០​គីឡូម៉ែត្រ​ទៅ ៧០០​គីឡូម៉ែត្រ និង​ប្រព័ន្ធ​មីស៊ីល Patriot មាន​មុខងារ​បាញ់​ទម្លាក់​យន្តហោះ និង​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល។

បច្ចុប្បន្ន ប្រព័ន្ធ​មីស៊ីល​ដែល​អាមេរិក​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន មាន​ប្រព័ន្ធ​មីស៊ីល Hapoon ជា​មីស៊ីល​បាញ់​នាវាចម្បាំង និង​មីស៊ីល NASAM មាន​មុខងារ​បាញ់​យន្តហោះ និង​បាញ់​គ្រាប់​មីស៊ីល។

អាវុធ​ដែល​អ៊ុយក្រែន​ប្រើ​យ៉ាង​សកម្ម គឺ​ប្រព័ន្ធ​រ៉ុក្កែត HIMARS និង​ប្រព័ន្ធ​កាំភ្លើង​ធំ M-777។ ក្រៅ​ពី​នោះ អាមេរិក​បញ្ជូន​រថក្រោះ Abrams និង​មីស៊ីល​ធុន​ស្រាល​សម្រាប់​បាញ់​យន្តហោះ​ឈ្មោះ​ថា Stinger និង​មីស៊ីល​បាញ់​រថក្រោះ Javelin ក៏​កំពុង​ត្រូវ​បាន​កង​អ៊ុយក្រែន​ប្រើ​យ៉ាង​សកម្ម​នៅ​សមរភូមិ​ជួរ​មុខ។

គិត​មក​ដល់​ពេលនេះ អាមេរិក​ចំណាយ​សាច់ប្រាក់​ជួយ​ដោយ​គិត​ទាំង​ជំនួយ​សព្វាវុធ និង​ជំនួយ​មនុស្សធម៌ និង​សាច់ប្រាក់​សុទ្ធ គឺ​ជាង ២០​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​នៃ​កញ្ចប់​ថវិកា​ដែល​សភា​អាមេរិក​អនុម័ត ៤០​ពាន់​លាន​ដុល្លារ។

ក្រោយពី​ជំនួប​ហើយ ទាំង​ប្រធានាធិបតី បៃដិន និង​លោក ហ្សេឡេនស្គី ត្រូវ​គេ​រំពឹង​ថា​នឹង​បើក​សន្និសីទ​នៅ​មុខ​សេតវិមាន មុន​នឹង​លោក ហ្សេឡេនស្គី បន្ត​ដំណើរ​ទៅ​កាន់​វិមាន​រដ្ឋសភា ដើម្បី​ធ្វើ​បទ​បង្ហាញ​ជូន​ទៅ​កាន់​សមាជិក​សភា​អាមេរិក​ទាំង​ពីរ​ថ្នាក់។

មន្ត្រី​សេតវិមាន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ BBC ថា លោក បៃដិន មាន​លិខិត​របស់​លោក​ផ្ទាល់​នឹង​ប្រគល់​ជូន​លោក ហ្សេឡេនស្គី នៅ​សេតវិមាន ហើយ​សារ​នោះ​នឹង​ជូន​ទៅ​កាន់​ប្រជាជន​អ៊ុយក្រែន ប្រជាជន​អាមេរិក និង​ពិភពលោក ថា​អាមេរិក​សច្ចា​ឈរ​ជាមួយ​អ៊ុយក្រែន ទោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​យូរ​យ៉ាងណា​ក៏ដោយ។

មន្ត្រី​សេតវិមាន​ទើប​បញ្ជាក់​ថា លោក ហ្សេឡេនស្គី បាន​ហៅ​ទូរស័ព្ទ​ជាមួយ​លោក បៃដិន ចុងក្រោយ​បង្អស់​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ហើយ​ក៏​មាន​ការ​អញ្ជើញ​ជា​ផ្លូវការ​មួយ​បាន​ទៅ​ដល់​លោក ហ្សេឡេនស្គី កាល​ពី​មួយ​សប្ដាហ៍​មុន ដែល​ជា​ការ​ពិភាក្សា​ស្តីអំពី​សន្តិសុខ​សម្រាប់​ការ​រៀបចំ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់​លោក ហ្សេឡេនស្គី។

សេតវិមាន​បដិសេធ​ផ្ដល់​ការ​លម្អិត​អំពី​ការ​ជួយ​រៀបចំ ឬ​ការ​ធ្វើ​ដំណើរ​របស់​លោក ហ្សេឡេនស្គី មក​កាន់​អាមេរិក ថា​តើ​មាន​រួម​យន្តហោះ​អាមេរិក​ហោះហើរ​ទៅ​យក​លោក​ផ្ទាល់​ពី​ក្រុង​គៀវ ហើយ​ចុះ​ផ្ទេរ​យន្តហោះ​នៅ​ប្រទេស​ណា​មួយ​ទេ ឬ​មួយ​ក៏​លោក ហ្សេឡេនស្គី ធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង​ចេញពី​ប្រទេស​ប៉ូឡូញ ដើម្បី​ហោះ​បន្ត​មក​សហរដ្ឋ​អាមេរិក។

បើ​តាម​ដំណឹង​ចុងក្រោយ​នេះ លោក បៃដិន បាន​ចុះហត្ថលេខា​រួច​ហើយ​នូវ​កញ្ចប់​ជំនួយ ១​ពាន់ ៨០០​លាន​ដុល្លារ​ជា​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល Patriot រួម​ទាំង​គ្រាប់​មីស៊ីល កាំភ្លើង​ធំ និង​គ្រាប់​រ៉ុក្កែត HIMARS ទៅ​ឱ្យ​អ៊ុយក្រែន​តាម​សំណើ​របស់​លោក ហ្សេឡេនស្គី។

ខណៈ​សង្គ្រាម​ធ្លាក់​ចូល​រដូវរងា​នេះ លោក ហ្សេឡេនស្គី ចេញពី​ប្រទេស​មក​ជួប​លោក បៃដិន។ ចំណែក​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី​ក៏​បាន​ចាកចេញ​ពី​ប្រទេស​របស់​លោក​ជា​លើក​ទី​២ មក​កាន់​ប្រទេស​បេឡារុស ក្រោយពី​ប៉ុន្មាន​ថ្ងៃ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា​លោក ពូទីន បាន​ដាក់​បញ្ជា​ឱ្យ​មេទ័ព​រុស្ស៊ី​ចុះ​ទៅ​ពិនិត្យ​ទ័ព​នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​វាយ​ចេញពី​ព្រំដែន​បេឡារុស ចូល​ទៅ​រដ្ឋធានី​គៀវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស