មេដឹកនាំល្មោភអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងថា នយោបាយឈ្នះឈ្នះ ២៩ ធ្នូ ឆ្នាំ១៩៩៨ របស់លោក គឺជាយុទ្ធសាស្ត្រដែលនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព។
មេដឹកនាំខ្មែរដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ធ្នូ នេះថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះគឺជាខួប ២៤ឆ្នាំនៃការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលកម្ពុជាអាចរកបាននូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។
លោក ហ៊ុន សែន បញ្ជាក់ថា ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះដែលដឹកនាំដោយរូបលោកផ្ទាល់ក្នុងនាមជាស្ថាបនិកមួយរូប ដែលស្វះស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិជូនមាតុភូមិកម្ពុជារហូតមក។
គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់នូវភ្លើងសង្គ្រាមដែលបានឆាបឆេះអស់ពេលជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយសារតែថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នេះ គឺជាថ្ងៃដែលអង្គការចាត់តាំងខ្មែរក្រហមបានរលាយបែកបាក់ពីទឹកដីកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ខ្លួន។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងការពារជាតិ បានរៀបចំពិធីអបអរសាទរខួប ២៤ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន នៅវិមានឈ្នះឈ្នះដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ យុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ថា ប្រវត្តិនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់តាំងពីកងទ័ពវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក គឺមានតែការបំបែកបំបាក់ និងបំផ្លាញជាតិខ្មែរប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា ចរិតពិតនៃការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន គឺជាការដឹកនាំដណ្តើមអំណាច មិនមែនដឹកនាំដើម្បីរកផលប្រយោជន៍ឱ្យជាតិ ឬដើម្បីការពារអធិបតេយ្យជាតិសម្រាប់ខ្មែរនោះទេ ហើយមេដឹកនាំខ្មែររូបនេះក៏បានបំផ្លាញធនធានធម្មជាតិខ្មែរពេញផ្ទៃប្រទេស ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួនឯងដែរ។
លោកបន្ថែមថា ដើម្បីឱ្យប្រាកដថាលោក ហ៊ុន សែន ដឹកនាំប្រទេសដើម្បីតែបំបែកបំបាក់សាមគ្គីជាតិខ្មែរមែន ឬក៏អត់នោះ គេអាចមើលទៅលើរឿងរ៉ាវខុសច្បាប់ជាច្រើនដែលលោក ហ៊ុន សែន បានប្រព្រឹត្ត ដូចជាការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឱ្យផ្ទៃក្នុងជាតិខ្មែរទាំងមូលបែកបាក់រហូតសម្លាប់គ្នាឯងយ៉ាងរង្គាលលើកងទ័ពជាតិរាជានិយមពីសំណាក់កងទ័ពរដ្ឋកម្ពុជា ដែលបញ្ជាដោយលោក ហ៊ុន សែន នៅពេលនោះ។
អ្នកសង្កេតការណ៍កម្ពុជា លោក សុខ សុគន្ធ អះអាងថា មេដឹកនាំនយោបាយនៅកម្ពុជា គឺជាក្រុមអ្នកនយោបាយដែលគ្មានគោលដៅដើម្បីជាតិពិតប្រាកដនោះទេ ប៉ុន្តែពួកគេគ្រាន់តែប្រឹងរកកន្លែងឈរជើង ដើម្បីជីវភាពនយោបាយខ្លួនឯងប៉ុណ្ណោះ មិនមែនដើម្បីប្រទេសជាតិ ឬប្រជាជនខ្មែរនោះឡើយ។
លោក សុខ សុគន្ធ រិះគន់ថា ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងមុខរបរក្នុងកិច្ចការនយោបាយខ្លួនឯង មេដឹកនាំនយោបាយកម្ពុជាបានបំបែកបំបាក់ជាតិខ្មែរដោយការចោទប្រកាន់លើប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងពីក្រុមខ្លួន ជាជាងការដឹកនាំរកការផ្សះផ្សាបង្កើតនូវសាមគ្គីជាតិ ដែលអាចផ្តល់សេចក្តីសុខជូនពលរដ្ឋរបស់ខ្លួន។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាមិនមែនបញ្ចប់ដោយសារនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន នោះទេ គឺបញ្ចប់ដោយសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុណ្ណោះ។
ផ្ទុយទៅវិញ បើគ្មានកិច្ចព្រមព្រៀងនេះ កម្ពុជាក៏មិនអាចចូលតុចរចាពីគ្រប់ភាគីនៅទីក្រុងប៉ារីស និងមិនអាចបញ្ឈប់ការលូកដៃពីបរទេសដែលមានបំណងឈ្លានពានកម្ពុជាដោយបើកចំហនៅពេលនោះបានដែរ ដូច្នេះនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន បើប្រៀបធៀបនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមិនចាត់ទុកជាសមិទ្ធផលធំធេងសម្រាប់កម្ពុជាដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ៕