28 C
Phnom Penh

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ព្រោះ​សំអាង​ថា​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ ខណៈ​សំណុំរឿង​របស់​កញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​ជម្រះ​ហើយ។ មូលហេតុ​មួយ​ទៀត តុលាការ​ថា​កញ្ញា ឈឹម ស៊ីថរ បាន​បំពាន​ដីកា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ថា ការ​សម្រេច​របស់​តុលាការ​ដែល​លើកឡើង​ថា​កញ្ញា ឈឹម ស៊ីថរ បំពាន​ដីកា​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ ហើយ​ក៏​មិនមែន​ជា​កំហុស​របស់​កញ្ញា ស៊ីថរ ដែរ។

លោក​បន្ត​ថា មូលហេតុ​ដែល​លោក​លើកឡើង​ដូច្នេះ ព្រោះ​ថា​កញ្ញា ស៊ីថរ និង​មេធាវី​ទាំងអស់​ដែល​ការពារ​ក្ដី​ឲ្យ​កញ្ញា​នោះ មិន​បាន​ទទួល​ការ​ជូនដំណឹង និង​ដីកា​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ខាង​តុលាការ​ឡើយ។ ដូច្នេះ កញ្ញា ឈឹម ស៊ីថរ ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​មិនមែន​ជា​កំហុស​ដែរ ហើយ​បើសិនជា​ចាប់ ឬ​ឃាត់​ខ្លួន គួរតែ​ធ្វើឡើង​ពេល​ដែល​កញ្ញា​ចេញ​ទៅ​ក្រៅ មិនមែន​ទើប​មក​ចាប់​ខ្លួន​កញ្ញា​ពេល​មក​វិញ​ទេ។

លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ដោយ​ហេតុ​ថា កំហុស​នីតិវិធី​របស់​តុលាការ​ដែល​មិន​បាន​ជូនដំណឹង​ដល់​មេធាវី និង​កញ្ញា ស៊ីថរ ករណី​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ បាន​ធ្វើ​ឲ្យ​កញ្ញា ឈឹម ស៊ីថរ ជា​អ្នក​រងគ្រោះ​ឈាន​ទៅ​ចាប់ និង​ឃុំ​ខ្លួន​ជា​ថ្មី​ទៀត ខណៈ​កញ្ញា​មិន​បាន​ខុស​សោះ។

ចំពោះ​ការ​សម្រេច​នេះ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។

តែ​យ៉ាងណាមិញ អំឡុង​សាលា​ឧទ្ធរណ៍​បើក​សវនាការ ក្រុម​កូដករ​ជាច្រើន​នាក់​ក៏​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​គាំទ្រ​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ វិញ​ផង​ដែរ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ប៉ូលិស​អន្តោប្រវេសន៍​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោម​ហេតុផល​បំពាន​បម្រាម​ដាក់​ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​របស់​តុលាការ បន្ទាប់ពី​កញ្ញា​ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ​នៅ​ប្រទេស​អូស្ត្រាលី។

កាលពី​ខែ​មករា ឆ្នាំ​២០២២ កញ្ញា ស៊ីថរ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ «ញុះញង់» តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំង​ប្រាំ​បី​រូប​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​មីនា ឆ្នាំ​២០២២។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រុម​សង្គម​ស៊ីវិល​ជិត ៧០​ស្ថាប័ន​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ឈប់​ភ័យខ្លាច​នូវ​វត្តមាន​ភាព​ក្លាហាន និង​ភាព​រឹងមាំ​របស់​កញ្ញា ស៊ីថរ តទៅទៀត។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ឱ្យ​ដោះលែង កញ្ញា ស៊ីថរ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចេញពី​ពន្ធនាគារ និង​សូម​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំភិតបំភ័យ​ប្រធាន និង​សមាជិក​សហជីព​តទៅទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស