31 C
Phnom Penh

មេដឹកនាំ​ខ្លាច​បាត់​អំណាច​គឺ​មិន​ហ៊ាន​ទម្លាក់​ចោល​បទ​ចោទ​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​បណ្ដា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​អត់ឱន និង​យោគយល់​ក្នុង​ស្ថានភាព​ដែល​គេ​ហៅថា ការ​ផ្សះផ្សា​ជាតិ គឺ​តែងតែ​ធ្វើ​ទៅ​បាន ព្រោះតែ​មេដឹកនាំ​នោះ​គាត់​មិន​ខ្វល់ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​សងសឹក ឬ​ការ​បាត់បង់​អំណាច​ដោយ​ការ​ចាញ់​ឆ្នោត​នោះ​ទេ។

តែ​សម្រាប់​មេដឹកនាំ​ក្រាញ​អំណាច ឬ​ចង់​ផ្ទេរ​អំណាច​ទៅ​កូនចៅ​របស់​ខ្លួន គឺ​ពុំ​មាន​ទេ​ការ​លើកលែង​ទោស ឬ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​គូប្រជែង​របស់​ខ្លួន។ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មិន​ហ៊ាន​យក​គោលការណ៍​ផ្សះផ្សា​ជាតិ​មក​លេង​ក្នុង​ល្បែង​នយោបាយ គឺ​ច្រើន​តែ​មេដឹកនាំ​នៃ​ប្រទេស​ផ្ដាច់ការ និង​បក្សពួក​និយម។

មេដឹកនាំ​ដែល​មាន​ចរិត​បែប​នេះ​មាន​ច្រើន​នៅ​លើ​ពិភពលោក ដែល​មិន​ទុក​ឱ្យ​គូប្រជែង​របស់​ខ្លួន​មាន​ឱកាស​ឡើង​កាន់​អំណាច​នោះ​ទេ។ មេដឹកនាំ​ប្រភេទ​នេះ​តែងតែ​ចាប់​យក​កងទ័ព​ជា​ឧបករណ៍​របស់​ខ្លួន និង​ដាក់​គំនាប​ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាតិ​ធំ មាន​ដូចជា​ស្ថាប័ន​សភា ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។ មេដឹកនាំ​មាន​ចរិត​ដូចនេះ មាន​ទាំង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ប្រទេស​មួយ​ដែល​គេ​កត់សម្គាល់ មេដឹកនាំ​ប្រទេស​នោះ​តែងតែ​កម្ចាត់​គូប្រកួត​ឱ្យ​ខ្ទាត់​ចេញពី​សង្វៀន​ប្រកួត ហើយ​ទុក​ឱកាស​ខ្លួនឯង​ជា​កីឡាករ​គ្មាន​គូប្រកួត គឺ​ព្រះរាជាណាចក្រ​កម្ពុជា។ មេដឹកនាំ​ប្រទេស​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​ពុំ​ដែល​ហ៊ាន​បើក​ចំហ​សេរីភាព​នយោបាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ព្រោះ​ខ្លាច​ចាញ់​ឆ្នោត។

ដោយឡែក​ប្រទេស​ភូមា គេ​មិន​បាច់​ថ្លែង​នោះ​ទេ គឺ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​ទៅ​ហើយ។ ប្រទេស​នេះ​គ្មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ទៀត​ទេ ក្រោយពី​ពួក​យោធា​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ប្រទេស​ក្រោម​ការ​ដឹកនាំ​នៃ​ពួក​យោធា​នេះ បាន​ចាប់​អ្នក​នយោបាយ​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដាក់​គុក​ជាង ៣០០​នាក់ ហើយ​បាញ់​សម្លាប់​ក្រុម​ប្រឆាំង​ជាង ៣​ពាន់​នាក់ ខណៈ​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​របប​របស់​ខ្លួន​ហក់​ឡើង​ជាង ១​ម៉ឺន ៦​ពាន់​នាក់។

ចំណែក​នៅ​រាជាណាចក្រ​ថៃ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា ធ្លាប់​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ ២០​លើក​មក​ហើយ​ចាប់តាំងពី​ការ​បញ្ចប់​របប​រាជា​និយម​សក្ដិភូមិ​ផ្ដាច់ការ​នៅ​ឆ្នាំ​១៩៣២ មក គឺ​ប្រជាធិបតេយ្យ​ប្រទេស​នេះ​លិច​អណ្ដែតៗ។

រដ្ឋប្រហារ​ចុងក្រោយ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ ដែល​ទម្លាក់​រដ្ឋាភិបាល​ប្រជាជន​នៃ​គណបក្ស​ភឿថៃ ដែល​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅ​ពីក្រោយ រាជាណាចក្រ​នេះ​បាន​ធ្លាក់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍​មេ​រដ្ឋប្រហារ​មក​ដល់​សព្វថ្ងៃ​នេះ ទោះ​ជា​ប្រទេស​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ​២០១៩ ក៏ដោយ តែ​ឧត្តមសេនីយ៍ ប្រាយុទ្ធ នៅតែ​ប្រើ​អំណាច​បែប​យោធា ដោយ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​ជា​ឧបករណ៍​របស់​ខ្លួន ដើម្បី​ជួយ​រុញ​លោក​ឱ្យ​ឡើង​កាន់​តំណែង​បន្ត​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្ត្រី​ចេញពី​សភា និង​ព្រឹទ្ធសភា ក្រោយពី​បោះឆ្នោត​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ទោះ​ជា​បក្ស​លោក​ចាញ់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ក៏ដោយ។

នៅ​ថ្ងៃ​សុក្រ ទី​៣០ ធ្នូ ក្នុង​សប្ដាហ៍​នេះ តុលាការ​របប​សឹក​ភូមា​នឹង​ប្រកាស​សាលក្រម​ជា​ស្ថាពរ​បិទ​បញ្ចប់​សំណុំរឿង​ជាង ១០ ប្រឆាំង​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី។ តែ​ក្រុម​អ្នក​សង្កេតការណ៍​ថា​អ្នកស្រី ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ អាច​នឹង​មាន​ទោស​ជាង ១០០​ឆ្នាំ ខណៈ​អ្នកស្រី​មាន​អាយុ ៧៧​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​នេះ។

របប​សឹក​ភូមា​ប្រកាស​ថា​នឹង​មាន​ការ​បោះឆ្នោត​សភា​ឡើងវិញ​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា អ្នកស្រី ស៊ូជី អតីត​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស រួម​នឹង​លោក​ប្រធានាធិបតី មីន វិយីន ទំនង​នឹង​ត្រូវ​ពួក​យោធា​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បើ​ពួក​យោធា​ហ៊ាន​ឱ្យ​អ្នក​នយោបាយ ២​រូប​នេះ​ឡើង​សង្វៀន​ប្រកួត ក្រោម​ហេតុផល​ផ្សះផ្សា​ជាតិ ក៏​ពួក​យោធា​ត្រូវ​រៀបចំ​សន្លឹកឆ្នោត​សម្រាប់​ខ្លួនឯង​ឈ្នះ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ពុំ​មាន​ទេ​ការ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដោយ​ក្រុម​អ្នក​នយោបាយ​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ បើ​ស្ថាប័ន​បោះឆ្នោត​ជា​ឧបករណ៍​របស់​ពួក​យោធា។

និយាយ​ពី​កម្ពុជា​វិញ ទំនង​មិន​ខុស​នឹង​ពួក​យោធា​ភូមា​នោះ​ទេ គឺ​ល្បិច​ដើម្បី​ឈ្នះ​ឆ្នោត គឺ​ដូច​គ្នា បើ​មាន​ព្រឹត្តិការណ៍​លើកលែង​ទោស ឬ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​រង​បទ​ចោទ​ពី​ទោស​ក្បត់​ជាតិ ឬ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

យ៉ាងណា​គេ​នៅ​មាន​ជំនឿ​ថា ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ មាន​ទំនុក​ចិត្ត​ជា​ស្ថាប័ន​ឯករាជ្យ និង​ឥត​លម្អៀង បើ​បក្ស​ណា​មាន​ការ​គាំទ្រ​ច្រើន គឺ​បក្ស​នោះ​នឹង​ឈ្នះ​ឆ្នោត គឺ​ស្ថាប័ន​នេះ​មិន​ជួយ​បន្លំ ឬ​មិន​កែប្រែ​តួលេខ​បោះឆ្នោត​នោះ​ទេ។ មាន​ន័យ​ថា បក្ស​ណា​បាន​សន្លឹកឆ្នោត​ច្រើន គឺ​បក្ស​នោះ​ពិត​ជា​បក្ស​ឈ្នះ​ឆ្នោត​ដែល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន។

តែ​យ៉ាងណា នៅ​ពេល​នេះ​បក្ស​នយោបាយ​នៃ​ក្រុម​ប្រឆាំង​កំពុង​គាប​សង្កត់​ឱ្យ​រំលាយ​ស្ថាប័ន​ព្រឹទ្ធសភា ដែល​ជា​ឧបករណ៍​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ព្រោះតែ​ស្ថាប័ន​នេះ​ហើយ​នាំ​ឱ្យ​លោក ប្រាយុទ្ធ ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​រួម​គ្នា​នៅ​ក្នុង​សភា​កាលពី​ឆ្នាំ​២០១៩ ព្រោះ​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​សឹង​តែ​ទាំងអស់​បោះឆ្នោត​គាំទ្រ​បេក្ខភាព​របស់​លោក ប្រាយុទ្ធ ជា​នាយករដ្ឋមន្ត្រី ដោយ​មិន​បោះឆ្នោត​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​នោះ​ទេ។

នៅ​ពេល​នេះ រាជាណាចក្រ​ថៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាយុទ្ធ នៅតែ​បិទ​សិទ្ធិ​លោក ថាក់ស៊ីន និង​អតីត​នាយករដ្ឋមន្ត្រី យីងឡាក់ ធ្វើ​នយោបាយ​ឡើងវិញ។

ការ​មិន​ទម្លាក់​ចោល​បទ​ចោទ​នយោបាយ មាន​ន័យ​ថា​ប្រទេស​ទាំងនោះ​ពុំ​មាន​គោល​នយោបាយ​ផ្សះផ្សា​ជាតិ​នោះ​ទេ ដែល​និយាយ​ឱ្យ​ចំ​ទៅ គឺ​មេដឹកនាំ​ប្រទេស​នោះ​គាត់​ខ្លាច​ចាញ់​ឆ្នោត ទើប​គាត់​ក្រាញ​អំណាច ហើយ​រាំង​ខ្ទប់​សេរីភាព​នយោបាយ​ចំពោះ​គូប្រជែង​នឹង​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស