26 C
Phnom Penh

តំណាង​បក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​ប្ដឹង​លោក គង់ គាំ ទាមទារ​សំណង​៥០​ម៉ឺន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ប្ដឹង​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ ដោយ​ថា​សម្ដី​របស់​លោក គង់ គាំ ដែល​ថ្លែង​កាលពី​ថ្ងៃទី​៧ ខែ​មករា កន្លងទៅ ក្នុង​គោលបំណង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​សង្គម។

ការ​ដាក់​បណ្ដឹង​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​នេះ ក្រោយពី​មួយ​ថ្ងៃ​ដែល​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​រឹបអូស​ទ្រព្យសម្បត្តិ ព្រមទាំង​ប្រកាស​វាយ​ខ្នោះ​លើ​លោក គង់ គាំ បើសិនជា​នៅតែ​បន្ត​យក​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ជា​គោលដៅ​ក្នុង​ការ​វាយប្រហារ​នៅ​តាម​វេទិកា​នានា​ទៀត​នោះ។

បើ​តាម​ពាក្យ​បណ្ដឹង​របស់​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ លោក សេង ជ័យវុធ ចុះ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សម្ដី​របស់​លោក គង់ គាំ ដែល​បាន​និយាយ​ក្នុង​វេទិកា​សាធារណៈ​កាលពី​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៣ នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច។

ក្រៅពី​ប៉ះពាល់​ហើយ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថា សម្ដី​របស់​លោក គង់ គាំ ក៏​មាន​ចេតនា​ទុច្ចរិត​ក្នុង​គោលបំណង​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ ចលាចល អសន្តិសុខ​សង្គម ដែល​ជា​ការ​បំពាន​លើ​មាត្រា​៦​ថ្មី (ពីរ) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មាត្រា​៤២​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​ពាក្យ​បណ្ដឹង​របស់​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក សេង ជ័យវុធ ក៏​បាន​ដកស្រង់​សម្ដី​របស់​លោក គង់ គាំ ដែល​បាន​ថ្លែង​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣ ផង​ដែរ។

ការ​ថ្លែង​របស់​លោក គង់ គាំ នៅ​វេទិកា​សាធារណៈ​នា​ពេល​នោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​នាំគ្នា​រំលឹក​ថ្ងៃ​កំណើត ៧​មករា ខណៈ​គណបក្ស​ភ្លើង​ទៀន​ក៏​បាន​រំលឹក​ថ្ងៃ​ឈ្នះ ទាំង​គណបក្ស​ប្រជាជន ទាំង​គណបក្ស​ភ្លើង​ទៀន​ជួប​គ្នា​ថ្ងៃ​នេះ​ដែរ ដោយ​ការ​រំលឹក​គ្នា​នោះ គឺ​រំលឹក​ថា ផឹក​ទឹក​ឱ្យ​នឹក​ប្រភព ជ្រក​ម្លប់​ឱ្យ​នឹក​អ្នក​ដាំ។

សម្ដី​លោក គង់ គាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្រង់​ដដែល​ថា រូបលោក​ធ្លាប់​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ អំឡុង​ពេល​នោះ​ដោយ​គេ​ក៏​បាន​ប្រាប់​លោក​ថា ផឹក​ទឹក​ឱ្យ​នឹក​ប្រភព ក្នុង​ន័យ​នេះ​លោក​ថា ប្រភព​ឯ​ជើង​ឆ្ងាយ​កើត ហើយ​អ្នក​ដាំ​គេ​ដុះ​ពុកមាត់​បរទេស។

ការ​ថ្លែង​របស់​លោក គង់ គាំ ទំនង​សំដៅ​ទៅ​លើ​មេដឹកនាំ​វៀតណាម ខណៈ​ថ្ងៃ​ដែល​លោក គង់ គាំ លើកឡើង​កាលពី​ថ្ងៃទី​៧ ខែ​មករា កន្លងទៅ គឺ​ចំ​ខួប ៤៤​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ពិធី​អបអរ​សាទរ។

លោក គង់ គាំ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ខ្លឹមសារ​នៃ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ មិន​មាន​លក្ខណៈ​ជាក់ស្តែង និង​មិន​មាន​លក្ខណៈ​ពិតប្រាកដ​នោះ​ទេ។

អ្នក​នយោបាយ​វ័យ ៨១​ឆ្នាំ​រូប​នេះ​ថា លោក​មិន​មាន​ក្តី​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​ទាមទារ​សំណង​ដល់​ទៅ​កន្លះ​លាន​ដុល្លារ​ពី​ដើមបណ្ដឹង។ លោក​បញ្ជាក់​ថា មេធាវី​ខាង​លោក​កំពុង​សិក្សា​មើល​ថា តើ​សម្ដី​របស់​លោក​បាន​បំពាន និង​បណ្តាល​ឲ្យ​មាន​បទល្មើស​ក្នុង​កម្រិត​ណា។

កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ និង​រឹបអូស​ទ្រព្យសម្បត្តិ​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ បើសិនជា​លោក​នៅតែ​រិះគន់ ឬ​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​វេទិកា​នានា​បន្ត​ទៀត។ មិន​ត្រឹមតែ​ព្រមាន​ចាត់​វិធានការ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​វាយ​ខ្នោះ​ជន​ណា​ដែល​លោក​ចាត់ទុក​ជា​ជន​ក្បត់​ផង​ដែរ។

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​ទៅ​ក្រុម​មេធាវី​នៅ​តាម​រាជធានី-ខេត្ត ឲ្យ​តាមដាន​សារ​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ងាយស្រួល​ចាត់​វិធានការ​ច្បាប់ ហើយ​វា​ក៏​ជា​ការ​ការពារ​កិត្តិយស​គណបក្ស​កាន់​អំណាច​ផង​ដែរ។

កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ស្វាគមន៍ និង​ផ្តល់​តួនាទី​លោក គង់ គាំ ជា​ឧត្តម​ទីប្រឹក្សា​គណបក្ស​នេះ​បន្ទាប់ពី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក​ជា​ប្រធាន​កិត្តិយស​នោះ បាន​ចូលរួម​ក្រោម​ដំបូល​នយោបាយ​តែ​មួយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​វិញ។ ការ​ប្រកាស​ចូលរួម​ជ្រក​ក្រោម​ដំបូង​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដោយ​លោក​ថា​ដើម្បី​តស៊ូ​រួម​គ្នា​ឲ្យ​មាន​ពហុបក្ស​នៅ​ក្នុង​រដ្ឋសភា​ឆ្នាំ​២០២៣៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស