ឈើ​ប្រណីត​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ពី​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៧។ រូបថត​ពី EIA

ព័ត៌មានជាតិ

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

By ឌឹ ខេមបូឌា ដេលី

January 07, 2023

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ឈើ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​នោះ។ លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​តម្រូវការ​ឈើ​ជាច្រើន​សម្រាប់​សង់​ផ្ទះ ធ្វើ​ជន្លង់ ធ្វើ​ជន្ទល់ ឬ​របង​ផ្សេងៗ ឬ​ធ្វើ​ជា​ឧស ឬ​ជា​ធ្យូង។

តម្រូវការ​ផ្សេងៗ​គ្នា​នេះ លោក ឌិត ទីណា ថា​បាន​ជំរុញ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស លោក​ថា​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ពី​ខាង​ក្រៅ​ប្រទេស​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក។

លោក​បញ្ជាក់​ថា ប្រភេទ​ឈើ​មួយ​ចំនួន​ដែល​នាំចូល​កម្ពុជា ក្នុង​នោះ​មាន​ឈើ​ធ្នង់​នាំចូល​មកពី​អាហ្វ្រិក និង​ឈើ​ប្រភេទ​ផ្សេងៗ ដូច​ឈើ​កិន (កុំប្លាកេ) និង​ឈើ​ប្រណិត​ដែល​នាំ​ពី​ចិន និង​ម៉ាឡេស៊ី ជាដើម។

យោង​តាម​ទិន្នន័យ​ពី​ផ្កាយរណប​កាលពី​ឆ្នាំ​មុន​បង្ហាញ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​មាន​ការ​កាប់​ឈើ​ដ៏​អាក្រក់​បំផុត​ក្នុង​ចំណោម​តំបន់​ការពារ​ផ្សេង​ទៀត ដោយ​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ១​ម៉ឺន​ហិកតារ (៩១១៩​ហិកតារ) ក្នុង​ឆ្នាំ​២០២០ ដែល​កើនឡើង ២១% បើ​ធៀប​នឹង​ឆ្នាំ​២០១៩។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា ព្រៃឈើ​ចំនួន ៦២៧១​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ដោយ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច៕