អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល៖ ការ​មិន​ដាក់​ទោស​អ្នក​តែងតាំង​សែស្រឡាយ​ក្នុង​ស្ថាប័ន​រដ្ឋ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ

By ឌឹ ខេមបូឌា ដេលី

January 08, 2023

អ្នក​ឃ្លាំមើល​លើកឡើង​ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​មិន​ដាក់​បញ្ជូន​ទោសទណ្ឌ​ទៅ​លើ​អ្នក​តែងតាំង​សែស្រឡាយ និង​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ​នូវ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផល​ប្រយោជន៍ និង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់​ថា ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​ក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដោយសារ​អំពើពុករលួយ និង​ការ​ស៊ីសំណូក​សូកប៉ាន់។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​មុខតំណែង​សាធារណៈ និង​ការ​ដំឡើង​ឋានៈ​បែប​នេះ។

លោក​បន្ត​ថា បញ្ហា​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​នាំ​ឲ្យ​ស្ថាប័ន​សាធារណៈ​មិន​មាន​សុចរិតភាព ហើយ​គណនេយ្យភាព​ទាប​ដោយ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​លើ​គោល​នយោបាយ​ផ្សេងៗ និង​កិច្ចការ​សាធារណៈ​ដែល​ជា​ប្រយោជន៍​ពលរដ្ឋ ដោយសារ​អ្នក​សម្រេច​ចិត្ត​ទាំងនោះ​មាន​ទំនាស់​ផល់​ប្រយោជន៍។

លោក​បន្ថែម​ថា មួយ​វិញ​ទៀត ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​ភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការងារ និង​មុខងារ​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែរ ខណៈ​អ្នក​ដែល​មាន​សមត្ថភាព​ពិតប្រាកដ ប៉ុន្តែ​មិន​មាន​សាច់ញាតិ ឬ​លុយកាក់​សម្រាប់​សូកប៉ាន់​នោះ ពួកគេ​នឹង​មិន​ទទួល​បាន​មុខតំណែង​សំខាន់ៗ​ទាំងនោះ​ទេ។

លោក ប៉ិច ពិសី បន្ត​ថា ការ​មិន​កំណត់​ទោសទណ្ឌ​លើ​អ្នក​ដាក់​គ្រួសារ និង​សាច់ញាតិ ព្រមទាំង​បក្ខពួក​ខ្លួន​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ទើប​ជំរុញ​ឲ្យ​ការ​តែងតាំង​សែស្រឡាយ និង​បក្សពួក​នៅ​តាម​ស្ថាប័ន​រដ្ឋ​កំពុង​កើតមាន​ឡើង​នៅ​កម្ពុជា។

លោក​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ភាព​ខ្វះ​ចន្លោះ ដែល​អ្នក​ធ្វើ​ច្បាប់​មិន​បញ្ចូល​ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ខណៈ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ទាល់​តែ​មាន​ភស្តុតាង​បញ្ជាក់​ពី​អំពើពុករលួយ ឬ​ការ​សូកប៉ាន់​ផ្សេងៗ​ក្នុង​ការ​ទទួល​បាន​មុខតំណែង​នៅ​ស្ថាប័ន​សាធារណៈ​ទាំងនោះ ទើប​ជា​បទល្មើស។ ប៉ុន្តែ​នៅ​ក្នុង​គោលការណ៍​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ និង​ការ​អនុវត្ត​ល្អ​ជា​ទូទៅ រាល់​ការ​ជ្រើសរើស ឬ​ដំឡើង​មុខតំណែង​សាធារណៈ លោក​ថា​គេ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ពាក់ព័ន្ធ​នឹង​សែស្រឡាយ និង​បក្សពួក​និយម​នេះ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ និង​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ និង​កិច្ចការ​ជាតិ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា សម្រាប់​លោក​មិន​មាន​អ្វី​ចម្លែក​ទេ ដោយសារ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​ប្រព័ន្ធ​ដឹកនាំ​តាម​ជំហាន​គីង្គក់​របស់​លោក ហ៊ុន សែន។ លោក​បញ្ជាក់​ថា ប្រព័ន្ធ​គីង្គក់​នេះ​អាច​ដំណើរការ ឬ​រស់​ទៅ​បាន​ដោយ​មាន​កត្តា​តែ​មួយ​គត់ គឺ​ការពារ​ជន ឬ​អ្នក​ប្រព្រឹត្តិ​អំពើពុករលួយ បក្ខពួក​និយម ទើប​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បណ្ដោយ​ឲ្យ​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​ការ​បង្កើត​បក្ខពួក​និយម គ្រួសារ​និយម​នៅ​ពេញ​ក្រសួង​ស្ថាប័ន​តែម្ដង។

អ្នកវិភាគ​នយោបាយ​រូប​នេះ​ថា ការ​ដឹកនាំ​បែប​ពុករលួយ​ជា​ប្រព័ន្ធ ដោយ​បក្ខពួក​និយម គ្រួសារ​និយម​បែប​នេះ ប្រជាពលរដ្ឋ​មិន​បាន​ទទួល​ផល​ប្រយោជន៍​នោះ​ទេ។ ផ្ទុយទៅវិញ លោក​ថា​ពលរដ្ឋ និង​ប្រទេស​ជាតិ​កាន់តែ​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ការ​ដឹកនាំ​រដ្ឋាភិបាល​បែប​បក្ខពួក​និយម គ្រួសារ​និយម។ អំណាច​នៃ​ជីវិត​របស់​លោក ហ៊ុន សែន មាន​មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​បណ្ដោយ​ឲ្យ​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​នេះ។

ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​នេះ ក្រោយពី​មន្ត្រី​មួយ​ចំនួន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការ​ស៊ើបអង្កេត​ករណី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច បាន​ដាក់​គ្រួសារ និង​សាច់ញាតិ​ក្នុង​ស្ថាប័ន​ខ្លួន​កំពុង​ដឹកនាំ។

លោក កែវ បេងវឌ្ឍន៍ អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​ក្រសួង​សេដ្ឋកិច្ច បាន​ដាក់​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ កែវ បេងវី ធ្វើជា​អគ្គនាយករង ខណៈ​កូនបង្កើត​ឈ្មោះ កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវ​បាន​លោក កែវ បេងវឌ្ឍន៍ ដាក់​ឲ្យ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទី​៣ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច។

ការ​តែងតាំង​សែស្រឡាយ​មិន​មែន​មាន​តែ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​ទេ កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២២ កូនៗ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្រមៗ​គ្នា បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

ក្រៅពី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នេះ ការ​តែងតាំង​សែស្រឡាយ និង​បក្ខពួក​របស់​ខ្លួន​ក៏​មាន​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ខណៈ​អំពើពុករលួយ​នេះ​កំពុង​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ស្ថាប័ន​នីមួយៗ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ទើប​បាន​ចេញផ្សាយ​សេចក្តី​រាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ ដោយ​ចាត់​ចំណាត់ថ្នាក់​អំពើពុករលួយ​កម្ពុជា​នៅ​ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​ទូទាំង​ពិភពលោក៕