26 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ថា​ឆ្នាំ​២០២៣​នេះ​ភូមា​ត្រូវតែ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា​ដោយ​អនុវត្ត​ឱ្យ​បាន​៥​ចំណុច​របស់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជូន​ទៅ​សមាជិក​សភា​ដែល​បាន​ចោទ​សួរ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា រដ្ឋមន្ដ្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ថ្លែង​ថា អាស៊ាន​ឆ្នាំ​២០២៣ នេះ ត្រូវតែ​កំណត់​ឱ្យ​ច្បាស់​ទៅ​លើ​របប​យោធា​ភូមា ថា​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​ពី​អាស៊ាន គឺ​ឱ្យ​បាន​ឆាប់​រហ័ស និង​ពេញលេញ​ដែល​ឈាន​ទៅ​ដល់​បញ្ចប់​ការ​គ្រប់គ្រង​ប្រទេស​របស់​ពួក​យោធា។

នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ពួក​យោធា​ភូមា​ត្រូវតែ​ទទួល​យក​ប្រេសិត​អាស៊ាន​ថ្មី​សម្រាប់​ប្រទេស​ភូមា គឺ​ក្នុង​នោះ​ត្រូវតែ​ផ្ដល់​ឱ្យ​ប្រេសិត​អាស៊ាន​ថ្មី​នេះ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​ភូមា។

លោក​ប្រមុខ​ការទូត​សិង្ហបុរី បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ឆ្លើយតប​ចំពោះ​សំណួរ​ពី​សមាជិក​សភា​សិង្ហបុរី នូវ​អ្វី​ដែល​ថា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ធ្វើ​ឲ្យ​បរាជ័យ​ចំពោះ​គោលការណ៍ ៥​ចំណុច​អាស៊ាន ដែល​ភូមា​ក្រោម​ការ​ដឹកនាំ​នៃ​ពួក​យោធា​មិន​ព្រម​គោរព និង​អនុវត្ត​តាម។

គោលការណ៍ ៥​ចំណុច​អាស៊ាន​ដែល​បាន​អនុម័ត​រួច​ហើយ​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទទួល​យក​ទៅ​អនុវត្ត​នៅ​ឯ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ នៅ​ឯ​ទីក្រុង​ចាកាតា ប្រទេស​ឥណ្ឌូនេស៊ី។

យោង​តាម​ប្រមុខ​ការទូត​សិង្ហបុរី​រូប​នេះ មេដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែ​វិច្ឆិកា ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ពេល​នោះ​បាន​ព្រមព្រៀង​បញ្ជូន​សញ្ញា​ទៅ​ភូមា​ថា ត្រូវតែ​អនុវត្ត​នូវ​គោលការណ៍ ៥​ចំណុច​នេះ​ឱ្យ​បាន។ គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន​រួម​មាន៖

  1. ការ​បញ្ចប់​អំពើ​ហិង្សា
  2. ការ​បើក​ការ​ចរចា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់
  3. ការ​ទទួល​យក​ជំនួយ​មនុស្សធម៌​ពី​សហគមន៍​អន្តរជាតិ
  4. យល់ព្រម​ឱ្យ​ប្រេសិត​អាស៊ាន​សម្របសម្រួល​ការ​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់
  5. និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត។

នៅ​ឆ្នាំ​នេះ អាស៊ាន​ដឹកនាំ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី។ ថ្មីៗ​នេះ​លោក ចូកូ វីដូដូ ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា គេ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ភូមា​ក្រោម​ការ​ដឹកនាំ​នៃ​របប​សឹក ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​បាញ់​សម្លាប់​ទៅ​លើ​ប្រជាជន​មិន​រើស​មុខ​នោះ​ទេ ហើយ​លោក​បាន​ទទូច​ថា ពេល​ខ្លះ អាស៊ាន​ត្រូវ​មាន​វិធានការ​ជាក់ស្ដែង​ទៅ​លើ​ពួក​យោធា​ភូមា​ដោយ​មិន​ត្រូវ​ប្រើប្រាស់​ដំណោះស្រាយ​ការទូត​ទន់ភ្លន់​ទៅ​លើ​ពួក​យោធា​នោះ​ទេ។

ជាមួយ​គ្នា​នេះ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាលពី​ថ្ងៃទី​២២ ធ្នូ ដោយ​ចេញ​សេចក្ដី​សម្រេច​មួយ​លេខ​២៦៦៩ បង្គាប់​ទៅ​ពួក​យោធា​ភូមា បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ ហើយ​ត្រូវ​រៀបចំ​ប្រទេស​ទៅ​រក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើងវិញ។ សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ធ្វើឡើង​ដោយ​ការ​ជំរុញ​ពី​រដ្ឋមន្ដ្រី​ការបរទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូនេស៊ី ដែល​ពួកគាត់​បាន​ទៅ​ចូលរួម​ប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កញ្ញា ឆ្នាំ​ទៅ​មិញ​នេះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ឥណ្ឌូនេស៊ី នឹង​រួម​ដៃ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ អាច​រុញ​ឱ្យ​ពួក​យោធា​ទៅ​រក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ម្ដង​ទៀត បើ​របប​សឹក​នៅ​ភូមា មិន​អនុវត្ត​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន​នោះ ហើយ​គោលការណ៍ ៥​ចំណុច​នេះ​ក៏​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រកាស​គាំទ្រ​រួច​ទៅ​ហើយ។

ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ជិត ២​ឆ្នាំ​មក​នេះ ដោយ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​ប្រឆាំង​ជិត ១៦០០០​នាក់​មក​ដល់​ពេលនេះ ក្នុង​នោះ​មាន​អ្នកស្រី ស៊ូជី លោក​ប្រធានាធិបតី មីន ម្យីន រួម​នឹង​អ្នក​នយោបាយ​ក្រុម​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់។

បើ​និយាយ​ពី​ការ​ស្លាប់​ប្រជាជន​វិញ​ដោយ​ពួក​យោធា​សម្លាប់​ក្នុង​ការ​វាយ​បង្ក្រាប និង​សម្លាប់​ដោយ​វាយប្រហារ​ក្នុង​សង្គ្រាម​ជិត ៦០០០​នាក់។

ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​មូស្លីម​នៅ​រដ្ឋ​រ៉ាក់ខើយ នៅតែ​បន្ត​មក​ដល់​ពេលនេះ។ ហិង្សា​ផ្ទុះ​ឡើង​តាំងពី​ចុង​ឆ្នាំ​២០១៧ បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ទៅ​នៅ​ប្រទេស​បង់ក្លាដេស​ជាង ៧០​ម៉ឺន​នាក់ និង​ត្រូវ​បាន​ពួក​យោធា​សម្លាប់​រាប់​ពាន់​នាក់។ របប​សឹក​ភូមា កំពុងតែ​ជាប់​ឈ្មោះ​ជា​អ្នក​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទៅ​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា។ តុលាការ​យុត្តិធម៌​អន្តជាតិ (ICJ) បាន​កំពុង​រៀបចំ​បើក​ជំនុំ​ជម្រះក្ដី​សំណុំរឿង​នៃ​សហគមន៍​រ៉ូហ៊ីងយ៉ា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស