31 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​តុលាការ​កុំ​ល្មោភ​ចាប់ចង​ពលរដ្ឋ​ដែល​មាន​ឧកញ៉ា​ជា​ដើមបណ្ដឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង លោក ហ៊ុន សែន ស្នើ​ឱ្យ​តុលាការ និង​នគរបាល​យុត្តិធម៌​ពិនិត្យ​មើល​អង្គហេតុ និង​កិច្ច​ការងារ​ច្បាប់​ឱ្យ​បាន​ច្បាស់លាស់ មុន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចុះ​ទៅ​ចាប់​ខ្លួន​នរណា​ម្នាក់​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ដែល​មាន​អ្នក​ឧកញ៉ា​ជា​ដើមបណ្ដឹង។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ លោក ហ៊ុន សែន រិះគន់​តុលាការ​របស់​លោក​ថា តុលាការ​សព្វថ្ងៃ​រវល់​តែ​រឿង​ចាប់ រឿង​ចង​ទាក់ទង​នឹង​ទំនាស់​នានា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា។

លោក ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​ករណី​រដ្ឋប្បវេណី តុលាការ​អាច​ត្រឹម​ធ្វើការ​កោះហៅ​សិន​បាន​ដែរ​ឬ​ទេ ដើម្បី​ពិភាក្សា និង​ពិនិត្យ​មើល? លោក​បន្ត​ថា មហាជន​ភាគច្រើន​គេ​គិត​ថា​រូប​លោក​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់ ទាំង​លោក​មិន​ដឹង​ខ្លួន​ផង​នោះ។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​ដោយសារ​យូរ​តែង​រង​ការ​រិះគន់​ថា យក​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​អំណាច​រូប​នេះ សំណូមពរ​ដល់​អ្នក​ដែល​ទទួល​បន្ទុក​ជា​មេបញ្ជាការ​នគរបាល​យុត្តិធម៌ កុំ​ចេះ​តែ​ទៅ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​ងងឹត​ងងុល។

ការ​លើកឡើង​នេះ បន្ទាប់ពី​បុគ្គលិក​បំពេញ​ការងារ​នៅ​ក្នុង​ទូរទស្សន៍​បាយ័ន​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ថា​បាន​គប់គិត​ជាមួយ​ឈ្មួញ​លក់​ដី​ខ្យល់។ បញ្ហា​នេះ​ទំនង​ជា​មាន​ទំនាស់​ជាមួយ​អ្នក​ឧកញ៉ា​ផង​ដែរ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​បុគ្គលិក​ទូរទស្សន៍​បាយ័ន​បែប​នេះ។

ទូរទស្សន៍​បាយ័ន​ត្រូវ​គេ​ដឹង​ថា​ជា​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​គ្រប់គ្រង​ដោយ​កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

លោក ហ៊ុន សែន អះអាង​ថា ក្រោយពី​លោក​ក្ដាប់​បាន​អង្គហេតុ​ទាំងនេះ លោក​បាន​បញ្ជូន​មេធាវី​របស់​លោក​ទៅ​ការពារ​ក្តី​ឱ្យ​បុគ្គលិក​បាយ័ន ហើយ​បាន​ធានា​ឱ្យ​រូប​គេ​នៅ​ក្រៅ​ឃុំ​សិន។ លោក​ហាក់​បង្ហាញ​អារម្មណ៍​មិន​ជឿ​ថា បុគ្គលិក​ទូរទស្សន៍​បាយ័ន​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​ប្រាស់​លើ​ករណី​ដីធ្លី​ជាង ៣៦​លាន​ដុល្លារ តាម​ការ​ចោទប្រកាន់​ឡើយ ព្រោះ​លោក​ស្គាល់​បុគ្គល​នោះ​ច្បាស់​ថា​មាន​ជីវភាព «ក្រ​រក​តែ​បាយ​ហូប​មិន​ចង់​បាន​ផង​នោះ»។

លោក ហ៊ុន សែន អះអាង​ថា បុគ្គលិក​បាយ័ន​ត្រូវ​មេធាវី​បង្គាប់​ទាមទារ​លុយ ៥​ពាន់​ដុល្លារ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ខឹងសម្បា​របស់​លោក ហ៊ុន សែន ទៅ​លើ​មន្ត្រី​តុលាការ​ដោយសារ​មន្ត្រី​រូប​នោះ​បាន​ចាប់​ខ្លួន​បុគ្គលិក​ទូរទស្សន៍​របស់​កូនស្រី​លោក ដែល​កំពុង​គ្រប់គ្រង​តែប៉ុណ្ណោះ ប៉ុន្តែ​លោក ហ៊ុន សែន អាច​សាទរ​ប្រសិនបើ​មន្ត្រី​តុលាការ​រូប​នោះ​ចាប់​ខ្លួន​បុគ្គលិក​ទូរទស្សន៍​ណា​ដែល​មាន​និន្នាការ​ខាង​ប្រជាធិបតេយ្យ ឬ​បុគ្គលិក​ទូរទស្សន៍​ដែល​ហ៊ាន​លាតត្រដាង​ពី​អំពើពុករលួយ​នៃ​គ្រួសារ​របស់​លោក។

កាលពី​ចុង​ឆ្នាំ​២០២១ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ដោយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដោយ​ត្រូវ​ពង្រឹង​ស្ថាប័ន​នេះ​ឱ្យ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​វិញ។

ចំណែក​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​អន់​បំផុត​លំដាប់​ទី​២ ផ្នែក​នីតិរដ្ឋ ក្នុង​របាយការណ៍​ឆ្នាំ​២០២១ ខណៈ​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​វិញ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​បន្ត​រួមរឹត​ដោយ​អំពើពុករលួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស