26 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​កែប​ទៅ​តុលាការ​ករណី​បៀតបៀន​និង​ប្រើ​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​នគរបាល​ខេត្ត​កែប បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​នេះ​ទៅ​តុលាការ ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​មន្ត្រី​ពន្ធដារ​ម្នាក់ និង​ករណី​បៀតបៀន​លើ​ស្ត្រី ២​នាក់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ដក​តំណែង បើ​ទោះបីជា​អតីត​មន្ត្រី​រូប​នេះ​កំពុង​គេច​ខ្លួន​ក្តី។

បើ​តាម​លោក សម្បត្តិ សុធារដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​អតីត​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ ករណី​បង្ក​របួស​ស្នាម និង​បៀតបៀន​លើ​ស្ត្រី ទៅ​កាន់​សាលាដំបូង​ខេត្ត​នេះ​ដើម្បី​បន្ត​នីតិវិធី​រួច​ហើយ ប៉ុន្តែ​សេចក្តី​សម្រេច​បែប​ណា​នោះ គឺ​អាស្រ័យ​លើ​តុលាការ។

ទោះបីជា​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក៏​មែន​ពិត ប៉ុន្តែ​បើ​តាម​លោក​ស្នងការ​ខេត្ត​ថា អតីត​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ បាន​រត់​គេច​ខ្លួន​បន្ទាប់ពី​បង្ក​ហេតុ។

អតីត​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ ត្រូវ​បាន​លោក ហ៊ុន សែន ដក​ចេញពី​មុខតំណែង​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

ការ​ស្នើ​របស់​លោក ស ខេង បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា អតីត​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​មន្ត្រី​សាខា​ពន្ធដារ អ្នកស្រី ខូវ ហ៊ុយឡាំង បណ្ដាល​ឲ្យ​បែក​ក្បាល​កាលពី​យប់​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ និង​បាន​បៀតបៀន​លើ​ស្ត្រី​ម្នាក់​ទៀត​ក្នុង​ពិធី​ជប់លៀង​មួយ​នៃ​ការ​ឡើង​កាន់​តំណែង​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ។

សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្រោយ​មក​លោក ភូ លិ បាន​ថើប​ក្បាល​នារី​ម្នាក់​ជា​សាច់ញាតិ​របស់​អ្នកស្រី ខូវ ហ៊ុយឡាំង និង​បាន​យក​កែវ​គប់​ទៅ​លើ​អ្នកស្រី ហ៊ុយឡាំង ថែម​ទៀត​ផង។ ប្រភព​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​ហិង្សា និង​ការ​បៀតបៀន​នេះ លោក ភូ លិ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស