31 C
Phnom Penh

តុលាការ​អាមេរិក​ដោះលែង​មន្ត្រី​កសិកម្ម​កម្ពុជា​ពាក់ព័ន្ធ​ការ​រត់​ពន្ធ​សត្វ​ស្វា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដោយ​ភ្ជាប់ GPS

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​សហរដ្ឋ​អាមេរិក​សម្រេច​ឱ្យ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុស​ច្បាប់ នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​តាមដាន​ដោយ​ប្រព័ន្ធ GPS ភ្ជាប់​នឹង​កជើង។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ឱ្យ​មន្ត្រី​ពី​ប្រទេស​កម្ពុជា​ទាំងអស់ រួម​ទាំង​លោក គ្រី ម៉ះផល ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេលនេះ គឺជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថានទូត​រាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ករណី​លោក គ្រី ម៉ះផល នឹង​ត្រូវ​ឆ្លងកាត់​នីតិវិធី​តាម​ផ្លូវ​តុលាការ​អាមេរិកាំង​នៅ​ពេល​ក្រោយ​ទៀត ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​គ្រប់​បែប​យ៉ាង​រហូត​សំណុំរឿង​នេះ​ឈាន​ដល់​ទី​បញ្ចប់។

ប្រភព​ដដែល​បញ្ជាក់​ថា នេះ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​មន្ត្រី​របស់​ខ្លួន បន្ទាប់ពី​លោក គ្រី ម៉ះផល ជួប​បញ្ហា​អំឡុង​ពេល​បំពេញ​បេសកកម្ម​នៅ​បរទេស ដើម្បី​រក​ផល​ប្រយោជន៍​ជូន​ជាតិ។

កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល បាន​ចូល​ខ្លួន​ទៅ​តុលាការ​រដ្ឋ​ផ្លរីដា ម្តង​ទៀត​ដើម្បី​បំពាក់​ប្រព័ន្ធ​តាមដាន GPS សាជាថ្មី បន្ទាប់ពី​តុលាការ​បាន​សម្រេច​ឱ្យ​មន្ត្រី​រូប​នេះ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ កន្លងទៅ​នេះ។

ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ចាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចនអេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុស​ច្បាប់ ខណៈ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ លោក កែវ អូម៉ាលីស ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​រូប​នេះ​កំពុង​មាន​សេរីភាព​នៅ​ប្រទេស​កម្ពុជា​នៅឡើយ។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​អំឡុង​ពេល​ដែល​មន្ត្រី​កម្ពុជា​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ សាយតេស (CITES) ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ាណាម៉ា ក្នុង​នោះ​បុគ្គលិក ៦​នាក់​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Vanny Bio Research ក៏​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​នេះ នៅ​ថ្ងៃទី​១៧ វិច្ឆិកា កន្លងទៅ ក្រសួង​ការបរទេស​កម្ពុជា និង​ក្រសួង​កសិកម្ម បាន​បង្ហាញ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះលែង​លោក គ្រី ម៉ះផល ជាបន្ទាន់។ ជាង​នេះ​ទៀត ក្រសួង​ការបរទេស​ប្រទេស​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌​ឱ្យ​មន្ត្រី​ទាំង​ពីរ​រូប​របស់​ខ្លួន​ផង​ដែរ។

ការិយាល័យ​មេធាវី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​រាយការណ៍​ថា ជនសង្ស័យ​ទាំង ៨​នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​នឹង​ការ​សមគំនិត​ក្នុង​ការ​រត់​ពន្ធ​សត្វព្រៃ និង​ការ​នាំ​ចូល​ដោយ​ខុស​ច្បាប់ ដោយ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ដឹក​ជញ្ជូន​សត្វ​ស្វា​រាប់​រយ​ក្បាល​ក្រោម​ឯកសារ​ក្លែងបន្លំ​ទៅ​កាន់​រដ្ឋ​ផ្លរីដា (Florida) និង​រដ្ឋ​តិចសាស់ (Texas) តាមរយៈ​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឯកជន​មួយ​ឈ្មោះ វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio Research) របស់​ចិន​ពី​ហុងកុង (Hong kong) នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​តុលា ឆ្នាំ​២០២០ ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) បាន​ចំណាយ​ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​សត្វ​ស្វា​ព្រៃ​ពី​ទីផ្សារ​ងងឹត​ចំនួន ១​ម៉ឺន ៤​ពាន់​ក្បាល ដែល​ជា​មធ្យម​គឺ​ប្រហែល ៦០ ទៅ ៧០​ក្បាល​ក្នុង​មួយ​ថ្ងៃៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​បង្កាត់​ពូជ​ស្វា​ក្ដាម ៦​ទីតាំង គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ស្វា​ក្ដាម​ជាង ១៣​ម៉ឺន ៩​ពាន់​ក្បាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស