28.4 C
Phnom Penh

អាជ្ញាធរ​ជួសជុល​ស្តូប​កម្ពុជា-វៀតណាម​ដែល​ឆេះ​នៅ​ខេត្ត​បន្ទាយមានជ័យ​យប់​ឆ្លង​ឆ្នាំ​សកល​រួចរាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា អាជ្ញាធរ​បាន​ជួសជុល​កែលំអ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​គល់​ស្ពាន​ទឹកថ្លា ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ រួច​រាល់​ហើយ ក្រោយពី​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​នៅ​យប់​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ចេញ​របាយការណ៍​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ មករា នេះ​ថា កាល​ថ្ងៃទី​១ ខែ​មករា វេលា​ម៉ោង ២​រំលង​អាធ្រាត្រ សមត្ថកិច្ច​ទទួល​បាន​ការ​រាយការណ៍​ថា​មាន​ភ្លើង​ឆេះ​លើ​ខឿន​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​យ៉ាង​សន្ធោសន្ធៅ។ លោក​បន្ថែម​ថា បន្ទាប់ពី​ទទួល​ដំណឹង សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ពន្លត់​ភ្លើង​បាន​ភ្លាមៗ។

លោក អ៊ុំ រាត្រី អះអាង​ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​វត្ថុ​តាង​ជាច្រើន​នៅ​កន្លែង​កើត​ហេតុ ដូចជា​បំណែក​ប៊ីដុង​ដែល​ច្រៀក​តូចៗ សារធាតុ​រាវ​នៅ​ជាប់​បាត​ប៊ីដុង​ដែល​មាន​ក្លិន​ប្រេង​ម៉ាស៊ូត កំណាត់ និង​កម្ទេចកម្ទី​ឈើ​មួយ​ពំនូក និង​ដែកកេះ​ថែម​ទៀត។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​លួច​ដុត​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទាំង​អក្សរ​ក្រោម​រូបសំណាក​នៃ​ស្តូប ប៉ុន្តែ​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង និង​ស្រាវជ្រាវ​រួចរាល់ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​ជួសជុល​កែលំអ​ស្តូប​នេះ​ឡើងវិញ​រួច​រាល់​ហើយ​នៅ​ពេលនេះ។

ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៨០ តាម​បណ្តា​ខេត្ត​នានា​មាន​ចំនួន ២៣​ខេត្ត​ហើយ​នៅ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ ដូចជា​ខេត្ត​ប៉ៃលិន ខេត្ត​ព្រៃវែង ខេត្ត​ឧត្តរមានជ័យ ខេត្ត​ត្បូងឃ្មុំ និង​នៅ​រាជធានី​ភ្នំពេញ ជាដើម សុទ្ធតែ​មាន​ទីតាំង​នៅ​កណ្តាល​ក្រុង​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០១៧ សារព័ត៌មាន​វៀតណាម VN បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៧​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ចំនួន ១៧​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​អំឡុង​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ស្តូប​អនុស្សាវរីយ៍​ទាំងអស់​ត្រូវ​សរសេរ​ឲ្យ​មាន​គ្រប់​លក្ខណៈ​ក្នុង​ខ្លឹមសារ​សំដៅ​ឲ្យ​ឃើញ​អំពី​ការ​ដែល​ប្រជាជន​កម្ពុជា​ជួយ​ប្រជាជន​វៀតណាម ទៅ​រក​ការ​ឯកភាព​ជាតិ និង​ការ​អភិវឌ្ឍ ហើយ​ស្តូប​នេះ​ក៏​កសាង​ឡើង​ដើម្បី​ឲ្យ​ឃើញ​អំពី​ការ​ជួយ​របស់​វៀតណាម ឲ្យ​ប្រជាជន​កម្ពុជា​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែរ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា អត្ថន័យ​នៃ​ការ​សង់​ស្តូប​ទាំងនេះ គឺ​វៀតណាម​ចង់​ឲ្យ​កម្ពុជា​ដឹងគុណ​ខ្លួន​មិន​ចេះ​ចប់ ហើយ​ការ​ដឹងគុណ​នេះ គឺ​ធ្វើ​ឡើង​តាមរយៈ​នៃ​ការ​កាត់​ទឹកដី និង​ការ​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​បាន​ទាត់​ចោល​នូវ​ការ​រិះគន់​នេះ​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ គ្រូបង្រៀន​ខេត្ត​ប៉ៃលិន​ម្នាក់​ត្រូវ​សាលាដំបូង​ខេត្ត​ប៉ៃលិន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ ខណៈ​សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង ក៏​បាន​ចេញ​សាលដីកា​ចោទប្រកាន់​មន្ត្រី​រាជការ​ស៊ីវិល​រូប​នេះ​ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ផង​ដែរ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ បន្ទាប់ពី​លោក យ៉ង សូដា បង្ហោះ​រូប​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ដោយ​រៀបរាប់​ថា កម្ពុជា​នឹង​មាន​ទង់ជាតិ ២​បង្ហូត​ឡើង​ក្នុង​ពេល​តែ​មួយ​ដូច​ប្រទេស​ឡាវ​ដែរ​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស