ក្រៅពីការវាយកម្ទេចរំលាយបុរាណវត្ថុ វប្បធម៌ជាតិក្នុងវត្ត មន្ត្រីរាជរដ្ឋាភិបាលនិយាយថា គេស្ថាបនាមហាព្រះពុទ្ធបដិមាលើកំពូលភ្នំ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា។ នេះជាភាសាធ្វើពើលាក់ពុត។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នោះហើយ ដោយគោរពទៅតាមប្លង់មេ និងរចនាបថតាមក្រុមការងារអន្តរក្រសួងបានសម្រេច ព្រមទាំងមានការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះថា ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងខេត្តកំពត ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
លោក ជា សុផារ៉ា លើកឡើងថា ការសាងសង់ព្រះពុទ្ធបដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្ដានុពលទេសចរណ៍ថ្មីមួយទៀតនៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ផងដែរ ហើយព្រះពុទ្ធបដិមានេះនឹងក្លាយជាព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។
ការសម្រេចសាងសង់ព្រះពុទ្ធបដិមានេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចឱ្យក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ សុខា អូតែល ជាផ្លូវការកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។
ឧកញ៉ា សុខ គង់ ដែលធ្លាប់គ្រប់គ្រងប្រាសាទអង្គរប្រមូលចំណេញបានរាប់រយលានដុល្លារពីទេសចរ អះអាងកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២ ថា ព្រះពុទ្ធបដិមានេះនឹងក្លាយជាព្រះពុទ្ធបដិមាខ្ពស់ជាងគេនៅលើពិភពលោក ដែលគ្រោងនឹងចំណាយថវិកាប្រមាណពី ៣០ ទៅ ៤០លានដុល្លារសហរដ្ឋអាមេរិក។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មករា នេះថា ការសាងសង់និមិត្តរូបព្រះពុទ្ធបដិមានេះគឺជារឿងល្អ ប្រសិនបើរូបសំណាកនោះធ្វើឡើងតាមទម្រង់បែបបទរបស់ខ្មែរ និងមានគោលដៅទុកជាទីសក្ការៈ ប៉ុន្តែបើទ្រង់ទ្រាយនៃការសាងសង់រូបបដិមានេះមិនដូចទម្រង់នៃព្រះពុទ្ធបដិមាដែលពលរដ្ឋខ្មែរធ្លាប់គោរពបូជាទេ ការសាងសង់នេះអាចនឹងមានចេតនាផ្សេងក្រៅពីការគោរពបូជា និងទាក់ទាញទេសចរណ៍។
លោកបញ្ជាក់ថា ថ្ងៃក្រោយអាចនឹងជួបវិបត្តិផ្សេងៗ ហើយវិស័យព្រះពុទ្ធសាសនានឹងធ្លាក់ចុះផងដែរ ខណៈការគោរពព្រះពុទ្ធសាសនាតាមបែបប្រជាពលរដ្ឋខ្មែរដែលធ្លាប់បូជា ក៏អាចនឹងប្រែក្លាយន័យដើមថែមទៀត។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា គោលបំណងអាទិភាពរបស់ឧកញ៉ា សុខ គង់ ដែលសាងសង់ព្រះពុទ្ធបដិមាដ៏ធំជាងគេលើពិភពលោកលើតំបន់កាន់កាប់របស់គាត់បែបនេះ គឺដើម្បីតែផលប្រយោជន៍ដែលនឹងហូរចូលតាមរយៈទេសចរដែលនឹងទៅកម្សាន្តនៅតំបន់នោះ ខណៈការគោរពចំពោះព្រះពុទ្ធបដិមានេះ គឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះ។
ភ្នំបូកគោត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិអភិវឌ្ឍន៍រយៈពេល ៩៩ឆ្នាំដល់ក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ ដែលជាជនជាតិវៀតណាម លើផ្ទៃដីជិត ២៤០០ហិកតារចាប់តាំងពីឆ្នាំ២០១០ មក ខណៈការអភិវឌ្ឍបានចាប់ផ្តើមពីដើមដំបូងរាប់ទាំងសណ្ឋាគារ កាស៊ីណូ ផ្លូវឡើងភ្នំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលក្រុមហ៊ុននេះបានវិនិយោគអស់ទឹកប្រាក់ចន្លោះពី ៤០០ ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិកហើយបើគិតមកទល់នឹងពេលនេះ៕