បុរសខ្លាំងដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន គំរាមយករូបថតអ្នកដែលធ្វើបាតុកម្មប្រឆាំងរូបលោកនៅសហភាពអឺរ៉ុបតាមការញុះញង់របស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ទៅបិទផ្សាយជាសាធារណៈនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធផ្លូវក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះថា លោកនឹងបញ្ជាឱ្យមន្ត្រីរបស់ខ្លួនតាមរកក្រុមគ្រួសារអ្នកដែលបាតុកម្មប្រឆាំងនឹងរូបលោក ក្រោមការញុះញង់របស់លោក សម រង្ស៊ី ដើម្បីឱ្យសាច់ញាតិ និងឪពុកម្ដាយអ្នកទាំងនោះឆ្លើយត្រឡប់ទៅកាន់ពួកគេវិញថា ពួកគេដែលកំពុងរស់នៅក្រោមការដឹកនាំរបស់លោកមានការលំបាក និងទុក្ខវេទនាដូចកូនរបស់ពួកគេកំពុងតែរិះគន់លោកឬក៏អត់។
លោក ហ៊ុន សែន លើកឡើងថា ពួកគេកំពុងតែវាយប្រហារថារូបលោកដឹកនាំប្រទេសមិនល្អ ប៉ុន្តែមានក្រុមគ្រួសាររបស់ពួកគេច្រើនណាស់ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមការគ្រប់គ្រងយ៉ាងត្រឹមត្រូវនៃរដ្ឋាភិបាលរបស់លោក។
ការអះអាងនេះ ធ្វើឡើងដើម្បីគំរាមដល់ក្រុមអ្នកដែលបានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកដែលបានទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុបកាលពីពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ ធ្នូ នេះថា ការព្រមានរបស់លោក ហ៊ុន សែន គឺជាការគំរាមយ៉ាងធ្ងន់ធ្ងរដល់សាច់ញាតិរបស់អ្នកដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំមិនត្រឹមត្រូវរបស់គាត់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
លោកបន្ថែមថា ការធ្វើបែបនេះ គឺលោក ហ៊ុន សែន មានចេតនាចង់ឱ្យសាច់ញាតិអ្នកទាំងនោះប្រឆាំងទៅនឹងអ្នកដែលធ្វើបាតុកម្មប្រឆាំងនឹងគាត់ រហូតអាចឈានដល់ការបញ្ជាឱ្យសាច់ញាតិអ្នកទាំងនោះថ្កោលទោសអ្នកធ្វើបាតុកម្មទាំងនោះថែមទៀត ព្រោះតែពួកគេខ្លាចអំណាចរបស់គាត់។
លោក គឹម សុខ លើកឡើងថា ផ្ទុយទៅវិញបើសាច់ញាតិអ្នកទាំងនោះមិនឆ្លើយតាមការចង់បានរបស់លោក ហ៊ុន សែន ទេ ក្រុមលោក ហ៊ុន សែន នឹងធ្វើទុក្ខបុកម្នេញលើអ្នកទាំងនោះរហូតធ្វើឱ្យពួកគេរស់នៅមិនបានសុខ ហើយអាចនឹងមានគ្រោះថ្នាក់សម្រាប់ជីវិតរបស់ពួកគេថែមទៀត។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ការអនុវត្តវិធានការក្តៅរបស់លោក ហ៊ុន សែន បែបនេះ គឺជាផែនការដែលគាត់មានបំណងបំបិទការតវ៉ាគ្រប់រូបភាពដែលទាមទារឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងរងនូវការជាន់ឈ្លីពីការដឹកនាំនៃរដ្ឋាភិបាលឯកបក្សរបស់គាត់សព្វថ្ងៃនេះ។
ចំណែកព្រះភិក្ខុ បូរ បេត អតីតសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានសង្ឃដីកាក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២១ ធ្នូ ថា ពលរដ្ឋខ្មែរនៅអឺរ៉ុបកំពុងធ្វើញត្តិ និងពាក្យបណ្តឹងអំពីការគំរាមកំហែងរបស់លោក ហ៊ុន សែន ដើម្បីដាក់ទៅរដ្ឋាភិបាលបារាំងផង និងរដ្ឋាភិបាលនៃសហភាពអឺរ៉ុបទាំងមូលផង។
ប្រជាពលរដ្ឋដែលរស់នៅសហភាពអឺរ៉ុបរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល (Bruxelles) ប្រទេសបែលហ្ស៊ិក (Belgique) កាលពីថ្ងៃទី១៤ ធ្នូ ក្រោមការអំពាវនាវរបស់អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី នៅពេលនោះ៕