30.7 C
Phnom Penh

លោក សម រង្ស៊ី៖ កម្ពុជា​នឹង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជូនពរ​ឆ្នាំ​ថ្មី​ឱ្យ​ប្រទេស​កម្ពុជា​មាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ នៅ​ពេល​ដែល​របប​ផ្ដាច់ការ​ត្រូវ​បាន​កម្ចាត់​ចោល​ឲ្យ​រលាយ​សាបសូន្យ​ពី​ទឹកដី​ខ្មែរ។

អតីត​មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ថា សូម​ឲ្យ​មាតុភូមិ​កម្ពុជា​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដូច​អ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ប្រាថ្នា​ចង់​បាន គឺ​ការ​គោរព​ឆន្ទៈ​របស់​ប្រជារាស្ត្រ ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ បន្ទាប់ពី​កម្ចាត់​របប​ផ្ដាច់ការ​ឱ្យ​រលាយ​សាបសូន្យ​ពី​មាតុភូមិ​ដ៏​បវរ​មួយ​នេះ។

ការ​អះអាង​របស់​អតីត​មេដឹកនាំ​ប្រឆាំង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រំលោភ និង​ជាន់ឈ្លី​ក្រោម​ការ​ដឹកនាំ​នៃ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មករា នេះ​ថា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដូច​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ទាល់តែ​ក្រុម​ប្រឆាំង​នាំគ្នា​ងើប​ឡើង​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើការ​តស៊ូ​ជាមួយ​បក្ស​កាន់​អំណាច ហើយ​ហ៊ាន​ប្រឈម​ទៅ​នឹង​ការ​បង្ក្រាប​តាម​បែប​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​គ្រប់​បែប​យ៉ាង នោះ​ទើប​អាច​មាន​ពន្លឺ​នៃ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក ម៉ែន ណាត លើកឡើង​ថា បើ​គ្រាន់តែ​និយាយ​ហើយ​គ្មាន​សកម្មភាព​ពី​ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក៏​មិន​អាច​កើតមាន​បាន​ដែរ។ លោក​បន្ត​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មិន​ស្រុះស្រួល​គ្នា​ដើម្បី​កំណត់​គោលដៅ​របស់​ខ្លួន​ឡើងវិញ​ទេ នោះ​ការ​ផ្លាស់ប្ដូរ​ដែល​លោក សម រង្ស៊ី លើកឡើង​នៅ​ពេលនេះ​គ្រាន់តែ​ជា​ក្តី​ស្រមៃ​ខ្យល់​ប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា បញ្ហា​ផ្លាស់ប្ដូរ​បាន ឬ​មិន​បាន គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​មេដឹកនាំ​បក្ស​ប្រឆាំង​ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព និង​ជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ​រក​ការ​ផ្លាស់ប្ដូរ ឬ​ក៏​អត់​ប៉ុណ្ណោះ ត្បិត​ប្រជាពលរដ្ឋ​នៅ​ពេលនេះ​រង់ចាំ​តែ​ពួកគេ​ចេញ​មុខ​ដឹកនាំ​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ។

លោក ម៉ែន ណាត បន្ថែម​ថា ផ្ទុយទៅវិញ បើ​ខ្លួនឯង​ជា​អ្នក​នយោបាយ​ដែល​ត្រូវ​ដឹកនាំ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចេញ​មុខ​តទល់​នឹង​បក្ស​កាន់​អំណាច​ផង​នោះ តើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​កម្លាំង​តទល់​ជាមួយ​នឹង​បក្ស​កាន់​អំណាច​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​តាម​ការ​លើកឡើង​របស់​ខ្លួន​ម្តេច​នឹង​កើត?

ភាព​ជាក់ស្តែង​មួយ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជិត​កន្លះ​ប្រទេស ត្រូវ​តុលាការ​ប្រកាស​រំលាយ​កាលពី​ឆ្នាំ​២០១៧ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ខណៈ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក ស្រប​ពេល​ដែល​លោក សម រង្ស៊ី ត្រូវ​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​រហូត​ចូល​ស្រុក​មិន​បាន​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស