ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក នាំគ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣។

ជម្លោះដីធ្លី

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក

By ឌឹ ខេមបូឌា ដេលី

January 16, 2023

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្ដេញ​ចេញពី​តំបន់​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដោយ​ផ្តល់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​រស់នៅ អាស្រ័យ​ផល និង​កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩០។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី ជាជាង​ការ​ប្រើ​វិធានការ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ផល​ប្រយោជន៍​ចំពោះ​បញ្ហា​នេះ។

លោក ស៊ឹង សែនករុណា ថ្លែង​ថា ដី​នៅ​តំបន់​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​នេះ ត្រូវ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ឲ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ជាច្រើន​អន្លើ ទាំង​ដែល​អ្នក​ទាំងនោះ​មិន​ដែល​ធ្លាប់​រស់នៅ ឬ​កាន់កាប់​ដី​នៅ​តំបន់​នោះ​ផង ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្នុង​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩០ មក បែរ​ជា​ត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ទៅវិញ ដែល​បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទាំងនោះ​យ៉ាង​ខ្លាំង។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ គួរតែ​ទូទាត់​នូវ​សំណង​ដល់​ពួកគាត់​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង និង​សិក្សា​ទីតាំង​ថ្មី ថា​តើ​ជា​កន្លែង​អាច​ឲ្យ​ពួកគាត់​ប្រកប​មុខរបរ​បាន​ល្អ​ដូចជា​ទីតាំង​ចាស់​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​ឬ​ក៏​អត់។

លោក​បន្ថែម​ថា ធ្វើ​ដូច្នេះ​ទើប​បញ្ហា​នេះ​ត្រូវ​បាន​បញ្ចប់ និង​ជា​ការ​ដោះស្រាយ​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​កំពុង​រស់នៅ​ជាប់​បឹង​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ២៥០​គ្រួសារ បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ចំនួន ៣ ជា​ថ្មី​ទៀត ដូចជា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​កុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បណ្តេញ​ពួកគេ​ចេញពី​ទីតាំង​ដែល​ពួកគេ​ធ្លាប់​រស់នៅ។

តំណាង​ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ជម្លោះ​ដីធ្លី​របស់​ពួកគាត់​បាន​អូស​បន្លាយ​រយៈពេល ៤​ឆ្នាំ​មក​ហើយ​បន្ទាប់ពី​អាជ្ញាធរ​បាន​ចោទ​ថា ពួកគាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ដោយ​ខុស​ច្បាប់ និង​ឱ្យ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ខណៈ​ពួកគាត់​បាន​រស់នៅ កាន់កាប់ និង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩០ មក ដែល​គិត​មក​ទល់​នឹង​ពេលនេះ​គឺ​មាន​រយៈពេល ៣២​ឆ្នាំ​ទៅ​ហើយ។

ប្រភព​ដដែល​អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អ្នក​មាន​លុយ​មាន​អំណាច​មាន​សិទ្ធិ​ទទួល​បាន​ដី​នៅ​តំបន់​បឹង​តាមោក មក​ធ្វើ​ជា​កម្មសិទ្ធិ ខណៈ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ​រង​ការ​បណ្តេញ​ចេញ​ឱ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង បើ​ទោះបីជា​ពួកគាត់​បាន​រស់នៅ​ទីនោះ​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​ហើយ​ក៏ដោយ។

បែប​នេះ​ក្តី អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា អាជ្ញាធរ​មិន​អាច​ឱ្យ​ពលរដ្ឋ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​បាន​ឡើយ ព្រោះ​ពលរដ្ឋ​ទាំងនោះ​រស់នៅ​លើ​ចំណី​ផ្លូវ​លេខ​១៥១ ដោយ​ខុស​ច្បាប់ ដែល​ផ្លូវ​នេះ​រដ្ឋាភិបាល​គ្រោង​ពង្រីក​ឱ្យ​បាន ៥០​ម៉ែត្រ។

លោក កើត ឆែ បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះ​ត្រូវតែ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែល​រៀបចំ​ដោយ​អាជ្ញាធរ ដែល​ត្រូវ​ទទួល​បាន​ដី​ឡូត៍​ទំហំ ៤​ម៉ែត្រ​គុណ​នឹង ១៨​ម៉ែត្រ​ក្នុង ១​គ្រួសារ ដែល​ស្ថិត​ក្នុង​សង្កាត់​សំរោង ដូច​គ្នា។

តំណាង​ពលរដ្ឋ​ដែល​នាំគ្នា​មក​ដាក់​ញត្តិ​នោះ​អះអាង​ថា មន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ​ហើយ។ ក្រសួង​សន្យា​ថា​នឹង​បញ្ជូន​ញត្តិ​របស់​ពួកគេ​ទៅ​ថ្នាក់​លើ ដើម្បី​ពិនិត្យ​ឡើងវិញ ខណៈ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា មិន​បាន​ទទួល​ញត្តិ​នោះ​ទេ ដោយ​លើក​ហេតុផល​ថា ការ​ធ្វើ​ញត្តិ​នោះ​មិន​ត្រឹមត្រូវ​តាម​បែបបទ​រដ្ឋបាល ប៉ុន្តែ​ពួកគេ​តម្រូវ​ឱ្យ​តំណាង​ពលរដ្ឋ​ទាំងនោះ​ធ្វើ​ញត្តិ​នេះ​សាជាថ្មី​ម្តង​ទៀត។

ចាប់តាំងពី​ឆ្នាំ​២០១៨ មក រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​កាត់ ឬ​ដោះដូរ​ដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយ​ចំនួន​អស់​ជាង ២​ពាន់​ហិកតារ​ហើយ ដូចជា​លោក ហូ សិទ្ធីវ័ន្ត និង​អ្នកស្រី សេង សុជាតិតា ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ហូ សិទ្ធី ដែល​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​ដី​ជាង ៣៨​ហិកតារ​កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ៕