បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំ ព្រមានចាត់វិធានការច្បាប់ និងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ បើសិនជានៅតែបន្តរិះគន់ ឬវាយប្រហារគណបក្សប្រជាជនកម្ពុជានៅតាមវេទិកាសាធារណៈនានាទៀត។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិពីស្គន់ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន បានព្រមានចាត់វិធានការច្បាប់លើឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ បើនៅមិនឈប់យកគណបក្សប្រជាជនកម្ពុជាធ្វើជាគោលដៅវាយប្រហារក្នុងវេទិកានានាបន្តទៀតនោះ។
លោកថា អ្វីដែលនិយាយនាថ្ងៃនេះដើម្បីដាស់តឿន និងព្រមានបន្ថែមទៀតចំពោះលោក គង់ គាំ ហើយលោកក៏ហ៊ានវាយខ្នោះទៅលើជនដែលលោកហៅថាក្បត់ ទោះបីជានៅម៉ោង ១២យប់ក៏ដោយ ក៏មិនមានការភ័យខ្លាចដែរ។
លោក ហ៊ុន សែន ចាត់ទុកសកម្មភាពរបស់លោក គង់ គាំ ដែលយកវេទិកានានាវាយប្រហារគណបក្សប្រជាជនកម្ពុជានោះ ថាបានធ្វើឲ្យលោកឈឺចាប់ខ្លាំង។
ក្រៅពីព្រមានពីវិធានការច្បាប់ហើយ បុរសខ្លាំង លោក ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់លោក គង់ គាំ ផងដែរ ដោយថាដើម្បីកុំឲ្យលោកព្រហើនពេក បើទោះបីជាកន្លងមកលោករំលឹកថាលោក គង់ គាំ ដែលបានចូលរួមធ្វើការងារនៅគណបក្សប្រជាជនកម្ពុជាជាមួយលោកជាង ១០ឆ្នាំក៏ដោយ។ ជាមួយគ្នានេះ លោកក៏បានបញ្ជាដោយផ្ទាល់មាត់ទៅក្រុមមេធាវីនៅតាមរាជធានី-ខេត្ត ឲ្យតាមដានសារនយោបាយរបស់គណបក្សភ្លើងទៀន ដើម្បីងាយស្រួលចាត់វិធានការច្បាប់ ហើយវាក៏ជាការការពារកិត្តិយសគណបក្សកាន់អំណាចផងដែរ។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានប្រកាសស្វាគមន៍ និងផ្តល់តួនាទីលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សនេះ បន្ទាប់ពីគណបក្សឆន្ទៈខ្មែរ ដែលមានលោកជាប្រធានកិត្តិយសនោះ បានចូលរួមក្រោមដំបូលនយោបាយតែមួយជាមួយគណបក្សភ្លើងទៀនវិញ។ ការប្រកាសចូលរួមជ្រកក្រោមដំបូលជាមួយគណបក្សភ្លើងទៀន ដោយលោកថាដើម្បីតស៊ូរួមគ្នាឲ្យមានពហុបក្សនៅក្នុងរដ្ឋសភាឆ្នាំ២០២៣ ខាងមុខ៕