លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

នយោបាយ

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

By ឌឹ ខេមបូឌា ដេលី

January 19, 2023

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា វិញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ពី​ទំនាក់ទំនង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​លោក​សេរី​ឡើងវិញ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​នយោបាយ​អហិង្សា​ផង​ដែរ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ មករា ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​ប្រកាស​កម្ទេច​មិន​ឱ្យ​មាន​ការ​ដឹកនាំ​នយោបាយ​បែប​ជ្រុល​និយម ប៉ុន្តែ​ការ​បិទ​ខ្ទប់ និង​រារាំង​មិន​ផ្តល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា ដែល​ជា​អ្នក​នយោបាយ​អហិង្សា គឺ​ស្មើ​នឹង​លោក ហ៊ុន សែន លើក​ទឹកចិត្ត​ដល់​អ្នក​ដឹកនាំ​នយោបាយ​តាម​បែប​ជ្រុល​និយម​ដូច្នោះ​ដែរ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ លើកឡើង​ថា ការ​ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា ដើម្បី​ឱ្យ​គាត់​អាច​ចូលរួម​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០២៣ នេះ គឺជា​រឿង​ល្អ​ទាំងអស់​គ្នា ទាំង​មុខមាត់​របស់​រដ្ឋាភិបាល មុខមាត់​បក្ស​កាន់​អំណាច និង​ធានា​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​អបអរ​សាទរ​ពី​សហគមន៍​អន្តរជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​មួយ​គួរ​ទុកចិត្ត​បាន​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៧ ខាងមុខ​នេះ។

លោក សារ៉ូ សូវិជ័យ បញ្ជាក់​ថា ការ​ប្រគល់​បក្ស​ប្រឆាំង​ឱ្យ​លោក កឹម សុខា វិញ ក៏​បង្ហាញ​ពី​សីលធម៌​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ ត្បិត​អ្នក​ដឹកនាំ​ប្រទេស​ក្រៅពី​ការ​គោរព​ច្បាប់ ក៏​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​សីលធម៌​ខ្ពស់​ដែរ ព្រោះ​ប្រទេស​កម្ពុជា​ត្រូវការ​អ្នក​នយោបាយ​ចាស់ទុំ ដើម្បី​ចូលរួម​គ្នា​កសាង​ប្រទេស​ជាតិ​ឱ្យ​រីកចម្រើន​ទៅ​មុខ ប៉ុន្តែ​បើ​កម្ពុជា​នៅតែ​បន្ត​នយោបាយ​ដែល​ដឹកនាំ​ឱ្យ​បែកបាក់​ជាតិ​ដូច​សព្វថ្ងៃ​នេះ គឺជា​ហានិភ័យ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក៏​កាន់តែ​ខិត​ជិត​មក​ដល់ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​នៅតែ​បន្ត​ជាប់​រឿង​ក្តី​ក្ដាំ​នៅ​តុលាការ​នៅឡើយ។

អតីត​អ្នកទោស​នយោបាយ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា លើកឡើង​ក្នុង​កម្មវិធី​នេះ​ថា ដើម្បី​ឱ្យ​កម្ពុជា​ធានា​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សិទ្ធិ​បញ្ចេញមតិ និង​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​ពេញលេញ គ្មាន​ជម្រើស​ផ្សេង​ណា​ក្រៅពី​បើក​លំហ​សេរីភាព​ឱ្យ​លោក កឹម សុខា មាន​សិទ្ធិ​ពេញលេញ ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ ព្រោះ​ថា​នេះ​គឺជា​គន្លឹះ​នយោបាយ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​កម្ពុជា​លែង​ជាប់​គាំង​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ទៀត។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា មក​ទល់​នឹង​ពេលនេះ សហគមន៍​អន្តរជាតិ​មិនទាន់​ផ្តល់​ការ​គាំទ្រ​លើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ណា​មួយ​ថា​ជា​គណបក្ស​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ​ទេ ប៉ុន្តែ​អង្គទូត​តំណាង​ប្រទេស​ទាំងនោះ​នៅតែ​បន្ត​ជួប​លោក កឹម សុខា ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ពួកគេ​នៅតែ​មាន​ទំនុក​ចិត្ត និង​ចង់​ឃើញ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​មាន​សេរីភាព​នយោបាយ​ឡើងវិញ ជាពិសេស​គឺ​ការ​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​ទំនាក់ទំនង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Edward J. Markey បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទចោទ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​បើក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដើម្បី​ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ទោះបីជា​រយៈពេល​ជាង ៥​ឆ្នាំ​នៃ​ការ​រឹតត្បិត​សេរីភាព​លោក កឹម សុខា ដោយ​មិនទាន់​អាច​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​ក៏ដោយ ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រួច​ហើយ។ ជាង​នេះ​ទៀត កៅអី​តំណាងរាស្ត្រ​របស់​បក្ស​នេះ​ទាំង ៥៥ និង​កៅអី​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ជាង ៥​ពាន់ ក៏​ត្រូវ​ដកហូត​យក​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ថែម​ទៀត ទាំង​ដែល​ខ្លួន​មិនទាន់​បាន​កាត់ទោស​មេ​បក្ស​របស់​ពួកគេ​ពី​បទល្មើស​ណា​មួយ​នៅឡើយ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​អូស​បន្លាយ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕