33 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ហ៊ុន ជា ចូល​ខ្លួន​ដោះស្រាយ​បញ្ហា​សហាយ​ស្មន់​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន បញ្ជា​ឲ្យ​លោក ហ៊ុន ជា ត្រូវ​តែ​ចូល​ខ្លួន​ដោះស្រាយ​បញ្ហា​សហាយ​ស្មន់​លួច​លាក់​ជាបន្ទាន់ បើ​ចង់​ពាក់​ផ្កាយ​តទៅទៀត បើ​មិន​ដូច្នេះ​ទេ លោក​នឹង​អនុវត្ត​ច្បាប់​ឯកពន្ធភាព​ដក​ផ្កាយ​ចេញ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ក្នុង​គ្រួសារ​ត្រកូល ហ៊ុន លោក​មាន​សិទ្ធិ​ឈឺឆ្អាល​លើ​មនុស្ស​គ្រប់​គ្នា​ទាំងអស់។

បុរស​ខ្លាំង​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន លើកឡើង​ថា លោក ហ៊ុន ជា មិន​ទាន់​លែងលះ​គ្នា​ដោយ​ស្រប​ច្បាប់​ជាមួយ​នឹង​ប្រពន្ធ​ខ្លួនឯង​នៅឡើយ​ទេ ដូច្នេះ​នារី​ដែល​ជា​សហាយ​ស្មន់​នោះ​ក៏​គួរតែ​ដក​ខ្លួន​ដែរ ហើយ​ការ​យក​រូប​ដែល​ពួកគេ​បាន​ថត​ជាមួយ​គ្នា​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេលនេះ គឺជា​ការ​បញ្ឈឺ​ចិត្ត​ទៅ​ដល់​ប្រពន្ធ និង​កូន រួម​ទាំង​លោក​ដែល​ជា​ឪពុកមា​យ៉ាង​ខ្លាំង​ផង​ដែរ។

ការ​អះអាង​របស់​លោក ហ៊ុន សែន បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ឧត្តមសេនីយ៍ឯក​ផ្កាយ​បី លោក ហ៊ុន ជា ដែល​ជា​ក្មួយប្រុស​របស់​លោក​កំពុង​មាន​សហាយ​ស្មន់​លួចលាក់​ជាមួយ​ស្រី​ដទៃ​ចោល​ប្រពន្ធ និង​កូនបង្កើត​ខ្លួនឯង​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ឯក​ផ្កាយ​បី លោក ហ៊ុន ជា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​នារី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា គង់ សុបញ្ញា លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មិនមែន​ជា​សាច់ញាតិ​របស់​ខ្លួន ខណៈ​លោក ហ៊ុន សែន អះអាង​ថា​នារី​ម្នាក់​នោះ​គឺជា​សហាយ​ស្មន់​លួចលាក់​របស់​លោក ហ៊ុន ជា។ លោក ហ៊ុន សែន ព្រមាន​ឲ្យ​នារី​ម្នាក់​នោះ​ដក​ខ្លួន​ពី​ក្មួយប្រុស​របស់​លោក​ជា​បន្ទាន់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មករា នេះ​ថា ការ​លើក​យក​ករណី​លោក ហ៊ុន ជា មក​និយាយ​បែប​នេះ គ្រាន់តែ​បង្ហាញ​ថា​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដែល​ចេះ​ត្រឹមតែ​គិតគូរ​រឿង​គ្រួសារ​ខ្លួនឯង​ប៉ុណ្ណោះ បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​សព្វថ្ងៃ​នេះ​មាន​ច្រើន​អនេក ដូចជា​វិវាទ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ បញ្ហា​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​លំហ​ប្រជាធិបតេយ្យ ជាដើម លោក ហ៊ុន សែន មិន​យក​មក​ដោះស្រាយ​ទាល់តែសោះ ទោះ​ជា​មាន​ការ​ស្នើ​ពី​អង្គការ​សង្គម​ស៊ីវិល ឬ​មជ្ឈដ្ឋាន​អន្តរជាតិ​ក៏ដោយ។

លោក គឹម សុខ លើកឡើង​ថា ករណី​លោក ហ៊ុន ជា មិន​គួរ​ដល់​ថ្នាក់​លោក ហ៊ុន សែន យក​មក​ដោះស្រាយ​លើ​វេទិកា​របស់​លោក​បែប​នេះ​ទេ ព្រោះ​ជា​រឿង​កំប៉ិកកំប៉ុក​ក្នុង​គ្រួសារ​របស់​គាត់​តែប៉ុណ្ណោះ បើ​លោក ហ៊ុន ជា ធ្វើ​ខុស​ច្បាប់​រដ្ឋ គួរតែ​បញ្ជូន​ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ គឺ​ចប់​រឿង​ហើយ។

លោក​បន្ថែម​ថា រឿង​ណាហ្គា​វើលដ៍​ជា​រឿង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​យក​មក​ដោះស្រាយ បែរ​ជា​ទុក​រឿង​នេះ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ធ្វើ​បាប​កម្មករ​រហូត​ដល់​ពេល​នេះ​ទៅវិញ?

អ្នកវិភាគ​រូប​នេះ​អះអាង​ថា គ្រួសារ​ត្រកូល ហ៊ុន មិនមែន​មាន​តែ​លោក ហ៊ុន ជា ទេ​ដែល​មាន​ស្រី​លួចលាក់​ក្បត់​ចិត្ត​ប្រពន្ធ សូម្បីតែ​កូន​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ខ្លួនឯង​ក៏​ធ្លាប់​មាន​ស្រី​ក្រៅ​លួច​លាក់​ក្បត់​ចិត្ត​ប្រពន្ធ និង​កូន​ដែរ។ ដូច្នេះ ទាំង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​គាត់​ក៏​មិន​បម្រើ​ប្រទេស​ជាតិ ទាំង​បុគ្គល​ផ្ទាល់ខ្លួន​ក្នុង​នាម​ជា​មេ​គ្រួសារ​របស់​ត្រកូល ហ៊ុន ក៏​មិន​មាន​ភាព​ជា​គំរូ ឬ​មាន​សីលធម៌​សម្រាប់​ឱ្យ​សមាជិក​គ្រួសារ​គោរព​ដែរ។

រឿង​ពិត​ជាក់ស្តែង គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេស​បារាំង បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា ការ​លាតត្រដាង​នូវ​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ បាន​ចោទ​ថា អ្នកស្រី ប៊ុន រ៉ានី ដែល​ត្រូវ​ជា​ភរិយា​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​នាដកា​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​សហាយ​ស្មន់​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​នោះ។

ទស្សនាវដី្ត អ៊ិចប្រេស​បារាំង ដដែល​នោះ បញ្ជាក់​ថា ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា​ការ​ស្លាប់​របស់​អ្នក​របាំ​រូប​នោះ គឺ​ស្លាប់​ក្រោម​ការ​បញ្ជា​របស់​ភរិយា​លោក ហ៊ុន សែន ក្នុង​នោះ​មាន​ដូចជា សៀវភៅ​កំណត់​ហេតុ​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​បាន​សរសេរ​រៀបរាប់​ពី​ប្រវត្តិ​ស្នេហា​របស់​អ្នកស្រី​ជាមួយ​លោក ហ៊ុន សែន។ ក្រៅពី​នេះ​ក៏​មាន​កំណាព្យ​ឆ្លងឆ្លើយ​ស្នេហា​រវាង​លោក ហ៊ុន សែន និង​អ្នកស្រី​ផង​ដែរ ដែល​ជា​ចំណារ​របស់​លោក ហ៊ុន សែន ផ្ទាល់​ក្រោយ​គេ​ផ្ទៀងផ្ទាត់​អក្សរ​សរសេរ​ដៃ​ផ្សេងៗ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​រួច​មក។

ជុំវិញ​រឿងរ៉ាវ​ស្នេហា​អាស្រូវ​ផ្លូវភេទ​របស់​ត្រកូល​ហ៊ុន​នេះ កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​ធ្លាប់​ត្រូវ​បាន​គេ​ទម្លាយ​រឿងរ៉ាវ​ស្នេហា​សហាយ​ស្មន់​លួច​លាក់​ស្រី​ញី​នៅ​ខាងក្រៅ​ក្បត់​ចិត្ត​ប្រពន្ធ​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​យូធូប កាលពី​អំឡុង​ឆ្នាំ​២០១៨។

រឿងរ៉ាវ​ស្នេហា​លោក ហ៊ុន ម៉ានី គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​តារា​ស្រី​ម្នាក់​ឈ្មោះ ដួង ហ្សូរីដា ជុំវិញ​ការ​ផ្តល់​លុយកាក់​ពី​សំណាក់​លោក ហ៊ុន ម៉ានី ទៅ​តារា​ស្រី​រូប​នោះ​ចំនួន ៤​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​តារា​ស្រី​រូប​នោះ​ធ្វើ​ជា​មេ​អណ្ដើក ឬ​ឈ្មួញ​កណ្ដាល​ក្នុង​ការ​រក​តារា​ស្រី​ផ្សេងៗ​ទៀត​ឱ្យ​មក​កំដរ​លោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស