33 C
Phnom Penh

អតីត​មន្ត្រី CNRP-O៖ បក្ស​កាន់​អំណាច​ព្យាយាម​ប្រមូល​បញ្ញវន្ត​គ្រប់​ទិស ខណៈ​បក្ស​ប្រឆាំង​បាត់បង់​គ្រប់​ទិស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​ប្រែ​ខ្លួន​ពី​កងឈ្លប​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សល់​ពី​របប​ខ្មៅ​ងងឹត ប្រឹង​ប្រមូល​យក​និស្សិត និង​បញ្ញវន្ត​ខ្មែរ​គ្រប់​ទិសទី​ឱ្យ​គាំទ្រ​ពួកគេ ខណៈ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​បាត់បង់​កម្លាំង​បញ្ញវន្ត​កាន់តែ​ច្រើន​ឡើងៗ។

អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ធ្នូ ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រវត្តិ​ពី​អតីតកាល​ដឹកនាំ​ដោយ​មេដឹកនាំ​អវិជ្ជា និង​ខ្លះ​ទៀត​ធ្លាប់​តែ​ជា​កងឈ្លប ឬ​កម្មាភិបាល​របស់​ខ្មែរក្រហម បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​បញ្ញវន្ត​ដែល​មាន​ជំនាញ​ពេញលេញ​គ្រប់ៗ​គ្នា​នៅ​ពេលនេះ។

លោក ប៉ុន សៅរី លើកឡើង​ថា ដោយឡែក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​តែ​មាន​និស្សិត បញ្ញវន្ត សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ អ្នកជំនាញ​បច្ចេកទេស ឬ​អ្នក​ការទូត​ចូលរួម​គួរ​ឲ្យ​ស្ញប់ស្ញែង​កាល​ពី​មុន ប្រែ​ជា​បាត់បង់​ធនធាន​មនុស្ស​ទាំងនោះ​អស់​ស្ទើរ​គ្មាន​សល់​នៅ​ក្នុង​ចលនា​របស់​ពួកគេ​នីមួយៗ ខណៈ​ផ្ទៃក្នុង​នៃ​ការ​ដឹកនាំ​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​រឿង​អយុត្តិធម៌​ថែម​ទៀត។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​លើ​ឆាក​នយោបាយ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ មិន​ថា​ក្នុង​បរិបទ​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ ធនធាន​មនុស្ស​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ ដូចជា​និស្សិត បញ្ញវន្ត សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ អ្នកជំនាញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម អ្នកជំនាញ​បច្ចេកទេស​គ្រប់​វិស័យ ឬ​អ្នក​ការទូត ជាដើម គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ជំរុញ​ចលនា​នៃ​គណបក្ស​នយោបាយ​នីមួយៗ​ឱ្យ​រីកចម្រើន​ទៅ​មុខ។

លោក ប៉ុន សៅរី គូសបញ្ជាក់​ថា បើ​ទោះបីជា​បក្ស​ប្រឆាំង​ធ្លាក់​ចុះ​ខ្សោយ​ក៏ដោយ ក៏​មិន​ទាន់​ហួស​ពេល​ដែរ ឱ្យ​តែ​ពួកគេ​អាច​ដឹកនាំ​នយោបាយ​រក​ការ​រួបរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​ឡើងវិញ​នោះ កម្លាំង​អ្នក​ស្នេហា​ជាតិ​នៅតែ​អាច​ងើប​ឡើង​គ្រប់​ពេល ខណៈ​ពលរដ្ឋ​ក៏​ទន្ទឹង​រង់ចាំ​កម្លាំង​របស់​ក្រុម​ប្រឆាំង​បែប​នេះ​ដែរ។

ការ​ដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា គឺ​មាន​តែ​ប៉ូល​ពីរ​ប៉ុណ្ណោះ​ដែល​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំងក្លា គឺ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ដែល​ក្រុម​បក្ស​ប្រឆាំង​ប្រកាន់​យក និង​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ដែល​គេ​មើល​ឃើញ​ថា​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ ប៉ុន្តែ​ការ​ដឹកនាំ​របស់​ក្រុម​ប្រឆាំង​បាន​ធ្លាក់​ចុះ​ខ្សោយ​ទៅៗ​ដែល​បណ្តាល​មកពី​ការ​បែកបាក់​ផ្ទៃក្នុង រហូត​ធ្វើ​ឱ្យ​បាត់បង់​ធនធាន​មនុស្ស​ដែល​ជា​បញ្ញវន្ត​មាន​ចំណេះដឹង​ជ្រៅជ្រះ​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ភាព​ជោគជ័យ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​មែន​ដោយសារតែ​ពួកគេ​ដឹកនាំ​ប្រទេស​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ខ្សោយ​ពេក ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន យក​ឈ្នះ​លើ​ការ​ដឹកនាំ​របស់​ពួកគេ​រហូត​មក។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ពិត​មែន​តែ​មាន​បញ្ញវន្ត​ចូលរួម​គាំទ្រ ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​ពួកគេ គឺ​ដើម្បី​គ្រួសារ​និយម​ប៉ុណ្ណោះ។ ដូច្នេះ ពួកគេ​គ្មាន​មូលដ្ឋាន​រឹងមាំ​ទេ។

លោក​បន្ថែម​ថា បើ​ទោះបីជា​មូលដ្ឋាន​របស់​ពួកគេ​មិន​រឹងមាំ​ក៏ដោយ ប៉ុន្តែ​ក្រុម​ប្រឆាំង​ត្រូវតែ​ធ្វើការ​អភិវឌ្ឍ​នូវ​ការ​ដឹកនាំ​របស់​ខ្លួន​បាន​ល្អ​ជាង​ពេល​កន្លងមក នោះ​ទើប​អាច​ទាក់ទាញ​ការ​ចូលរួម​ពី​បញ្ញវន្ត​ខ្មែរ​បាន​ទៅ​ថ្ងៃ​មុខ។

លោក សុខ សុគន្ធ បញ្ជាក់​ថា ក្រុម​ប្រឆាំង​មិន​អាច​ដឹកនាំ​តាម​បែប​បក្ខពួក ឬ​គ្រួសារ​និយម​ដូច​បក្ស​កាន់​អំណាច​ដាច់ខាត ប៉ុន្តែ​ពួកគេ​ត្រូវ​បង្រួបបង្រួម​គ្នា​ជា​លក្ខណៈ​ជាតិ​និយម នោះ​ទើប​អាច​ចង​បាច់​អ្នក​ស្នេហា​ជាតិ​ជា​កម្លាំង​រឹងមាំ ឆ្ពោះ​ទៅ​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​បាន បើ​មិន​ធ្វើ​ដូច្នោះ​ទេ ក្រុម​ប្រឆាំង​នឹង​ទ្រុឌទ្រោម​រហូត​រលាយ​ខ្លួន​ថែម​ទៀត​នា​ពេល​អនាគត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស