រថយន្ត​ដឹក​អតីត​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​សវនាការ​ក្រោម​បទ​ចោទប្រកាន់​រួម​គំនិត​ក្បត់ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២។

Featured

តុលាការ​ផ្ដន្ទាទោស​អតីត​ថ្នាក់​ដឹកនាំ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជិត​៤០​នាក់​ចាប់ពី​៥-៧​ឆ្នាំ

By ឌឹ ខេមបូឌា ដេលី

December 23, 2022

សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​អតីត​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប ៣៦​នាក់​នៅ​ថ្ងៃទី​២២ ធ្នូ នេះ ចាប់ពី ៥​ឆ្នាំ​រហូត​ដល់ ៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​លើ​សំណុំរឿង​រួម​គំនិត​ក្បត់ ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ កាលពី​ចុង​ឆ្នាំ​២០២០។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បាន​ប្រកាស​សាលក្រម​នា​ថ្ងៃទី​២២ ធ្នូ នេះ ដោយ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ ក្នុង​នោះ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ អ្នកស្រី ជូ ឡុងសូម៉ូរ៉ា លោក នុត រំដួល លោក អ៊ូ ច័ន្ទរិទ្ធ និង​មនុស្ស ៣​នាក់​ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៧​ឆ្នាំ ដោយ​ដក​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត។

ចំណែក​សកម្មជន​ចំនួន ២៥​នាក់​ទៀត​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ ក្នុង​នោះ​មាន ៣​នាក់​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស គឺ​មាន​លោក គង់ ម៉ាស់ លោក វឿង សំណាង និង​លោក ខាន់ ប៊ុនផេង ខណៈ​ឈ្មោះ ឈុន វុទ្ធី និង​ឈ្មោះ ងឹម ញ៉េញ ទោស ៥​ឆ្នាំ​ដែល​តុលាការ​កាត់​ថ្ងៃ​នេះ​ត្រូវ​ព្យួរ​ទាំងអស់។

រីឯ​ឈ្មោះ សេង សុខឡេង វិញ តុលាការ​សម្រេច​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ប្រហែល ១​ខែ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ទាំងអស់​ដែរ ខណៈ​ឈ្មោះ ម៉ាត់ វណ្ណី ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​រួច​ផុត​ពី​បទ​ចោទប្រកាន់។

លើស​ពី​នេះ លោកស្រី អ៊ុក រ៉េតគន្ធា ប្រកាស​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ចំនួន ២០​នាក់ និង​លោកស្រី​បង្គាប់​ឱ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ចាប់​ខ្លួន។ មនុស្ស ៣​នាក់​ដែល​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រូប​នេះ​ប្រកាស​បញ្ឈប់​ដីកា​ចាប់​ខ្លួន ក្នុង​នោះ​ឈ្មោះ ម៉ាត់ វណ្ណី ឈ្មោះ ឈុន សិទ្ធី និង​ឈ្មោះ ងឹម ញ៉េញ។

កាលពី​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២១ ដោយ​មាន​ការ​ចូលរួម​ពី​សកម្មជន​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​សកម្មភាព​គាំទ្រ​មាតុភូមិ​និវត្តន៍​របស់​សកម្មជន​ទាំងនោះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ ដោយ​ផ្អែក​លើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក និង​ការ​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​របស់​ពួកគេ ជាដើម។

ក្រោយ​ចប់​សវនាការ ក្រុម​គ្រួសារ​របស់​លោក ខាន់ ប៊ុនផេង លោក គង់ ម៉ាស់ និង​លោក វឿង សំណាង ដែល​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​ដោយ​គ្មាន​ការ​ព្យួរ​ទោស បាន​ស្រែក​យំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថា ការ​ប្រកាស​សាលក្រម​របស់​តុលាការ​នេះ​ធ្វើឡើង​យ៉ាង​អយុត្តិធម៌ ខណៈ​ប្តី​របស់​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

ក្រុម​គ្រួសារ​ជន​ជាប់ចោទ​ទាំងនោះ​ត្អូញត្អែរ​ថា ពួកគេ​មិន​មាន​ជំនឿ​ដើម្បី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​នោះ​ទេ ព្រោះ​តុលាការ​នៅ​កម្ពុជា​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច ជាជាង​ការពារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​បាន​ធ្វើ​កិច្ចការ​ដើម្បី​សង្គម​ជាតិ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា សាលក្រម​របស់​តុលាការ​លើ​អតីត​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ​ប៉ុណ្ណោះ ដែល​គេ​អាច​មើល​ឃើញ​ថា មិន​មែន​ជា​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​យុត្តិធម៌​ដែល​បាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ។

ចំណែក​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា អះអាង​ថា សាលក្រម​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ ខណៈ​តុលាការ​សព្វថ្ងៃ​នេះ​ជា​ស្ថាប័ន​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច​ទាំងស្រុង ត្បិត​មន្ត្រី​តុលាការ​ទាំងនោះ​សុទ្ធសឹងតែ​ជា​សមាជិក​បក្ស​កាន់​អំណាច​ទាំងអស់។

ចាប់តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ មក អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន ១៥៨​នាក់​ហើយ​ដែល​បាន​ក្លាយ​ជា​ជន​ជាប់ចោទ​ពី​បទ​ផ្សេងៗ​គ្នា ដែល​ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម បទ​រួម​គំនិត​ក្បត់ និង​បទ​ប៉ុនប៉ង​ធ្វើ​ឧបឃាត ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ជាដើម៕