ក្រុម​កម្មករ​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២។

ព័ត៌មានជាតិ

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

By ឌឹ ខេមបូឌា ដេលី

December 28, 2022

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​យុទ្ធនាការ​សប្តាហ៍​ទី​៤ នេះ ក្រោយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​កម្មករ​រូប​នេះ​ទាំង​អយុត្តិធម៌។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត ត្បិត​តំណាង​កម្មករ​រូប​នេះ​មិន​ដែល​ទទួល​បាន​ការ​ជូនដំណឹង​ពី​អាជ្ញាធរ​តុលាការ​អំពី​លក្ខខណ្ឌ​ទាំងនោះ​ម្តង​ណា​ឡើយ។

នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​សប្តាហ៍​ទី​៤ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយពី​កញ្ញា​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាងលើ​លើកឡើង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ គឺជា​រឿង​មិន​ត្រឹមត្រូវ ត្បិត​កញ្ញា​មិន​ដែល​ទទួល​បាន​ការ​ជូនដំណឹង​ពី​អាជ្ញាធរ​តុលាការ​អំពី​លក្ខខណ្ឌ​ទាំងនោះ​ម្តង​ណា​ឡើយ។

កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ គឺ​ដោយសារតែ​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ អំឡុង​ពេល​ដែល​ជន​ត្រូវ​ចោទ​រូប​នោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

យ៉ាងណាក៏ដោយ តំណាង​អង្គការ​សង្គម​ស៊ីវិល​រាប់​សិប​ស្ថាប័ន​អះអាង​ដូចៗ​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចោទប្រកាន់​ថា​តំណាង​កម្មករ​រូប​នេះ​បាន​បំពាន​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​តាម​ការ​អះអាង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រាន់តែ​ជា​ការ​អះអាង​ដោយ​ឯកតោ​ភាគី។

ប្រភព​ដដែល​បញ្ជាក់​ថា ដីកា​ត្រួតពិនិត្យ​របស់​តុលាការ​មិន​បាន​បង្ហាញ​ថា មាន​ស្នាម​មេដៃ​របស់​កញ្ញា ឈឹម ស៊ីថរ នោះ​ឡើយ។ ជាង​នេះ​ទៀត មេធាវី​របស់​តំណាង​កម្មករ​រូប​នេះ​ក៏​មិន​ត្រូវ​បាន​ជូនដំណឹង​អំពី​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ដែរ ខណៈ​សំណើ​របស់​មេធាវី​សុំ​ពិនិត្យ​មើល​សំណុំរឿង​នោះ​ក៏​ត្រូវ​បាន​បដិសេធ​ថែម​ទៀត។

កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ បាន​រង​នូវ​ការ​បណ្តេញ​ចេញពី​ការងារ​ដោយ​អយុត្តិធម៌ និង​ការ​បញ្ឈប់​ពី​ការងារ​ទ្រង់ទ្រាយ​ធំ ដែល​ផ្ដោត​លើ​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន​ដែល​តែង​ការពារ​សិទ្ធិ​កម្មករ​រហូត​មក៕