សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រក្សាជំហរជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅចុងខែធ្នូ នេះដដែល ដើម្បីទាមទារឲ្យដោះលែងគ្រូបង្រៀនដែលកំពុងជាប់ឃុំចំនួន ៥នាក់ ទោះបីរដ្ឋបាលសាលារាជធានីភ្នំពេញស្នើសុំឲ្យផ្អាកក៏ដោយ។
យោងតាមកំណត់ហេតុនៃកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ម្ចាស់សំណើ គឺអ្នកស្រី អ៊ុក ឆាយ៉ាវី បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំសម្ដែងមតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីទាមទារឲ្យមានការដោះលែងគ្រូបង្រៀនចំនួន ៥នាក់ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមចំនួន ១០០នាក់ និងមានការដង្ហែញត្តិដាក់ជូនសាលារាជធានីភ្នំពេញ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឲ្យផ្អាកការរៀបចំកម្មវិធីនេះវិញ ដោយសារសំណើរបស់សមាគមផ្ទុយនឹងមាត្រា៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងស្នើឱ្យម្ចាស់សំណើកែសម្រួលកម្មវត្ថុនៃលិខិតស្នើនោះឡើងវិញឲ្យស្របទៅតាមច្បាប់នានាជាធរមាន។
ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីសំណើសុំជួបជុំសម្ដែងមតិដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រវាងអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងលោក កើត ឆែ ជាមួយប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ។
មេដឹកនាំសហជីព និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ប្រាប់ The Cambodia Daily ថា ពួកគាត់នៅតែបន្តជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដូចការគ្រោងទុកដដែល។ លោកចាត់ទុកការជួបជុំគ្នាសម្ដែងមតិនេះ ថាមិនបានខុសច្បាប់ព្រហ្មទណ្ឌដូចសាលារាជធានីភ្នំពេញលើកឡើងឡើយ។
ថ្មីៗនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងប្រទេសលោកសេរីមួយចំនួន បានស្នើលោក ហ៊ុន សែន បើកលំហសិទ្ធិនយោបាយ សេរីភាព និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ដោយដោះលែងអ្នកជាប់ឃុំមនសិការឲ្យមានសេរីភាពវិញ។
បើតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ ថាអ្នកទាំងនេះត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ដោយសាររឿងនយោបាយ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕