28 C
Phnom Penh

លោក ហ៊ុន សែន សម្រេច​លុប ស.ជ.ណ ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​លុប ស.ជ.ណ ដែល​បាន​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង នាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​រំលោភ​យក​អចលនទ្រព្យ​អ្នក​ដទៃ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ មករា នេះ​ថា ដើម្បី​បញ្ចប់​នូវ​ភាព​មិន​ច្បាស់លាស់​មុន​ពេល​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ត្រូវ​លើកឡើង​ពី​បញ្ហា​ទាក់ទិន​នឹង​ឧកញ៉ា សៀង ចាន់ហេង ជុំវិញ​បញ្ហា​ដីធ្លី​ស្ថិត​ក្នុង​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​តេជោ​ក្រុង​តាខ្មៅ លោក​សម្រេច​និរាករណ៍​សេចក្តី​ជូនដំណឹង​ដែល​បាន​ចេញ​កាលពី​សប្តាហ៍​មុន ដែល​តម្រូវ​ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង ចាប់ពី​ពេលនេះ​តទៅ។

កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អភិបាល​ខេត្ត​កណ្តាល ឱ្យ​ចាប់​ខ្លួន​ឧកញ៉ា សៀង ចាន់ហេង និង​បក្សពួក​ប្រគល់​ឱ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល ដើម្បី​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​ច្បាប់ ជុំវិញ​នៃ​ការ​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ​ដើម្បី​កាន់កាប់​អចលនទ្រព្យ​របស់​ឈ្មោះ ហ៊ុន ប៊ុនធឿន និង​ឈ្មោះ ហៀវ លន់ នៅ​ភូមិ​ទួលសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា ដោយ​ផ្អែកលើ​លិខិត​របស់​ក្រសួង​មហាផ្ទៃ និង​ចំណារ​ឯកភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អះអាង​ថា រាជរដ្ឋាភិបាល​សម្រេច​ទទួលស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ឯកសារ​កាន់កាប់​ដីធ្លី​របស់​ឈ្មោះ ហ៊ុន ប៊ុនធឿន និង​ឈ្មោះ ហៀវ លន់ ដោយ​បដិសេធ​ឯកសារ​ឧកញ៉ា សៀង ចាន់ហេង ចោល​ទាំងស្រុង។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ​កាន់កាប់​អចលនទ្រព្យ​របស់​ឧកញ៉ា សៀង ចាន់ហេង ដែល​ជា​នាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រូប​នេះ កាលពី​អំឡុង​ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ឧកញ៉ា​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​សង​ជំងឺចិត្ត​ទៅ​ភាគី​ដើមបណ្ដឹង​នូវ​ទឹកប្រាក់​ចំនួន ៤០០​លាន​រៀល​ម្តង​រួច​មក​ហើយ ទាក់ទង​នឹង​រឿង​ក្លែង​ឯកសារ​កម្មសិទ្ធិ​ដីធ្លី​ទំហំ ១៤៦​ហិកតារ នៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៣។

មេធាវី​ដើមបណ្ដឹង លោក ថាន ថាវរៈ អះអាង​ថា សំណុំរឿង​នោះ​គឺជា​សំណុំរឿង​មួយ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ជាច្រើន​ទៀត​ដែល​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ឯកសារ​ក្លែង​បន្លំ​របស់​ឧកញ៉ា សៀង ចាន់ហេង ព្រោះ​ឧកញ៉ា​រូប​នេះ​បាន​លក់​ដី​ឲ្យ​កូនក្ដី​របស់​លោក​ដែល​ជា​ពាណិជ្ជករ​ចិន ប៉ុន្តែ​ក្រោយ​ទទួល​លុយ​គ្រប់​ចំនួន ឧកញ៉ា សៀង ចាន់ហេង បាន​យក​ដី​នោះ​ទៅ​លក់​ឱ្យ​អ្នក​ផ្សេង​បន្ត​ទៀត​ទៅវិញ។

មេធាវី​រូប​នោះ​បញ្ជាក់​ថា ក្រោយ​កូនក្ដី​របស់​លោក​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ឧកញ៉ា សៀង ចាន់ហេង បាន​ខ្ចី​ដៃ​សមត្ថកិច្ច​ដាក់​ពាក្យ​ប្តឹង​កូនក្ដី​របស់​លោក​វិញ ដើម្បី​ឲ្យ​កូនក្ដី​លោក​ដក​ពាក្យ​បណ្តឹង​ចេញពី​តុលាការ ប៉ុន្តែ​កូនក្ដី​របស់​លោក​មិន​ព្រម។

ឧកញ៉ា សៀង ចាន់ហេង មាន​តួនាទី​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​សង្ឃរាជ​គណៈធម្មយុត្តិកនិកាយ បួរ គ្រី និង​មាន​ងារ​បន្ថែម​ជា នាងវិសាខា​អគ្គមហាឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍​ផង​ដែរ។ ក្រៅពី​មាន​តួនាទី​ក្នុង​ព្រះពុទ្ធសាសនា ឧកញ៉ា សៀង ចាន់ហេង ក៏​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​រមណីយដ្ឋាន​រាជិនី​លង្វែក ដែល​ស្ថិត​ក្នុង​ភូមិ​ជំនីក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ដោយ​លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា ២៥០​ហិកតារ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស