បាតុកម្មរយៈពេលពីរថ្ងៃមកនេះ បាននិងតែកំពុងអង្រួនរដ្ឋធានីដាកា នៃប្រទេសបង់ក្លាដេស ហើយមហាបាតុកម្មនេះដឹកនាំដោយមេបក្សប្រឆាំង លោក Mirza Abbas ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញពីការឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃចន្ទក្នុងសប្ដាហ៍នេះ។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera បាតុករយ៉ាងតិចប្រាំម៉ឺននាក់បានចុះដើរតាមផ្លូវនានានៅរដ្ឋធានីដាកា និងទីក្រុងជាច្រើនទៀត ដោយពួកគេបានស្រែកទាមទារឱ្យអ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង។ បាតុករស្រែកថា ការដឹកនាំរបស់អ្នកស្រីធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដេស ទៅរកការរំលំ និងការរីករាលដាលនៃអំពើពុករលួយដូចដំបៅមហារីក។
ប្រឈមនឹងការឡើងថ្លៃនៃទំនិញគួបផ្សំនឹងអំពើពុករលួយ បាតុករបានបញ្ចេញកំហឹង និងទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង រួចរៀបចំការបោះឆ្នោតសភាឡើងវិញ។ ការធ្វើបាតុកម្មនេះ ផ្ដួចផ្ដើមឡើងដោយគណបក្សជាតិនិយមបង់ក្លាដេស BNP និងសម្ព័ន្ធបក្សប្រឆាំង Awami។
បាតុកម្មប្រព្រឹត្តទៅនៅរដ្ឋធានីដាកា និងនៅតាមក្រុងតូចធំចំនួន ៩ ផ្សេងទៀត។ តែបើតាម Aljazeera មានគណបក្សយ៉ាងតិច ៣២គណបក្សបានមករួបរួមធ្វើបាតុកម្មជាមួយគណបក្សជាតិនិយមបង់ក្លាដេស BNP ដែលបាតុកម្មនេះដឹកនាំដោយអតីតអ្នកទោសនយោបាយ លោក Mirza Abbas ដែលជាមេដឹកនាំជាន់ខ្ពស់បក្ស BNP ជាបក្សប្រឆាំងធំជាងគេ។
ក្នុងព្រឹត្តិការណ៍នេះ បាតុករបានមកប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការគណបក្ស ដើម្បីស្តាប់លោក Mirza Abbas និងទាមទារឱ្យអ្នកស្រី Sheikh Hasina លាលែងតំណែងពីនាយករដ្ឋមន្ត្រី។
តែក្នុងព្រឹត្តិការណ៍នេះ សកម្មជនបក្សជាតិនិយមបង់ក្លាដេសជាង ៣០នាក់ត្រូវបានចាប់ខ្លួន ហើយយ៉ាងតិចណាស់ ១០០នាក់ផ្សេងទៀតបានរងរបួសដោយការវាយតប់គ្នាជាមួយនឹងសកម្មជនបក្សកាន់អំណាច។ ភាគីទាំងពីរក្រុមបានប៉ះទង្គិចគ្នាដោយគប់ជាតិផ្ទុះ វាយគ្នានឹងដំបង គប់គ្នានឹងដុំថ្ម។
ប៉ូលិសបង្ក្រាបកុបកម្មបានចូលទៅបំបែកហ្វូងដោយចាប់បាតុករទាំងពីរក្រុមនាំទៅឃុំខ្លួន។
ដើមចមដែលនាំឱ្យផ្ទុះបាតុកម្មដ៏ធំនៅថ្ងៃនេះ បន្ទាប់ពីមេដឹកនាំបក្សជាតិនិយមបង់ក្លាដេសជាអ្នកទោសនយោបាយដ៏ល្បីលោក Mirza Abbas បានបញ្ជូនសាររបស់លោកភ្លាមៗទៅកាន់អ្នកគាំទ្រ និងពលរដ្ឋបង់ក្លាដេស បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ។
សាររបស់លោករៀបរាប់ថា លោកមានសេរីភាពវិញហើយ តែលោកចង់ឃើញអ្នកស្រី Sheikh Hasina លាលែងពីតំណែង។ តែយ៉ាងណា មិនមែនមានតែរឿងសាររបស់មេបក្សប្រឆាំងដ៏ធំនេះទេ ដែលនាំឱ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់អ្នកស្រី Sheikh Hasina គឺវិបត្តិសេដ្ឋកិច្ច ស្បៀងអាហារ និងប្រេងឥន្ធនៈឡើងថ្លៃខ្លាំង រួមនឹងអំពើពុករលួយក៏ជាដើមចមមួយដែរបាននាំឱ្យបាតុករទាមទាររំលាយសភា ហើយបោះឆ្នោតឡើងវិញនៅចុងឆ្នាំនេះ ឬនៅខែមករា ឆ្នាំ២០២៤។
មកដល់ពេលនេះ រដ្ឋាភិបាលរបស់អ្នកស្រី Sheikh Hasina និងអ្នកស្រីផ្ទាល់ពុំទាន់ប្រតិកម្មចំពោះបាតុករដែលទាមទារឱ្យអ្នកស្រីលាលែងពីតំណែង និងបោះឆ្នោតសភាឡើងវិញនៅឡើយទេ។ បង់ក្លាដេសស្ថិតក្នុងតំបន់អាស៊ីខាងត្បូង។ ប្រទេសមានប្រជាជនជិត ១៧០លាននាក់ ហើយភាគច្រើនកាន់សាសនាអ៊ីស្លាម។ តែប្រទេសនេះមានកំណើនសេដ្ឋកិច្ចខ្លាំងមួយដែរនៅអាស៊ីខាងត្បូង។
វិបត្តិប្រេងឥន្ធនៈដោយសារសង្គ្រាមរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន បានជំរុញឱ្យសេដ្ឋកិច្ចប្រទេសបង់ក្លាដេសដាំក្បាលចុះ បង្កឱ្យហក់ឡើងតម្លៃស្បៀង និងប្រេងឥន្ធនៈ ថ្នាំពេទ្យ។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះមិនទាន់ដល់ថ្នាក់ដូចប្រទេសស្រីលង្កា ដែលសេដ្ឋកិច្ចក្រឡាប់ទៅហើយដោយសារតែធ្លាក់ក្នុងវិបត្តិបំណុលចិន និងបំណុលស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀតគរដូចភ្នំនោះទេ៕