27 C
Phnom Penh

ពលរដ្ឋ​រស់នៅ​ជិត​ព្រលាន​យន្តហោះ​ថ្មី​ប្រមូលផ្ដុំ​មុខ​សាលា​ខេត្ត​កណ្ដាល​ស្នើសុំ​ការ​ពន្យល់​លម្អិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាង ២០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ជិត ៥០០​គ្រួសារ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ស្នើសុំ​ឱ្យ​អភិបាល​ខេត្ត លោក គង់ សោភ័ណ្ឌ ពន្យល់​ពី​ព័ត៌មាន​លម្អិត​បន្ទាប់ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី និង​អាជ្ញាធរ​មូលដ្ឋាន ព្រមាន​រុះរើ​លំនៅឋាន​ស្រប​ច្បាប់​របស់​ពួកគេ និង​ហាមឃាត់​មិន​ឱ្យ​សាងសង់​សំណង់​គ្រប់​បែប​យ៉ាង​ទាំងអស់។

តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ុត ចាន់សុផាន់នី អះអាង​ថា ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ បាន​រង​ការ​គំរាមកំហែង​ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ពួកគេ​បាន​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​អ្វី​ទាំងអស់​លើ​ដី​របស់​ខ្លួន សូម្បីតែ​សង់​រោង​ចិញ្ចឹម​សត្វ​ក៏ដោយ។ ជាង​នេះ​ទៀត ពួកគេ​តែង​ដើរ​ចូល​ថត​តាម​ផ្ទះ​ណា​ដែល​មិន​មាន​ម្ចាស់​រស់នៅ និង​បាញ់​ថ្នាំ​ពណ៌​តាម​មុខ​ផ្ទះ ព្រមទាំង​ដើរ​ស្រង់​ស្ថិតិ​ចំនួន​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ​ថែម​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​នេះ គឺ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់ ត្បិត​ក្រុម​បុគ្គលិក​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​បាន​គំរាម​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន ដោយ​សំអាង​ថា​ពលរដ្ឋ​ទាំងនោះ​រស់នៅ​ដោយ​ខុស​ច្បាប់​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី ខណៈ​ពួកគាត់​បាន​រស់នៅ​ទីនោះ​មាន​លិខិត​កាន់កាប់​ដីធ្លី​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ។

ចំណែក​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ធន ស្រី អះអាង​ថា ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ មិន​ចង់​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​រស់នៅ​កន្លែង​ផ្សេង​នោះ​ទេ ហើយ​ការ​ជួបជុំ​គ្នា​នៅ​មុខ​សាលាខេត្ត​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​អភិបាល​ខេត្ត លោក គង់ សោភ័ណ្ឌ ធ្វើ​វេទិកា​មួយ​ដើម្បី​បញ្ជាក់​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​គំរាម​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន​បន្ត​ទៀត។

ក្រោយពី​ការ​ប្រមូលផ្ដុំ​របស់​ពលរដ្ឋ​នៅ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ខេត្ត​កណ្តាល បាន​អះអាង​ថា​នឹង​មិន​មាន​ការ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ​នោះ​ទេ។ ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​នឹង​បើក​វេទិកា​សាធារណៈ​ជួប​ជាមួយ​ពលរដ្ឋ​ទាំងនេះ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​បញ្ជាក់​ជូន​ពលរដ្ឋ​ជុំវិញ​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់ ចៀសវាង​នូវ​ការ​បង្ខិតបង្ខំ​ណា​មួយ​ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​លំនៅឋាន ខណៈ​ពួកគេ​ទាមទារ​រស់នៅ​លើ​ទីតាំង​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

លោក ស៊ឹង សែនករុណា ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ណា​មួយ​ពី​សំណាក់​ភាគី​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ និង​ភ័យខ្លាច​ពី​ការ​បណ្តេញ​ចេញពី​លំនៅឋាន​ដែល​នឹង​ធ្វើ​ឱ្យ​ខាតបង់​ផល​ប្រយោជន៍​របស់​ពួកគេ​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ យ៉ាងហោចណាស់​មាន​ពលរដ្ឋ ៥​ពាន់​គ្រួសារ​បាន​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ខណៈ​សកម្មជន ២១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១០​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កាត់​ដី​រដ្ឋ​ទំហំ ២៦០០​ហិកតារ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ដែល​លាតសន្ធឹង​លើ​ឃុំ​ចំនួន​៤ រួម​មាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស