31 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ អ្នក​ប្រជាធិបតេយ្យ​ថៃ​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​នឹង​ក្រុម​យោធា​និយម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ នា​ពេល​ខាងមុខ​នេះ អាច​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​បង្រួបបង្រួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្រោយ​រដ្ឋប្រហារ បើ​ពុំ​នោះ​ទេ រាជាណាចក្រ​នេះ​កាន់តែ​ធ្លាក់​ក្នុង​អំណាច​នៃ​ក្រុម​យោធា។

ការ​បោះឆ្នោត​សភា​នា​ពេល​ខាងមុខ​ដែល​គ្រោង​ធ្វើ​នៅ​ខែ​ឧសភា គឺជា​ការ​កំណត់​មួយ​ថា តើ​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ រស់​ឡើងវិញ​បាន​ដែរ​ឬ​ទេ។

នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដ៏​ស្មុគស្មាញ ដែល​ក្រោម​ឥទ្ធិពល​ខ្លាំង​របស់​ក្រុម​យោធា​ដែល​មាន​នៅ​ក្នុង​គណបក្ស Palang Pracharath ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ចាន់អូចា មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។

ភឿថៃ ជា​បក្ស​នយោបាយ​ធំ​ជាងគេ​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​បក្ស​នេះ​មិន​អាច​រក​កម្លាំង​រួបរួម​ជាមួយ​នឹង​បក្ស​ធំ ៣ ទៀត ព្រោះតែ​បក្ស ៣ នោះ រត់​ទៅ​ចូលរួម​ជាមួយ​នឹង​គណបក្ស​នៃ​បក្ស Palang Pracharath នៃ​ក្រុម​សម្ពន្ធភាព​យោធា។

ត្បិត​បក្ស​ភឿថៃ ដែល​ឈ្នះ​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​ប្រមូល​សន្លឹកឆ្នោត​បាន​ពី​អ្នក​បោះឆ្នោត​ដោយ​បាន ១៣៦​អាសនៈ ជាមួយ​នឹង​ការ​ប្រមូល​បក្ស​នយោបាយ​ចំនួន ៦ ទៀត ទោះ​ជា​សំឡេង​ក្នុង​សភា​មាន​ជាង ៥០% នៃ​អាសនៈ​សរុប​ចំនួន ៥០០ ក៏ដោយ ក៏​ក្រុម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នេះ​មិន​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន ដោយសារ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ក្រុម​នេះ​មិន​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​បោះឆ្នោត​ចេញពី​សភា​ទាំង​ពីរ​ថ្នាក់ ដែល​មាន​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​ចូលរួម​អនុម័ត​ដែរ​នោះ។

សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០​រូប​ស្ទើរ​ទាំងអស់​បាន​បោះឆ្នោត​ឱ្យ​លោក ប្រាយុទ្ធ ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ​ជាង ១០​គណបក្ស។ អ្វី​ដែល​លោក ប្រាយុទ្ធ អាច​ជាប់​ឆ្នោត​បាន​ទោះ​ជា​បក្ស​លោក​មិនមែន​ជា​បក្ស​ដែល​ឈ្នះ​ឆ្នោត​ក៏ដោយ តែ​សមាជិក​សភា ២៥០​រូប​នោះ​ហើយ​ជា​កម្លាំង​សម្ព័ន្ធ​យោធា​ដ៏​ធំ​បាន​ជួយ​លោក​ឱ្យ​អង្គុយ​លើ​អាសនៈ​ជា​នាយករដ្ឋមន្ត្រី ដែល​នាំ​ឱ្យ​មេ​រដ្ឋប្រហារ​រូប​នេះ​បន្ត​កាន់​អំណាច​បាន​ដល់​សព្វថ្ងៃ​នេះ។

ការ​បោះឆ្នោត​នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ យ៉ាងតិច​មាន​ប៉ូល​នយោបាយ​ធំ​៤ ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​បោះឆ្នោត។

លោក ប្រាយុទ្ធ ដែល​ប្រកាស​ថា​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឱ្យ​គណបក្ស​ថ្មី​នៃ​គណបក្ស​ថៃ​រួបរួម​ជាតិ (UTN) មើល​ទៅ​លោក​ដូចជា​បែកបាក់​ជាមួយ​គណបក្ស Palang Pracharath ជា​បក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ជាង ១០​គណបក្ស។ អ្នក​ខ្លះ​ថា​លោក ប្រាយុទ្ធ បែកបាក់​ជាមួយ​នឹង​ឧបនាយករដ្ឋមន្ត្រី​ទី​១ របស់​លោក គឺ​ឧត្តមសេនីយ៍ Prawit Wongsuwan ដែល​កំពុង​ដឹកនាំ​បក្ស Palang Pracharath។

តែ​អ្នក​ខ្លះ​ថា​ក្រុម​សម្ព័ន្ធ​យោធា​នេះ​មិន​បាន​បែកបាក់​គ្នា​ទេ ដែល​គេ​ថា​ក្រុម​នេះ​កំពុង​រៀបចំ​ឆាក​បំភ័ន្ត​ឆន្ទៈ​អ្នក​បោះឆ្នោត។ ទាំង​បក្ស​ថៃ​រួបរួម​ជាតិ និង​គណបក្ស Palang Pracharath ក៏​គេ​អាច​ចាត់ទុក​ថា​ជា​ប៉ូល​នយោបាយ​ធំ​ពីរ​ដែរ។ តែ​យ៉ាងណា ប៉ូល​នយោបាយ​ពីរ​នេះ​អាច​នឹង​ច្របាច់​លទ្ធផល​ចូល​គ្នា​ក្រោយពី​ការ​បោះឆ្នោត ដែល​ជា​ប្រយោជន៍​ដើម្បី​ផ្ដួល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ។

ក្រោយពី​ឆ្លងកាត់​ការ​បោះឆ្នោត​កាលពី​ខែ​មីនា ឆ្នាំ​២០១៩ បក្ស​នយោបាយ​ដែល​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ជា​បក្ស​មាន​សំឡេង​គាំទ្រ​ច្រើន​ចេញពី​អ្នក​បោះឆ្នោត គឺ​មាន ៥​គណបក្ស ក្នុង​នោះ​បក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ជា​បក្ស​ប្រជាធិបតេយ្យ​ធំ​ជាងគេ។ បច្ចុប្បន្ន បក្ស​នេះ​ដឹកនាំ​ដោយ​កូនស្រី​លោក ថាក់ស៊ីន គឺ​អ្នកស្រី Paetongtarn Shinawatra ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​សម្រាប់​គណបក្ស​ភឿថៃ ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ក្នុង​ចំណោម​មេ​បក្ស​នយោបាយ​ទាំងអស់ ដោយ​រាប់​ទាំង​លោក ប្រាយុទ្ធ ផង​ដែរ។

បក្ស​ធំ​ទី​៣ នៅ​ក្នុង​សភា គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP)។ ទាំង​បក្ស​ភឿថៃ និង​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ គឺ​សម្ព័ន្ធ​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​ថៃ។ ចំណែក​បក្ស​ធំ​ទី​៤ និង​ទី​៥ នៅ​ក្នុង​សភា គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​បក្ស Bhumjaithai។

តែ​គេ​មិន​ភ្លេច​ទេ​បក្ស​ធំ​ទី​៦ ដែល​ជា​បក្ស​បង្គ្រប់​សំឡេង​របស់​បក្ស Palang Pracharath គឺ​បក្ស​ថៃ​និយម (Thai Liberal Party)។ បក្ស​ទាំង​បី​នេះ បច្ចុប្បន្ន​គឺជា​បក្ស​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​គណបក្ស Palang Pracharath។ យ៉ាងណា បក្ស​បី​នេះ​ជា​បក្ស​នយោបាយ​ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ។

គេ​ថា​បក្ស​បី​នេះ​អាច​នឹង​ក្លាយ​ជា​សម្ពន្ធភាព​ជាមួយ​នឹង​បក្ស​ភឿថៃ និង​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ បើ​ពួកគេ​បោះបង់​ចោល​ការ​ប្រជែង​គ្នា ហើយ​ពួតដៃ​ដើម្បី​លើក​ជ្រោង​ប្រជាធិបតេយ្យ​ដោយ​សម្រេច​លះបង់​ចោល​សម្ពន្ធភាព​ជាមួយ​នឹង​ក្រុម​បក្ស​យោធា។ បើ​ពួកគេ​អាច​ធ្វើ​បាន ក្ដី​សង្ឃឹម​ថា​ប្រជាធិបតេយ្យ​ថៃ​រស់​ឡើងវិញ​ក៏​មាន​ពន្លឺ​ដែរ។

តែ​យ៉ាងណា ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ផលវិបាក​មួយ​ដែល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ថៃ អាច​បន្ត​ចាញ់​ប្រៀប​បក្ស​សម្ព័ន្ធ​យោធា​នៃ​បក្ស Palang Pracharath និង​បក្ស​ថៃ​រួបរួម​ជាតិ (UTN) ព្រោះតែ​ស្ថាប័ន​ព្រឹទ្ធសភា ២៥០​រូប​ដែល​ពួក​យោធា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៧ នៅតែ​ជា​ឧបសគ្គ​ដ៏​គ្រោះថ្នាក់​នៃ​ការ​កសាង​កម្លាំង​រួម​របស់​អ្នក​ប្រជាធិបតេយ្យ បើ​ស្ថាប័ន​នេះ​នៅតែ​មាន​សិទ្ធិ​ចូលរួម​សម្រេច​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី ក្នុង​ការ​បោះឆ្នោត​របស់​សមាជិក​សភា​ដែល​ជាប់​ឆ្នោត ៥០០​រូប។

បច្ចុប្បន្ន អ្នក​ប្រជាធិបតេយ្យ​កំពុង​គាប​សង្កត់​ឱ្យ​រំលាយ​ស្ថាប័ន​នេះ ឬ​ក៏​កែទម្រង់​ស្ថាប័ន​នេះ​ឡើងវិញ ដោយ​ត្រូវ​រើស​ចេញ​ផ្ទាល់​ពី​សំឡេង​ឆ្នោត​របស់​ប្រជាជន។ មាន​ន័យ​ថា សមាជិក​សភា​ទាំង ២៥០​រូប​ពុំ​អាច​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ចាត់តាំង​ទៀត​ឡើយ។

តែ​សម្រាប់​លោក ប្រាយុទ្ធ បើ​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ម្ដង​ទៀត គឺ​លោក​នឹង​បន្ត​កាន់​តំណែង​បាន ៦​ខែ​ទៀត​ក្រោយ​ការ​បោះឆ្នោត នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ ព្រោះ​ធម្មនុញ្ញ​ថៃ​កំណត់​អ្នក​នយោបាយ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បានតែ ២​អាណត្តិ គឺ​រយៈពេល ៨​ឆ្នាំ។ លោក ប្រាយុទ្ធ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ កំណត់​ថា លោក​បាន​ចូល​កាន់​តំណែង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស