31 C
Phnom Penh

ប្រធាន​បក្ស​ខ្មែរ​ឈ្នះ​រិះគន់​ការ​រឹបអូស​ស្នាក់ការ​បក្ស CNRP យក​ទៅ​លក់​ថា​ជា​គំរូ​ដ៏​អាក្រក់​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​រិះគន់​ថា ការ​លក់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្លាក់​ដល់​ខ្លួន​វិញ​ក្រោយ​ពេល​ដែល​បាត់បង់​អំណាច។ នេះ​គឺជា​លេស​ស្មើ​នឹង​ការ​រឹបអូស​សម្បត្តិ​ឯកជន​ធ្វើ​ជាតូបនីយកម្ម​ក្រុមហ៊ុន​ឯកជន​ពេល​ធ្វើ​បដិវត្តន៍​ផ្លាស់​របប​គ្រប់គ្រង។

លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​នឹង​រូប​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៤ មករា នេះ​ថា ការ​រឹបអូស ឬ​លក់​កម្មសិទ្ធិ​ដីធ្លី ផ្ទះ​សម្បែង​របស់​អ្នក​ដទៃ​ក្រោម​ហេតុផល​នយោបាយ គឺជា​គំរូ​មួយ​ដ៏​អាក្រក់​បំផុត។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ចាត់ទុក​ថា​ការ​ប្រើ​វិធាន​រឹបអូស​ទ្រព្យសម្បត្តិ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ គឺជា​ការ​បំបាក់​ស្មារតី​អ្នក​នយោបាយ​សំឡេង​ជំទាស់ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ លោក​បន្ថែម​ថា ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​កាត់​សេចក្តី​សំណុំរឿង​នយោបាយ​គ្រប់​ករណី​ទាំងអស់។

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កម្ទេច​ក្រុម​ប្រឆាំង​មិន​ដក​ដៃ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ​ថា ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែលើ ក្នុង​រាជធានី​ភ្នំពេញ បាន​លក់​ដាច់​ហើយ​ក្នុង​តម្លៃ ១​លាន ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែកឯ​លោក សម រង្ស៊ី វិញ លោក​កំពុង​ហាត់​ជិះ​ស្គី​លើ​ទឹកកក​នៅ​ទ្វីប​អឺរ៉ុប​នា​ដើម​ខែ​មករា ឆ្នាំ​២០២៣ នេះ។

ការ​អះអាង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​សម្រេច​លក់​ទីស្នាក់ការ​កណ្ដាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ផ្ទះ​របស់​លោក សម រង្ស៊ី នៅ​សង្កាត់​ចាក់អង្រែលើ ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

ដីកា​សម្រេច​លក់​ផ្ទះ​លោក សម រង្ស៊ី ដែល​ប្រើ​ជា​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​ដើម្បី​យក​លុយ​ទៅ​សង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ដូចជា​លោក ហ៊ុន សែន លោក ហេង សំរិន លោក ស ខេង និង​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ២​លាន ៥​សែន​ដុល្លារ​អាមេរិក បន្ទាប់ពី​តុលាការ​សម្រេច​ឱ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍ ជុំវិញ​ការ​ចោទប្រកាន់​របស់​លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង​នៃ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី និង​ករណី​ស្លាប់​លោក ហុក ឡង់ឌី នៅ​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​អំឡុង​ឆ្នាំ​២០០៨។

កាលពី​ខែ​មករា ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី និង​ដាក់​លក់​ឡាយឡុង​ផ្ទះ​របស់​លោក​ផង​ដែរ ដើម្បី​យក​ប្រាក់​មក​សង​ជំងឺចិត្ត​លោក និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ដទៃ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស