34.8 C
Phnom Penh

កម្ពុជា​ថា​របប​សឹក​ភូមា​បង្ហាញ​កិច្ច​ប្រឹងប្រែង​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា របប​សឹក​ភូមា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន ដែល​បាន​ដាក់​ឱ្យ​របប​សឹក​នេះ​អនុវត្ត​កន្លងមក បន្ទាប់ពី​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឡាវ វៀតណាម ថៃ និង​ភូមា។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ប្រទេស​ថៃ​នេះ ធ្វើឡើង​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា​វិលត្រឡប់​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រជាជន​ភូមា និង​អាស៊ាន​ទាំងមូល។

ប្រភព​ដដែល​លើកឡើង​ថា កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើឡើង​ស្រប​ទៅ​តាម​ចំណុច​ទី​១៤ នៃ​ការ​ត្រួតពិនិត្យ និង​សេចក្តី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដោយ​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​ស្វែងរក​វិធីសាស្ត្រ​នានា ដែល​អាច​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុង​ការ​ជួយ​ប្រទេស​ភូមា​បញ្ចប់​នូវ​វិបត្តិ​ដែល​កំពុងតែ​ញាំញី​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​ជាមួយ​ប្រទេស​ឡាវ វៀតណាម ថៃ និង​ភូមា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ធ្នូ ស្រប​ពេល​កម្ពុជា​ជិត​អស់​តួនាទី​ជា​ប្រធាន​អាស៊ាន​ទៅ​ហើយ​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នេះ​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នោះ​ទេ ត្បិត​កិច្ចប្រជុំ​ផ្លូវការ​របស់​អាស៊ាន​កន្លងមក កម្ពុជា​មិន​អាច​សូម្បីតែ​រក​ច្រក​សម្រាប់​អ្នក​តំណាង​មិនមែន​នយោបាយ​របស់​ប្រទេស​ភូមា ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​ខ្លួន​បាន​ផង​នោះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អាច​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា តាម​គោលការណ៍​កុងសង់ស៊ីស​របស់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ​បាន​ធ្វើ​ឱ្យ​ខូច​គោលការណ៍​នានា និង​នយោបាយ​ការទូត​របស់​អាស៊ាន​ថែម​ទៀត នៅ​ពេល​ដែល​គាត់​បាន​សម្រេច​ចូល​ទៅ​ជួប​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ដោយ​អត្តនោម័តិ ហើយ​បាន​ទាត់​ចោល​គោលជំហរ​ជុំវិញ​គោលការណ៍​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​នៅ​ពេល​នោះ។

កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័តិ​លើ​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នៅ​ប្រទេស​ភូមា ដោយ​ទាមទារ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា និង​ជំរុញ​ឲ្យ​របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អតីត​មេដឹកនាំ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ផង​ដែរ។

ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អ្នកស្រី បាបារ៉ា វូដវឺដ (Barbara Woodward) បាន​អះអាង​ថា ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​ភូមា ឱ្យ​បាន​ពេញលេញ​តាម​សិទ្ធិ បំណង​ប្រាថ្នា និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ភូមា​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ មេដឹកនាំ​អាស៊ាន​បាន​ដាក់​លក្ខខណ្ឌ​រហូត​ដល់ ១៥​ចំណុច ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​ភូមា អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​ឱ្យ​បាន ទោះ​ត្រូវ​រក​វិធី​ផ្សេង​ទៀត​បែប​ណា​ក៏ដោយ បន្ទាប់ពី​ការ​ដឹកនាំ​អាស៊ាន​របស់​កម្ពុជា​អស់​រយៈពេល ១​ឆ្នាំ ដែល​គេ​មើល​ឃើញ​ថា​ស្ថានភាព​នៅ​ប្រទេស​ភូមា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ផុយ​ស្រួយ​ដដែល​នោះ។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា នៅ​ពេល​ដែល​លោក​ឡើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ប៉ុន្តែ​ចាប់ពី​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២២ មក វិបត្តិ​ភូមា​នៅតែ​បន្ត​កើតមាន ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន និង​ជាប់​គាំង​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស