28.4 C
Phnom Penh

បុរស​ខ្លាំង​គំរាម​បិទ​ផ្សាយ​រូបថត​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន គំរាម​យក​រូបថត​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រូបលោក​នៅ​សហភាព​អឺរ៉ុប​តាម​ការ​ញុះញង់​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​តាម​រក​ក្រុម​គ្រួសារ​អ្នក​ដែល​បាតុកម្ម​ប្រឆាំង​នឹង​រូបលោក ក្រោម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី ដើម្បី​ឱ្យ​សាច់ញាតិ និង​ឪពុក​ម្ដាយ​អ្នក​ទាំងនោះ​ឆ្លើយ​ត្រឡប់​ទៅ​កាន់​ពួកគេ​វិញ​ថា ពួកគេ​ដែល​កំពុង​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​មាន​ការ​លំបាក និង​ទុក្ខវេទនា​ដូច​កូន​របស់​ពួកគេ​កំពុងតែ​រិះគន់​លោក​ឬ​ក៏​អត់។

លោក ហ៊ុន សែន លើកឡើង​ថា ពួកគេ​កំពុងតែ​វាយប្រហារ​ថា​រូបលោក​ដឹកនាំ​ប្រទេស​មិន​ល្អ ប៉ុន្តែ​មាន​ក្រុម​គ្រួសារ​របស់​ពួកគេ​ច្រើន​ណាស់​ដែល​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ​នៃ​រដ្ឋាភិបាល​របស់​លោក។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​គំរាម​ដល់​ក្រុម​អ្នក​ដែល​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប​កាលពី​ពេល​ថ្មីៗ​នេះ។

ទោះជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន គឺជា​ការ​គំរាម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សាច់ញាតិ​របស់​អ្នក​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​គាត់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺ​លោក ហ៊ុន សែន មាន​ចេតនា​ចង់​ឱ្យ​សាច់ញាតិ​អ្នក​ទាំងនោះ​ប្រឆាំង​ទៅ​នឹង​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គាត់ រហូត​អាច​ឈាន​ដល់​ការ​បញ្ជា​ឱ្យ​សាច់ញាតិ​អ្នក​ទាំងនោះ​ថ្កោលទោស​អ្នក​ធ្វើ​បាតុកម្ម​ទាំងនោះ​ថែម​ទៀត ព្រោះ​តែ​ពួកគេ​ខ្លាច​អំណាច​របស់​គាត់។

លោក គឹម សុខ លើកឡើង​ថា ផ្ទុយទៅវិញ​បើ​សាច់ញាតិ​អ្នក​ទាំងនោះ​មិន​ឆ្លើយ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ទេ ក្រុម​លោក ហ៊ុន សែន នឹង​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ទាំងនោះ​រហូត​ធ្វើ​ឱ្យ​ពួកគេ​រស់នៅ​មិន​បាន​សុខ ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​ជីវិត​របស់​ពួកគេ​ថែម​ទៀត។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​វិធានការ​ក្តៅ​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​ជា​ផែនការ​ដែល​គាត់​មាន​បំណង​បំបិទ​ការ​តវ៉ា​គ្រប់​រូបភាព​ដែល​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កំពុង​រង​នូវ​ការ​ជាន់ឈ្លី​ពី​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​សព្វថ្ងៃ​នេះ។

ចំណែក​ព្រះ​ភិក្ខុ បូរ បេត អតីត​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​មាន​សង្ឃ​ដីកា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២១ ធ្នូ ថា ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​កំពុង​ធ្វើ​ញត្តិ និង​ពាក្យ​បណ្តឹង​អំពី​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​បារាំង​ផង និង​រដ្ឋាភិបាល​នៃ​សហភាព​អឺរ៉ុប​ទាំងមូល​ផង។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​សហភាព​អឺរ៉ុប​រាប់​រយ​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល (Bruxelles) ប្រទេស​បែលហ្ស៊ិក (Belgique) កាលពី​ថ្ងៃទី​១៤ ធ្នូ ក្រោម​ការ​អំពាវនាវ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី នៅ​ពេល​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស