41.3 C
Phnom Penh

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»

ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រកាស​ចូល​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ទទួល​បាន​លិខិត​អញ្ជើញ​ឱ្យ​ទៅ​បំភ្លឺ​ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មករា នេះ​ថា លោក​នឹង​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តាម​លិខិត​អញ្ជើញ ប៉ុន្តែ​លោក​នឹង​មិន​អាច​ទៅ​បំភ្លឺ​តាម​ពេល​កំណត់​បាន​ទេ ដោយសារ​តែ​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

លោក ថេង សាវឿន អះអាង​ថា​ការ​បង្ហោះ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» នេះ គ្រាន់តែ​ជា​ការ​ចងក្រង​នូវ​ឯកសារ​ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ធ្លាប់​បាន​កើតឡើង​ប៉ុណ្ណោះ មិន​មែន​ជា​បទល្មើស​ប្រឆាំង​នឹង​ច្បាប់​ប្រទេស ឬ​បំពាន​ទៅ​លើ​បម្រាម​ណា​មួយ​របស់​រដ្ឋាភិបាល ឬ​មាន​ចេតនា​ញុះញង់​បង្ក​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ចេញ​លិខិត​អញ្ជើញ​រូបលោក​ឱ្យ​ទៅ​បំភ្លឺ​នេះ គ្រាន់តែ​ជា​ការ​ធ្វើឡើង​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ប៉ុណ្ណោះ ហើយ​លោក​នឹង​ទៅ​តាម​ការ​អញ្ជើញ​នោះ​ដែរ នៅ​ពេល​ដែល​លោក​ត្រឡប់​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ។

ចំណែក​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ មករា នេះ​ដែរ​ថា ការ​ចែកចាយ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» នេះ គឺ​ដើម​រំលឹក​ខួប​អនុស្សាវរីយ៍​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​កាលពី ៩​ឆ្នាំ​មុន​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល ឬ​ច្បាប់​ក៏​មិន​បាន​ហាមប្រាម​មិន​ឱ្យ​ចែកចាយ​វីដេអូ​ទាំងនេះ​ដែរ ស្រប​ពេល​ដែល​សារព័ត៌មាន​ក៏​ធ្លាប់​បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​ព្រឹត្តិការណ៍​នេះ​ថែម​ទៀត។

កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក អំ សំអាត ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ មករា ចំណែក​ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១០ ខែ​មករា ផង​ដែរ។

ដោយឡែក​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា លោក ថេង សាវឿន ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែ​មករា ជុំវិញ​ការ​បង្ហោះ​បទ​ចម្រៀង​អម​ដោយ​រូបភាព​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» កាលពី​ពេល​ថ្មីៗ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​ចាត់ទុក​ការ​បង្ហោះ ឬ​ចែកចាយ​វីដេអូ​នេះ គឺជា​ការ​អុជអាល និង​ញុះញង់​ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម ក្នុង​នោះ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រូប​នេះ​បាន​ដាក់​លិខិត​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សុំ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​យក «បទ​ឈាម​បាតុករ» ទៅ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម។

កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ វីដេអូ​ឯកសារ និង​វីដេអូ​ចម្រៀង​មួយ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត។

លោក ស៊ឹង សែនករុណា អះអាង​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​សិទ្ធិមនុស្ស ពុំ​មាន​ចេតនា​ណា​មួយ​ធ្វើ​ឲ្យ​មាន​ការ​បង្ក​អសន្តិសុខ​នោះ​ទេ ក្រៅ​តែ​អំពី​ជំរុញ​ទៅ​ដល់​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស្វែងរក​ការពិត និង​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ក្រុម​កម្មករ​ដែល​បាន​រង​របួស និង​បាត់បង់​ជីវិត ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា និង​ទប់ស្កាត់​កុំ​ឲ្យ​រឿង​នេះ​កើត​មាន​ឡើង​បន្ត​ទៅ​ទៀត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស