មន្ត្រីជាន់ខ្ពស់នៃអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិការងារ ចាត់ទុកដំណើរការនៃការដោះស្រាយវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍របស់ក្រសួងការងារ គឺជាការសម្ដែងឱ្យតែល្អមើល ព្រោះកម្មករនៅតែមិនទាន់ទទួលបានយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំមកហើយ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ធ្នូ នេះថា បើក្រសួងការងារ នៅតែបន្តដឹកនាំដោះស្រាយវិវាទនេះដូចពេលកន្លងមក ដំណោះស្រាយនៅតែអាចកើតមានដដែល ស្របពេលដែលខាងក្រុមហ៊ុន និងខាងអាជ្ញាធរបានធ្វើទុក្ខបុកម្នេញលើកម្មករទាំងនោះយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។
លោក មឿន តុលា លើកឡើងថា អាជ្ញាធរបានប្រើលេសគ្រប់បែបយ៉ាងដើម្បីដាក់សម្ពាធលើកម្មករទាំងនោះ ដូចជាការប្រើទីតាំងសាធារណៈដើម្បីធ្វើកូដកម្មរកយុត្តិធម៌ តែបែរជាអាជ្ញាធរចោទកម្មករថាប្រើប្រាស់ទីតាំងឯកជនរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីធ្វើការទាមទារទៅវិញ។
ជាងនេះទៀត ការចាប់ឃុំខ្លួនតំណាងកម្មករ កញ្ញា ឈឹម ស៊ីថរ ដោយចោទថាបានរំលោភលើបម្រាមរបស់តុលាការទាំងដែលសាមីខ្លួនមិនបានទទួលពីការជូនដំណឹងនោះ ក៏ជាការដាក់សម្ពាធយ៉ាងអយុត្តិធម៌សម្រាប់កម្មកររងគ្រោះទាំងនោះដែរ។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងាររូបនេះបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងវិវាទនេះ ភាគីខាងក្រុមហ៊ុនត្រូវទម្លាក់ចោលបទចោទលើកម្មករទាំងអស់។ បន្ថែមពីនេះ ក៏ត្រូវដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពពេញលេញឡើងវិញផងដែរ ដើម្បីឱ្យភាគីទាំងសងខាងចរចាគ្នាបញ្ចប់ជម្លោះនេះតែម្តង។
លោក មឿន តុលា គូសបញ្ជាក់ថា សំណើរបស់កម្មករដែលស្នើសុំឱ្យក្រុមហ៊ុនទទួលបុគ្គលិកដែលខ្លួនបានបញ្ឈប់ឱ្យចូលធ្វើការវិញ ជាថ្នូរនឹងបុគ្គលិកខ្លះដែលព្រមលាឈប់ពីការងារ បើភាគីខាងក្រុមហ៊ុនទទួលយកសំណើនេះ មិនមែនជារឿងហួសហេតុ ឬធ្ងន់ធ្ងររហូតក្រុមហ៊ុនមិនអាចធ្វើបាននោះទេ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកកិច្ចប្រជុំរកដំណោះស្រាយលើវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍រវាងតំណាងកម្មករនិយោជិតជាមួយតំណាងភាគីក្រុមហ៊ុនណាហ្គាវើលដ៍បន្តទៀតហើយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ខណៈតំណាងកម្មករកញ្ញា ឈឹម ស៊ីថរ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយនៅឡើយ ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យទទួលកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកនៅតែបន្តបដិសេធដដែល។
យ៉ាងណាក៏ដោយ ក្រសួងគូសបញ្ជាក់ថា យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សាទេ នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយតែម្តង។
បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញតវ៉ាជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២១ មក បន្ទាប់ពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរហូតដល់ ១៣០០នាក់ ក្រោមហេតុផលថា ក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុក្នុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលផ្ទុយពីការអះអាងរបស់កម្មករថា ក្រុមហ៊ុនមានចេតនារំលាយថ្នាក់ដឹកនាំសហជីពដែលតែងតែការពារសិទ្ធិកម្មករពីការរំលោភបំពាន៕