30 C
Phnom Penh

ប្រទេស​ជិតខាង​កម្ពុជា​មួយ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ខណៈ​នាយករដ្ឋមន្ត្រី​ចាស់​សុំ​លាលែង​ពី​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ឡាវ ឬ​លាវ ជា​ប្រទេស​មួយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​សមាគម​អាស៊ាន។

ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនីស្ត ដែល​ការ​ជ្រើសតាំង​មេដឹកនាំ​ចេញពី​បក្ស ហើយ​គណបក្ស​មក​សុំ​ការ​អនុម័ត​ពី​សមាជិក​សភា​ដែល​ជា​សភា​ឯក​បក្ស។ មាន​ន័យ​ថា មាន​តែ​បក្ស​កុម្មុយនីស្ត​មួយ​គត់​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស។

យ៉ាងណា បក្ស​កុម្មុយនីស្ត​ឡាវ បាន​ចង​អាណត្តិ​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ឱ្យ​កាន់​តំណែង​បាន​រយៈពេល ១០​ឆ្នាំ គឺ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។ តែ​ជាមួយ​គ្នា​នេះ បក្ស​កុម្មុយនីស្ត​ឡាវ ក៏​បាន​បើក​ឱកាស​ឱ្យ​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី អាច​លាលែង​ពី​តំណែង​បាន​ដែរ បើ​ពួកគាត់​ចង់​ចូល​និវត្តន៍​ពី​មុខនាទី ឬ​ឋានៈ​ដ៏​កំពូល​របស់​បក្ស និង​ប្រទេស។

អ្វី​ជា​ការ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​សង្កេតការណ៍ និង​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​នៃ​សមាគម​អាស៊ាន គឺ​នាយករដ្ឋមន្ត្រី Phankham Viphavanh កំពុង​កាន់​តំណែង បាន​ស្នើសុំ​ទៅ​បក្ស​លាលែង​ពី​តំណែង ហើយ​ឧបនាយករដ្ឋមន្ត្រី​ទី​១ លោក Sonexay Siphandone បាន​ឡើង​មក​ជំនួស​បុរស​វ័យ ៧១​ឆ្នាំ​រូប​នេះ។

លោក Phankham Viphavanh នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​សភា​ជាតិ​កាលពី​ថ្ងៃ​សុក្រ ទី​៣០ ធ្នូ ឆ្នាំ​២០២២ សប្ដាហ៍​មក​នេះ លោក​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឡាវ ក្រោម​ហេតុផល​បញ្ហា​សុខភាព និង​ដល់​អាយុ​ចូល​និវត្តន៍។

លោក Phankham Viphavanh កើត​នៅ​ឆ្នាំ​១៩៥១ ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ឡាវ ដោយ​សភា​ជាតិ​កាលពី​ខែ​មីនា ឆ្នាំ​២០២១។ លោក​ក៏​ធ្លាប់​បាន​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​អប់រំ និង​ជា​អភិបាល​ខេត្ត Huaphan។

ការ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​នោះ ដោយសារ​លោក Phankham បាន​ប្រាប់​សភា​ថា លោក​ត្រូវការ​ចូល​និវត្តន៍ ហើយ​ម្យ៉ាង​ទៀត​គឺ​កត្តា​សុខភាព​ដែល​រុញ​ឱ្យ​លោក​សុំ​សម្រាក​ពី​ភារកិច្ច និង​មុខតំណែង​នាយករដ្ឋមន្ត្រី។

សមាជិក​សភា​ប្រទេស​ឡាវ​ដែល​មាន​ការ​ភ្ញាក់ផ្អើល ហើយ​ក៏​អនុម័ត​តាម​សំណើ​របស់​សាមី​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣។

ទីបំផុត បេក្ខជន​មាន​តែ​ម្នាក់​គត់​ដែល​បក្ស​កុម្មុយនីស្ត​ឡាវ បញ្ជូន​ឈ្មោះ​មក​សុំ​ការ​អនុម័ត​ពី​សភា គឺ​លោក Sonexay Siphandone។ លោក Sonexay ត្រូវ​បាន​សភា​អនុម័ត​ឱ្យ​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ។ នៅ​ក្នុង​ការ​បោះឆ្នោត​នោះ មាន​សំឡេង​ជំទាស់​តែ ២​ប៉ុណ្ណោះ។ ចំណែក​សំឡេង​គាំទ្រ គឺ​លើសលប់​មាន​រហូត​ដល់​ទៅ ១៤៩​សំឡេង។

ក្រោយពី​ទទួល​បាន​សំឡេង​លើសលប់​គាំទ្រ​ជា​នាយករដ្ឋមន្ត្រី លោក Sonexay បាន​ថ្លែង​អរគុណ​សមាជិក​សភា​ដោយ​សន្យា​ដើរ​តាម​គោលការណ៍​បក្ស និង​ខិតខំ​ប្រមូល​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។ អ្វី​ដែល​មាន​ការ​ចាប់អារម្មណ៍ គឺ​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ជា​កូនប្រុស​របស់​អតីត​ប្រធានាធិបតី Khamtay Siphandone។

ក្រោយពី​សភា​អនុម័ត​ឱ្យ​លោក Sonexay បាន​ឡើង​តំណែង​នាយករដ្ឋមន្ត្រី គឺ​ភ្លាមៗ​នោះ​គណៈរដ្ឋមន្ត្រី​ក៏​ត្រូវ​បាន​រុះរើ ដោយ​សុំ​ការ​អនុម័ត​ពី​សភា​នៅ​ថ្ងៃ​កិច្ចប្រជុំ​នៃ​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤ តែម្ដង។

បច្ចុប្បន្ន លោក Thongloun Sisoulith គឺជា​ប្រមុខ​រដ្ឋ​នៃ​សាធារណរដ្ឋ​ឡាវ តែ​ការងារ​សកម្ម​ប្រចាំ​ថ្ងៃ​គេ​ហៅ​ថា​នីតិប្រតិបត្តិ ស្ថិត​នៅ​ក្រោម​នាយករដ្ឋមន្ត្រី។

ជីវប្រវត្តិ​សង្ខេប​របស់​លោក Sonexay

លោក Sonexay Siphandone កើត​នៅ​ខែ​មករា ឆ្នាំ​១៩៦៦។ លោក Sonexay ជា​សមាជិក​ការិយាល័យ​នយោបាយ​គណៈ​មជ្ឈិម​នៃ​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ។ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​ឡាវ នៅ​ឯ​សភា​ជាតិ​នីតិកាល​ទី​៨ ក្នុង​ឆ្នាំ​២០០៦ និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៅ​ឯ​សភា​ជាតិ​នីតិកាល​ទី​១០ ក្នុង​ឆ្នាំ​២០១៦។

មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ចាប់ផ្ដើម​បញ្ជូន​សារ​អបអរ​សាទរ​លោក Sonexay។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Phạm Minh Chính បាន​បញ្ជូន​សារ​មុនគេ​ទៅ​ជូន​លោក Sonexay។ សារ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម សង្កត់​ធ្ងន់​អំពី​ការ​ពង្រឹង​ចំណង​ទាក់ទង​មិត្តភាព និង​សហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​ការ​ពង្រឹង​ស្ថិរភាព និង​សន្តិសុខ​តំបន់​អាស៊ាន​កាន់តែ​រឹងមាំ។

ចំណែកឯ​សារ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong ក៏​មិន​ខុស​នឹង​សារ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ដែរ។ សមាគម​អាស៊ាន​មាន ១០​ប្រទេស។ ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​អាស៊ាន​ផង​ដែរ។ គេ​ពុំ​ទាន់​ឃើញ​មាន​ការ​ចុះផ្សាយ​អំពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​បុរស​ខ្លាំង​កម្ពុជា​បាន​បញ្ជូន​សារ​អបអរ​សាទរ​លោក Sonexay ដែល​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ឡាវ​នៅឡើយ​នោះ​ទេ។ តែ​លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​ក៏​មាន​ផែនការ​លាលែង​ពី​តំណែង​ដែរ បើ​មិន​នៅ​ឆ្នាំ​២០២៣ ឬ​ក៏​ឆ្នាំ​២០២៥ លោក​នឹង​លាលែង​ពី​តំណែង​ដែល​លោក​បាន​កាន់កាប់​តំណែង​នេះ​តាំងពី​ឆ្នាំ​១៩៨៥ មក។

យ៉ាងណា តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន គឺ​លោក​ត្រៀម​ផ្ទេរ​ទៅ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើឡើង​តាម​ការ​ស្នើសុំ​របស់​លោក​ឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​ចាំបាច់​ផ្ទេរ​ទៅ​តាម​ការ​ចាត់តាំង​របស់​បក្ស​ទម្លាក់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ទី​១ នោះ​ទេ។ លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស