33 C
Phnom Penh

ការ​អូស​បន្លាយ​មិន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​គឺ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​កម្មករ​មាន​ស្តង់ដារ​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ការ​អូស​បន្លាយ​មិន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គោរព​សិទ្ធិ​កម្មករ​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា ដែល​មាន​ន័យ​ថា កម្មករ ឬ​សហជីព​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​តែង​ទទួល​បាន​នូវ​ការ​ការពារ ចំណែក​កម្មករ ឬ​សហជីព​ឯករាជ្យ​នឹង​មិន​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល​អ្វី​ទាំងអស់។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​អូស​បន្លាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ មិន​បាន​យកចិត្ត​ទុកដាក់​លើ​កម្មករ​និយោជិត និង​សហជីព​ឯករាជ្យ​នោះ​ឡើយ ហើយ​រូបភាព​នេះ​ក៏​ជា​តឹកតាង​មួយ​បង្ហាញ​ទៅកាន់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ផង​ដែរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​យកចិត្ត​ទុកដាក់ និង​គោរព​សិទ្ធិ​ពលរដ្ឋ​ដូចៗ​គ្នា​ដែរ​ឬ​ក៏​អត់។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើកឡើង​ថា កិច្ចការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជុំវិញ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​សព្វថ្ងៃ​នេះ គ្រាន់តែ​បង្ហាញ​សាធារណជន​ឱ្យ​ឃើញ​ថា ខ្លួន​បាន​ធ្វើ​ការងារ​ជុំវិញ​បញ្ហា​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ពួកគេ​ស្វែងរក​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​នោះ​ទេ។

លោក មឿន តុលា បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ ក្រសួង​ការងារ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​កម្មករ​និយោជិត​ទាំងអស់ ព្រមទាំង​លុប​ចោល​រាល់​បណ្តឹង​ពី​សំណាក់​ក្រុមហ៊ុន​លើ​កម្មករ​ទាំងនោះ​ឡើយ ដែល​នេះ​ទើប​ជា​ដំណោះស្រាយ​ពិតប្រាកដ​ដើម្បី​បញ្ចប់​វិវាទ​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ មករា ម្តង​ទៀត ប៉ុន្តែ​នៅតែ​មិន​អាច​រក​ដំណោះស្រាយ​បាន​ដដែល។

កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ជូនដំណឹង​ថា ភាគី​តំណាង​ក្រុមហ៊ុន​មិន​ទទួល​ឱ្យ​កម្មករ​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ​ឡើយ ខណៈ​ភាគី​តំណាង​កម្មករ​នៅតែ​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគេ​ចូល​ធ្វើការ​វិញ​ដដែល ប៉ុន្តែ​ភាគី​ទាំង​ពីរ​នឹង​បើក​កិច្ចប្រជុំ​ម្តង​ទៀត​នៅ​ពាក់កណ្តាល​ខែ​ក្រោយ ដើម្បី​មាន​ឱកាស​ពិចារណា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក ដែល​នឹង​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បក្ស​កាន់​អំណាច​តែង​យកចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក​គ្រប់​បែប​យ៉ាង ដើម្បី​ផ្តល់​នូវ​កិច្ច​គាំពារ ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ឱ្យ​កាន់តែ​ច្រើន​ជូន​ដល់​កម្មករ​និយោជិត ដើម្បី​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ បង្ក​ឱ្យ​មាន​ភាព​ស្រុះស្រួល​គ្នា និង​ភាព​អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​មិន​ដែល​ចេញ​មុខ​អន្តរាគមន៍​ម្តង​ណា​ឡើយ បើ​ទោះបីជា​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​នាំគ្នា​អំពាវនាវ និង​ស្នើសុំ​ឱ្យ​មាន​ការ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាច្រើនលើក​ច្រើនសា​ហើយ​ក៏ដោយ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់​កម្មករ​និយោជិត​ចំនួន ១៣២៩​នាក់ ក្រោម​មូលហេតុ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​កម្មករ​និយោជិត​អះអាង​ថា ការ​លើកឡើង​របស់​ក្រុមហ៊ុន​គ្រាន់តែ​ជា​លេស​ក្នុង​ចេតនា​ប៉ុនប៉ង​រំលាយ​ក្រុម​សហជីព​ដែល​តែងតែ​ជួយ​ការពារ​សិទ្ធិ​កម្មករ​កន្លងមក​ប៉ុណ្ណោះ។

ការ​បញ្ឈប់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ការ​អនុវត្ត​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ត្បិត​ក្រុមហ៊ុន​ព្យាយាម​បញ្ឈប់​បុគ្គលិក​ដែល​មាន​អតីតភាព​យូរ​ឆ្នាំ តែ​រក្សា​ទុក​បុគ្គលិក​ដែល​មាន​អតីតភាព​ដែល​ទើប​នឹង​បម្រើ​ការងារ ជាពិសេស​ក្រុមហ៊ុន​មាន​ចេតនា​បំផ្លាញ​សហជីព​តែម្តង ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​មាត្រា​៩៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​លេខ​៨៧ និង ៩៨ ព្រមទាំង​បំពាន​ច្បាប់​ការងារ​មាត្រា​២៩៣ និង​ច្បាប់​ស្ដីពី​សហជីព​មាត្រា​៤៣ និង​មាត្រា​៦៧ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស